«សមាគមសិល្បករខ្មែរ» ចុះ MOU ជាមួយក្រុមហ៊ុន «រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក», លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាស​ផ្តល់កញ្ចប់សេវាធានារ៉ាប់រង​អាយុជីវិតដល់អ្នកសិល្បៈ

02-09-2026 10:17

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានប្រកាស​ផ្តល់សេវាធានារ៉ាប់រង​អាយុជីវិតដល់សិល្បករខ្មែរ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាផ្លូវការរវាង​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក និងសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

តាមរយៈ​កិច្ចសហប្រតិបត្តិការនេះ បាន​ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រដល់សិល្បករខ្មែរ ដោយការពង្រីកវិសាលភាព​នៃការទទួលបាន កិច្ចការពារធានារ៉ាប់រងអាយុជីវិត ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការលើកទឹកចិត្តឱ្យមានការរៀបចំផែនការហិរញ្ញវត្ថុក្នុងរយៈពេលវែង។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងជួយសិល្បករ-សិល្បការិនី និងគ្រួសាររបស់ពួកគាត់ ក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ ខណៈដែលពួកគាត់បន្តចូលរួមចំណែកដល់បេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។

លោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក បានថ្លែងថា «សិល្បករ គឺជាបេះដូងនៃវប្បធម៌កម្ពុជា។ តាមរយៈគំនិតច្នៃប្រឌិត និងការលះបង់របស់ពួកគាត់ដែលបានថែរក្សាប្រពៃណី បំផុសគំនិតល្អៗ និងបង្កើតអត្តសញ្ញាណជាតិរបស់យើង។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន យើងជឿជាក់ថា ពួកគាត់ គឺស័ក្តិសមទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ក៏ដូចជាភាពកក់ក្តៅក្នុងចិត្ត។ កិច្ចព្រមព្រៀងដៃគូនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឱ្យសេវាធានារ៉ាប់រងអាយុជីវិតកាន់តែងាយស្រួល ព្រមទាំងគាំទ្រដល់សុខុមាលភាពរយៈពេលវែង ជូនសិល្បករខ្មែរ និងគ្រួសាររបស់ពួកគាត់»

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍​ថា «​ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឡាយហ្វ៍ អ៉ីនសួរេន និងសមាគមសិល្បករខ្មែរ នាពេលនេះមិនមែនគ្រាន់តែជាការចាប់ផ្តើម​ នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពីរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញអំពីឆន្ទៈ និងការ​​ប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមថែរក្សា ការពារ និងលើកកម្ពស់សុខុមាលភាពសិល្បករខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃកម្លាំងវប្បធម៌ និងជាអ្នកតំណាងអត្តសញ្ញាណជាតិខ្មែរ»

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសង្កត់ធ្ងន់ថា «​យើងទាំងអស់គ្នា ត្រូវចងចាំថា ការថែរក្សាសិល្បករ គឺជាការថែរក្សាវប្បធម៌។ ការការពារសិល្បករ គឺជាការការពារអត្តសញ្ញាណជាតិ។ ហើយការវិនិយោគលើសុខុមាលភាពរបស់សិល្បករ គឺជាការវិនិយោគលើអនាគតនៃសិល្បៈ វប្បធម៌ និងព្រលឹងជាតិខ្មែរ»

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន និងសមាគមសិល្បករខ្មែរ នឹងសហការរួមគ្នាដើម្បី៖
* បង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃសេវាធានារ៉ាប់រងអាយុជីវិត និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសិល្បករ និងក្រុមគ្រួសាររបស់ពួកគាត់។
* ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងសមស្របតាមតម្រូវការរបស់សមាជិកសមាគមសិល្បករខ្មែរ។
* អភិវឌ្ឍគំនិតផ្តួចផ្តើមផ្តាច់មុខ សម្រាប់សមាជិកនៃសមាគមសិល្បករខ្មែរ តាមរយៈកម្មវិធីណែនាំបន្ត (Referral Program) ដែលបង្កើតឡើងដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន និងសមាគមសិល្បករខ្មែរ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារកម្ពុជា៕