សហព័ន្ធប្រដាល់សកល ត្រៀមពួតដៃជាមួយ BRICS House ដើម្បីពង្រឹងប្រដាល់សកលអាជីពកម្ពុជា ឈានដល់កម្រិតអន្ដរជាតិ
03-09-2026 09:54
(ភ្នំពញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមពួតដៃជាមួយក្រុមហ៊ុន BRICS House Cambodia ដើម្បីបង្កើតរបត់ថ្មីមួយសម្រាប់វិស័យកីឡាប្រដាល់សកលអាជីពនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងរុញច្រានសមត្ថភាពកីឡាករ-កីឡាការិនីខ្មែរឲ្យឈានដល់កម្រិតអន្តរជាតិ។
នេះបើតាមការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោយជួបពិភាក្សាការងារជាមួយលោក Vladimir Palancica ប្រធាន BRICS House Cambodia ស្តីពីការត្រៀមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាប្រដាល់សកលអាជីពនៅកម្ពុជា និងគាំទ្រក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតជម្រុះ សម្រាប់កីឡាអូឡាំពិក Los Angeles ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក។
លោកថា គម្រោងនៃកិច្ចសហការខាងលើផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ ១-ផ្ដោតលើការអភិវឌ្ឍកីឡាប្រដាល់សកលអាជីពនៅកម្ពុជា បន្ទាប់ពីមើលឃើញពីការខិតខំរបស់សហព័ន្ធ ក្នុងការរៀបចំការប្រកួតប្រដាល់សកលអាជីពប្រចាំខែ ក្រុមហ៊ុនក៏មានឆន្ទៈក្នុងការចូលរួមគាំទ្រ ដើម្បីរៀបចំការប្រកួត ក៏ដូចធ្វើឲ្យការប្រកួតកាន់តែមានលក្ខណៈឈានដល់កម្រិតអន្ដរជាតិ។ ២-ការគាំទ្រអត្តពលិកជម្រើសជាតិកម្ពុជា ត្រៀមឆ្ពោះទៅការប្រកួតជម្រុះកីឡាអូឡាំពិក ឆ្នាំ២០២៨ ដែលគ្រោងនឹងប្រកួតជម្រុះលើកទី១ នៅប៉ាគីស្ថាន និងលើកទី២ នៅចិន នាឆ្នាំ២០២៧ និង ៣-ការពិនិត្យលើគម្រោងរៀបចំការប្រកួតផ្ទាល់របស់ក្រុមហ៊ុន។
ក្នុងនាមក្រុមហ៊ុនដែលវិនិយោគទាំងលើវិស័យអចលនទ្រព្យ វិស័យទេសចរណ៍ ពិសេសតែងចូលរួមយ៉ាងសកម្មក្នុងវិស័យកីឡាផងនោះ លោករំពឹងយ៉ាងមុតមាំលើគម្រោងចុះ MoU រវាងភាគីទាំងពីរ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលអាជីពនៅកម្ពុជា ដ្បិតក្រៅពីគោលបំណងសំខាន់ៗខាងលើ សហព័ន្ធ និងក្រុមហ៊ុន ក៏គ្រោងនឹងរៀបចំការប្រកួត ដោយមានការអញ្ជើញកីឡាករប្រដាល់សកលអាជីពកម្រិតអន្ដរជាតិមកពីរុស្ស៊ី រ៉ូម៉ានី និងបណ្ដាប្រទេសធំៗផ្សេងទៀត ដើម្បីចូលរួមពង្រឹង និងអភិវឌ្ឍន៍ប្រដាល់សកលអាជីពនៅកម្ពុជាកាន់តែផុសផុល និងរីកចម្រើន សម្រាប់ឆ្ពោះទៅរកចក្ខុវិស័យរបស់សហព័ន្ធ គឺការពង្រឹងកីឡាប្រដាល់សកលអាជីពកម្ពុជាឲ្យឈានដល់កម្រិតអន្ដរជាតិផងដែរ។
គួរដឹងថា មុនឈានដល់កិច្ចពិភាក្សាត្រៀមចុះអនុស្សារណៈយោគយល់គ្នានេះ BRICS House ធ្លាប់បានចូលរួមគាំទ្រដល់សហព័ន្ធ ពិសេសក្រុមកីឡាករជម្រើសជាតិកម្ពុជា ជាច្រើនរួចមកហើយ ជាក់ស្ដែងការឧបត្ថម្ភទាំងការហ្វឹកហាត់ និងថវិកា សម្រាប់កាត្រៀម និងចូលរួមការប្រកួតអន្ដរជាតិនានា។ ដោយមើលឃើញពីការគាំទ្រនេះ ទើបសហព័ន្ធបើកកិច្ចប្រជុំ ដើម្បីផ្ដួចផ្ដើមឲ្យមានកិច្ចសហការផ្លូវការ និងបង្ហាញពីការគាំទ្ររបស់ក្រុមហ៊ុន ក៏ជាការត្រៀមតែងតាំងលោក Vladimir Palancica ជាអនុប្រធានគណៈកម្មការប្រដាល់សកលអាជីពកម្ពុជាទៀតផង៕













