OpenAI ៖ «Apple ខ្លួនឯងទេដែលជាអ្នកបង្កបញ្ហា» ជុំវិញរឿងក្តីប្តឹងផ្តល់ចោទប្រកាន់ពីការលួចសម្ងាត់ពាណិជ្ជកម្ម
01-09-2026 15:40
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន OpenAI បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងការលួចសម្ងាត់ពាណិជ្ជកម្ម។ នៅក្នុងឯកសារដាក់ជូនតុលាការសហព័ន្ធនៅក្រុង San Jose រដ្ឋ California កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ OpenAI បានបញ្ជាក់ថា វិបត្តិផ្លូវច្បាប់នេះគឺជា «ភាពញ៉េរញ៉ៃដែលកើតចេញពីកំហុសរបស់ Apple ខ្លួនឯង ប៉ុន្តែក្រុមហ៊ុននេះបែរជាព្យាយាមទម្លាក់កំហុសលើអ្នកដទៃទៅវិញ»។
ជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនយក្សទាំងពីរបានផ្ទុះឡើងកាលពីខែកក្កដា ឆ្នាំ២០២៦ នៅពេលដែល Apple បានដាក់ពាក្យប្តឹង OpenAI ព្រមទាំងអតីតបុគ្គលិករបស់ខ្លួន ២ រូប គឺលោក Tang Tan និងលោក Chang Liu។ Apple បានចោទប្រកាន់ថា អតីតបុគ្គលិកទាំងពីររូបបានលួចទិន្នន័យសម្ងាត់ពាក់ព័ន្ធនឹងការរចនាផ្នែករឹង (Hardware Design) ខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ដើម្បីជួយដល់ OpenAI ក្នុងគម្រោងបង្កើតឧបករណ៍ឆ្លាតវៃ (Consumer Hardware) របស់ខ្លួន។ បច្ចុប្បន្ន OpenAI បានទាក់ទាញអតីតបុគ្គលិកពី Apple ជិត ៤០០ នាក់ ឱ្យមកធ្វើការលើគម្រោង Hardware ថ្មី។ OpenAI បានឆ្លើយតបថា ច្បាប់នៃរដ្ឋ California អនុញ្ញាតឱ្យបុគ្គលិកមានសិទ្ធិសេរីភាពពេញលេញក្នុងការផ្លាស់ប្តូរការងារទៅកាន់ក្រុមហ៊ុនគូប្រជែង។
នៅក្នុងការឆ្លើយតបតាមផ្លូវច្បាប់ចុងក្រោយនេះ OpenAI និងអតីតបុគ្គលិកទាំងពីរបានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម៖
- នយោបាយផ្ទៃក្នុង និងនីតិវិធីធូររលុងរបស់ Apple៖ OpenAI បានចង្អុលបង្ហាញថា Apple តែងតែលើកទឹកចិត្តឱ្យបុគ្គលិកប្រើប្រាស់គណនី iCloud ផ្ទាល់ខ្លួនក្នុងការបំពេញការងារ ដែលធ្វើឱ្យមានការលាយឡំរវាងទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យក្រុមហ៊ុន។ លើសពីនេះ នីតិវិធីបញ្ឈប់ការងាររបស់ Apple មានភាពប្រញាប់ប្រញាល់ខ្លាំង ដោយដកហូតសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធភ្លាមៗ ធ្វើឱ្យបុគ្គលិកគ្មានពេលលុបទិន្នន័យ ឬប្រគល់ឯកសាររៀបរយឡើយ។
- ការស្នើសុំជំនួយពីបុគ្គលិកសេសសល់៖ លោក Chang Liu បានបញ្ជាក់ថា ការដែលលោកចូលប្រើប្រាស់ឯកសារមួយចំនួនក្រោយចាកចេញ គឺដោយសារតែបុគ្គលិក Apple ខ្លួនឯងបានទាក់ទងមកលោកជាបន្តបន្ទាប់ ដើម្បីសុំឱ្យជួយស្វែងរកឯកសារ ឬដោះស្រាយបញ្ហាការងារដែលសេសសល់។
- ការប្រគល់ឧបករណ៍ដើមវិញ៖ លោក Tang Tan ដែលធ្លាប់ធ្វើការនៅ Apple អស់រយៈពេល ២៤ ឆ្នាំ បានបញ្ជាក់ថា លោកបានប្រគល់ឧបករណ៍គំរូដើម (Prototypes) ទាំងអស់ជូន Apple វិញរួចរាល់មុនពេលចាកចេញ។
OpenAI បានគូសបញ្ជាក់ជាកំហិតថា៖ «បុគ្គលិកមានសិទ្ធិចាកចេញពីក្រុមហ៊ុនដែលកំពុងជួបការលំបាកក្នុងការអភិវឌ្ឍ AI ដូចជា Apple ទៅកាន់ក្រុមហ៊ុនថ្មី (Startup) ដែលមានភាពច្នៃប្រឌិត។ Apple អាចនឹងមិនពេញចិត្តចំពោះជម្រើសទាំងនេះ ប៉ុន្តែមិនអាចចោទថាវាជាអំពើខុសច្បាប់ ឬយកនីតិវិធីដ៏ធូររលុងរបស់ខ្លួនមកទម្លាក់កំហុសលើអ្នកដទៃបានឡើយ»៕







