ក្រុមហ៊ុន វឌ្ឍនៈ បង្ហាញទំនួលខុសត្រូវចំពោះដៃគូអាជីវកម្ម ខណៈការផ្តល់រង្វាន់តាមក្រវិលកំប៉ុងកាន់តែខិតជិតដល់ពេលបញ្ចប់

01-09-2026 16:44

(ភ្នំពេញ)៖ ក្នុងពេលដែលការផ្តល់រង្វាន់តាមក្រវិលកំប៉ុងកាន់តែខិតជិតដល់ពេលបញ្ចប់ ក្រុមហ៊ុន វឌ្ឍនៈ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវចំពោះដៃគូអាជីវកម្មរបស់ខ្លួន តាមរយៈការចេញ លិខិតបញ្ជាក់ និងផ្តល់ទំនុកចិត្តជាលាយលក្ខណ៍អក្សរ ដើម្បីធានាថា ម្ចាស់ហាងលក់ភេសជ្ជៈដែលបានទិញផលិតផលដោយផ្ទាល់ពីក្រុមហ៊ុន មិនបារម្ភចំពោះការខាតបង់ពាក់ព័ន្ធនឹងក្រវិលរង្វាន់ និងស្តុកផលិតផលដែលមានរង្វាន់របស់ក្រុមហ៊ុនឡើយ។​

ការសម្រេចចិត្តនេះ ត្រូវបានមើលឃើញថា ជាការបង្ហាញពីទំនួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះដៃគូអាជីវកម្ម ជាពិសេសក្នុងអំឡុងពេលដែលមានការផ្លាស់ប្តូរពាក់ព័ន្ធនឹងការផ្តល់រង្វាន់តាមក្រវិលកំប៉ុងដែលនឹងចូលជាធរមានចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។

សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ភាពជាដៃគូមិនមែនមានន័យត្រឹមតែការធ្វើអាជីវកម្មជាមួយគ្នានៅពេលអាជីវកម្មដំណើរការល្អនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវចំពោះគ្នា ការផ្តល់ទំនុកចិត្ត ការមើលថែ និងការចូលរួមដោះស្រាយបញ្ហាជាមួយគ្នា ជាពិសេសនៅពេលប្រឈមនឹងបញ្ហា ឬការលំបាក។

តាមរយៈលិខិតបញ្ជាក់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន វឌ្ឍនៈ ម្ចាស់ហាងលក់ភេសជ្ជៈដែលជាដៃគូអាជីវកម្ម មានភាពកក់ក្តៅ និងមានទំនុកចិត្តថា ក្រុមហ៊ុនមិនទុកឱ្យពួកគេប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងឡើយ ហើយនឹងចូលរួមទទួលខុសត្រូវ និងស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានបញ្ជាក់ថា៖ «ភាពជាដៃគូពិតប្រាកដ មិនមែនគ្រាន់តែរីករាយជាមួយគ្នានៅពេលអាជីវកម្មជោគជ័យនោះទេ ប៉ុន្តែគឺការឈរនៅជាមួយគ្នា ទទួលខុសត្រូវជាមួយគ្នា និងចូលរួមដោះស្រាយបញ្ហាជាមួយគ្នា នៅពេលមានការលំបាក។ នេះគឺជាទំនួលខុសត្រូវដែលក្រុមហ៊ុន វឌ្ឍនៈ ប្រកាន់ខ្ជាប់ចំពោះដៃគូអាជីវកម្ម។​ រង្វាន់អាចបញ្ចប់ ប៉ុន្តែការប្តេជ្ញាចិត្តចំពោះគុណភាព និងភាពជាដៃគូរបស់ វឌ្ឍនៈ នឹងបន្តទៅមុខ»

គុណភាពគឺជាមូលដ្ឋានដែលក្រុមហ៊ុនបានផ្តោតសំខាន់ជាយូរមកហើយសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ។ ផលិតផលរបស់ក្រុមហ៊ុនបានទទួលការវាយតម្លៃ និងការទទួលស្គាល់ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ ព្រមទាំងទទួលបាន មេដាយមាស និងពានរង្វាន់អន្តរជាតិសរុបចំនួន ១០០៕