ហេតុអ្វី John Ternus ជាជម្រើសដ៏ល្អបំផុតក្នុងការដឹកនាំ Apple បន្តពី Tim Cook?

03-09-2026 12:12

(ភ្នំពេញ)៖ ការប្រកាសផ្លាស់ប្តូរតំណែងនាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុន Apple Inc. មិនត្រឹមតែជាព័ត៌មានធំនៅក្នុងពិភពបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីបានដឹកនាំក្រុមហ៊ុនយ៉ាងត្រចះត្រចង់អស់រយៈពេល ១៥ ឆ្នាំ លោក Tim Cook បានសម្រេចចិត្តចុះចេញពីតំណែងជា CEO ដោយបន្សល់ទុកនូវមរតកហិរញ្ញវត្ថុដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រសាជីវកម្ម នោះគឺការប្រែក្លាយ Apple ពីក្រុមហ៊ុនដែលមានតម្លៃទីផ្សារ (Market Cap) ៣៥០ ពាន់លានដុល្លារ ទៅជាអាណាចក្របច្ចេកវិទ្យាតម្លៃរហូតដល់ ៤ ទ្រីលានដុល្លារ។

នៅក្នុងចំណុចរបត់ដ៏សំខាន់នេះ Apple បានជ្រើសរើស លោក John Ternus ឱ្យឡើងកាន់តំណែងជានាយកប្រតិបត្តិទី ៨ របស់ក្រុមហ៊ុន។ ការសម្រេចចិត្តនេះកើតឡើងចំពេលដែលឧស្សាហកម្មបច្ចេកវិទ្យាកំពុងឆ្លងកាត់ការផ្លាស់ប្តូរយុគសម័យ ពីស្មាតហ្វូន ទៅកាន់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងបរិក្ខារឆ្លាតវៃជំនាន់ក្រោយ។

ខណៈដែលអ្នកវិភាគមួយចំនួនធ្លាប់បានទស្សន៍ទាយពីបេក្ខជនមកពីផ្នែកប្រតិបត្តិការ (Operations) ឬសេវាកម្ម (Services) ការជ្រើសរើសលោក John Ternus ដែលជាអតីតអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្ម Hardware (Senior VP of Hardware Engineering) គឺជាសារយ៉ាងច្បាស់អំពីទិសដៅអនាគតរបស់ Apple។ រូបលោកមិនត្រឹមតែជាអ្នកបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែជា «ស្ពានចម្លង» ដ៏ល្អឥតខ្ចោះដែលរួមបញ្ចូលគ្នារវាង DNA ផ្នែកបង្កើតផលិតផល (Product Innovation) និងស្ថិរភាពសាជីវកម្ម ដើម្បីតម្រង់ទិស Apple ក្នុងសម័យកាលបច្ចេកវិទ្យាថ្មីនេះ។

* ប្រវត្តិ និងបទពិសោធន៍ ២៥ ឆ្នាំក្នុងគ្រួសារ Apple

ការឡើងកាន់តំណែងរបស់លោក John Ternus មិនមែនជាការជ្រើសរើសមនុស្សក្រៅស្រុក ឬជាលទ្ធផលនៃការផ្លាស់ប្តូរភ្លាមៗនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការសម្លៀងសមត្ថភាព និងបទពិសោធន៍ផ្ទាល់ខ្លួនអស់រយៈពេលជាង ២៥ ឆ្នាំនៅក្នុងគ្រួសារ Apple។ លោក Ternus បានចូលរួមជាមួយ Apple តាំងពីឆ្នាំ ២០០១ ដោយចាប់ផ្តើមជាវិស្វករនៅក្នុងក្រុម Product Design។ ការធ្វើការនៅក្នុងក្រុមហ៊ុនជិតមួយភាគបួននៃសតវត្សរ៍នេះ បានធ្វើឱ្យរូបលោកជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវ «DNA របស់ Apple» ចាប់តាំងពីសម័យកាលដ៏រុងរឿងរបស់ Steve Jobs មកម្ល៉េះ។ លោកយល់ច្បាស់ពីរបៀបធ្វើការ ការគិតបែបច្នៃប្រឌិត និងការយកចិត្តទុកដាក់លើរចនាប័ទ្មលម្អិត ដែលជាបេះដូងនៃភាពជោគជ័យរបស់ក្រុមហ៊ុន។

មុនពេលឡើងជា CEO លោកបានកាន់តំណែងជា Senior Vice President ផ្នែក Hardware Engineering ចាប់តាំងពីឆ្នាំ ២០២១។ នៅក្នុងតួនាទីនេះ លោក Ternus បានដឹកនាំក្រុមវិស្វករក្នុងការបង្កើត និងអភិវឌ្ឍផលិតផលសំខាន់ៗជាច្រើនដែលរកចំណូលរាប់ពាន់លានដុល្លារឱ្យ Apple រួមមាន ការអភិវឌ្ឍ iPad គ្រប់ជំនាន់ឱ្យក្លាយជាថេប្លេតលេខ ១ លើពិភពលោក, ការបង្កើត និងពង្រីកត្រកូល AirPods ដែលបានប្រែក្លាយជាអាជីវកម្មកាសឥតខ្សែធំបំផុត និង ការកែប្រែទម្រង់ iPhone ទំនើបៗ និងឧបករណ៍កម្សាន្តផ្សេងៗទៀត។

សមិទ្ធផលដ៏អស្ចារ្យបំផុតមួយដែលបញ្ជាក់ពីសមត្ថភាពដឹកនាំរបស់ Ternus គឺការដឹកនាំការផ្លាស់ប្តូរស្ថាបត្យកម្មកុំព្យូទ័រ Mac ដោយដកចេញនូវបន្ទះឈីប Intel ហើយជំនួសមកវិញនូវ Apple Silicon (M-Series Chips)។ ការផ្លាស់ប្តូរនេះត្រូវបានចាត់ទុកជាបដិវត្តន៍ដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ Hardware ដែលមិនត្រឹមតែបង្កើនប្រសិទ្ធភាព និងថាមពលរបស់ Mac យ៉ាងសម្បើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញច្រានចំណូលផ្នែក Mac ឱ្យលោតផ្លោះយ៉ាងខ្លាំងក្លា។

* មូលហេតុចម្បងដែល Ternus ជា «ជម្រើសដ៏ល្អបំផុត»

ការបោះឆ្នោតជាឯកច្ឆន្ទពីក្រុមប្រឹក្សាភិបាលឱ្យលោក John Ternus ឡើងកាន់តំណែងជានាយកប្រតិបត្តិ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាផ្អែកលើកត្តាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣៖
- ការត្រឡប់ទៅរកយុគសម័យផ្តោតលើផលិតផល៖ លោក Tim Cook គឺជាអ្នកជំនាញខាងប្រតិបត្តិការ និងខ្សែច្រវាក់ផ្គត់ផ្គង់ (Operations & Supply Chain Expert) ដែលបានជួយពង្រីកទ្រង់ទ្រាយអាជីវកម្ម និងបង្កើនចំណេញឱ្យ Apple ដល់កម្រិតកំពូល។ ប៉ុន្តែសម្រាប់អនាគត Apple ត្រូវការអ្នកដឹកនាំដែលមាន DNA ជាអ្នកបង្កើតផលិតផលផ្ទាល់ ដូចសម័យ Steve Jobs។ ក្នុងនាមជាវិស្វករគ្រឿងយន្ត (Mechanical Engineer) លោក Ternus យល់ច្បាស់ពីសិល្បៈនៃការបង្កើត Hardware និងបទពិសោធន៍ប្រើប្រាស់របស់អតិថិជន។ ការដឹកនាំរបស់លោកនឹងធ្វើឱ្យ Apple ផ្តោតលើការបង្កើត «Breakout Products» ជំនាន់ថ្មីដែលនឹងមកផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។
- សមត្ថភាពស្ពានចម្លងរវាង Hardware និង AI (Apple Intelligence)៖ បច្ចេកវិទ្យា AI (ដូចជា Apple Intelligence) មិនអាចដើរដោយរលូនបានទេ ប្រសិនបើគ្មានគ្រឹះ Hardware និងបន្ទះឈីបដែលមានសមត្ថភាពខ្ពស់។ ក្នុងនាមជាអ្នកនៅពីក្រោយជោគជ័យនៃ Apple, លោក Ternus យល់ច្បាស់ពីស្ថាបត្យកម្ម Memory និង Processing Power ដែលចាំបាច់សម្រាប់ការរត់ AI នៅលើឧបករណ៍ផ្ទាល់ (On-device AI)។ សមត្ថភាពនេះធ្វើឱ្យលោកក្លាយជាមេដឹកនាំដ៏ស័ក្តិសមបំផុតក្នុងការទាញយកកម្លាំង Hardware មកបំរើឱ្យយុទ្ធសាស្ត្រ AI ដើម្បីប្រកួតប្រជែងជាមួយគូប្រជែង។
- ការទទួលបានទំនុកចិត្ត និងការបង្រួបបង្រួមផ្ទៃក្នុង៖ Ternus ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដែលមានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងទទួលបានការគោរពយ៉ាងខ្លាំងពីក្រុមការងារគ្រប់ផ្នែក។ លោកមានសមត្ថភាពខ្ពស់ក្នុងការធ្វើការសម្របសម្រួលរវាងក្រុមវិស្វករ Hardware, ក្រុម Software, ក្រុម Design (ដែលលោកបានចូលគ្រប់គ្រងផ្ទាល់នាពេលថ្មីៗនេះ) និងក្រុម Operations ដើម្បីប្រាកដថា គ្រប់ផលិតផលទាំងអស់ត្រូវតែចេញមកឥតខ្ចោះ។

* កញ្ចប់ទំនុកចិត្ត និងការរៀបចំអន្តរកាល

ដើម្បីធានាថាការផ្ទេរអំណាចប្រព្រឹត្តទៅដោយរលូន និងមានស្ថិរភាពខ្ពស់បំផុត ក្រុមហ៊ុន Apple បានរៀបចំកញ្ចប់ផលប្រយោជន៍ និងទម្រង់គ្រប់គ្រងអន្តរកាលយ៉ាងល្អិតល្អន់សម្រាប់នាយកប្រតិបត្តិថ្មីរូបនេះ។​ យោងតាមឯកសារ 8-K ដែល Apple បានដាក់ជូនអាជ្ញាធរត្រួតពិនិត្យមូលបត្រអាមេរិក (SEC) កញ្ចប់ប៉ះប៉ូវសម្រាប់លោក John Ternus ត្រូវបានរចនាឡើងដើម្បីភ្ជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកទៅនឹងជោគជ័យរយៈពេលវែងរបស់ក្រុមហ៊ុន ដោយទទួលបានប្រាក់ខែគោល ៣លានដុល្លារក្នុងមួយឆ្នាំ, កញ្ចប់ Equity Award សម្រាប់ឆ្នាំ ២០២៧ (ជាសំណង ឬប្រាក់រង្វាន់ដែលក្រុមហ៊ុនផ្តល់ឱ្យបុគ្គលិក ឬនាយកក្រុមហ៊ុន ជាទម្រង់ភាគហ៊ុន ឬសិទ្ធិទិញភាគហ៊ុន ជំនួសឱ្យការផ្តល់ជាសាច់ប្រាក់សុទ្ធ) ដោយលោក John Ternus ទទួលបានប្រហែលជា ៥៥លានដុល្លារ​អាមរិក ក្នុងនោះ មាន ភាគហ៊ុន ៧៥% ស្មើនឹង ៤១.២៤ លានដុល្លារ ប៉ុន្តែមិនមែនបានមកដោយគ្រាន់តែធ្វើការគ្រប់ឆ្នាំនោះទេ។ វាអាស្រ័យទាំងស្រុងលើ «លទ្ធផលការងារ ឬសមត្ថភាពរបស់ក្រុមហ៊ុន» ចំណែក ភាគហ៊ុន ២៥% ស្មើនឹង ១៣.៧៥លានដុល្លារ គឺពឹងផ្អែកលើពេលវេលា។ វាមានន័យថា ឱ្យលោក បន្តធ្វើការនៅក្នុងក្រុមហ៊ុនរហូតដល់ផុតរយៈពេលកំណត់ (ឧទាហរណ៍៖ រហូតដល់ឆ្នាំ ២០២៧ ឬ ២០២៨) នោះលោកនឹងទទួលបានភាគហ៊ុនផ្នែកនេះដោយស្វ័យប្រវត្តិ ដោយមិនខ្វល់ថា ភាគហ៊ុនឡើង ឬចុះខ្លាំងនោះឡើយ។

ការធ្លាក់ចុះនៃក្រុមហ៊ុនធំៗជាច្រើនជារឿយៗកើតចេញពីការផ្ទេរអំណាចភ្លាមៗ ឬមានភាពរកាំរកូស ប៉ុន្តែ Apple បានចៀសវាងបញ្ហានេះ។ លោក Tim Cook មិនបានចាកចេញពី Apple ទាំងស្រុងនោះទេ ប៉ុន្តែលោកបានផ្លាស់ទៅកាន់តំណែងជា Executive Chairman (ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល)។ ការរក្សា Tim Cook ក្នុងតំណែងនេះ ជួយឱ្យ Ternus មានទីប្រឹក្សាយុទ្ធសាស្ត្រដ៏រឹងមាំលើផ្នែកទំនាក់ទំនងរដ្ឋាភិបាល ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកិច្ចការវិនិយោគិន ខណៈដែល Ternus អាចផ្តោតអារម្មណ៍ពេញទំហឹងលើការអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យា។

* ប្រឈមមុខ និងបេសកកម្មអនាគត

ទោះបីជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមប្រឹក្សាភិបាល និងបុគ្គលិកក៏ដោយ ការឡើងកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុនដែលមានតម្លៃទីផ្សារជាង ៤.៦ ទ្រីលានដុល្លារ មិនមែនជាការងារងាយស្រួលនោះទេ។ លោក John Ternus ត្រូវប្រឈមមុខនឹងបេសកកម្ម និងប្រធានបទសាកល្បងធំៗចំនួន៖
- ទី១គឺជា សមរភូមិប្រកួតប្រជែង AI និងការរៀបចំ Siri ឡើងវិញ៖ ឧស្សាហកម្មបច្ចេកវិទ្យាកំពុងរត់ក្នុងល្បឿនលឿនលើផ្នែក Generative AI ជាមួយគូប្រជែងដូចជា Google, Microsoft, និង OpenAI។ Ternus ត្រូវរុញច្រាន Apple Intelligence និងប្រព័ន្ធ Siri ជំនាន់ថ្មីឱ្យដើរមុខគេលើទីផ្សារ ដោយធ្វើឱ្យការប្រើប្រាស់ AI នៅលើ Hardware (On-device AI) ឆ្លាតវៃជាងមុន។ ការអភិវឌ្ឍនេះត្រូវតែធ្វើឡើងដោយមិនប៉ះពាល់ដល់ឯកជនភាព (Privacy) របស់អតិថិជនឡើយ។
- ទី២គឺជា ការបង្កើតទម្រង់ Hardware ថ្មីៗ៖ ទីផ្សារស្មាតហ្វូនរាងសំប៉ែតធម្មតាចាប់ផ្តើមឆ្អែត ហើយអ្នកប្រើប្រាស់រំពឹងចង់ឃើញរូបរាងថ្មី។ ក្នុងនាមជាអ្នកជំនាញ Hardware, លោក Ternus ត្រូវដឹកនាំការបញ្ចេញឧបករណ៍ទម្រង់ថ្មីៗ រួមមាន iPhone អេក្រង់បត់បាន (Foldable iPhone) និងការអភិវឌ្ឍបន្តលើឧបករណ៍ Vision Pro ឱ្យកាន់តែស្រាល មានតម្លៃសមរម្យ និងមានភាពទាក់ទាញខ្លាំងជាងមុន។
- ទី៣គឺសម្ពាធពីទីផ្សារភាគហ៊ុន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល់៖ ការរក្សា និងពង្រីកតម្លៃទីផ្សារដែល Tim Cook បានសាងសង់មក គឺជាសម្ពាធដ៏ធំពីសំណាក់វិនិយោគិន។ Ternus ត្រូវប្រាកដថា ការលក់ iPhone, Mac និងសេវាកម្មផ្សេងៗ នៅតែបន្តរក្សាបាននូវកំណើនខ្ពស់ ខណៈដែលលោកធ្វើការរួមគ្នាជាមួយ Tim Cook (ក្នុងតំណែង Executive Chairman) លើកិច្ចការទំនាក់ទំនងអន្តរជាតិ។

សរុបមកការផ្លាស់ប្តូរតំណែងជានាយកប្រតិបត្តិនៅ Apple មិនមែនគ្រាន់តែជាការប្តូរមនុស្សជាន់ខ្ពស់នៅក្នុងការិយាល័យនោះទេ ប៉ុន្តែវាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់អាណាចក្របច្ចេកវិទ្យាតម្លៃ ៤.៦ ទ្រីលានដុល្លារមួយនេះ។ John Ternus មិនត្រឹមតែជានាយកប្រតិបត្តិថ្មីដែលបន្តវេនពីមរតកដ៏អស្ចារ្យរបស់ Tim Cook ប៉ុណ្ណោះទេ ប៉ុន្តែរូបលោកគឺជា «មេដឹកនាំដែលចំពេលវេលាបំផុត»។

តាមរយៈបទពិសោធន៍ផ្ទាល់ជាង ២៥ ឆ្នាំក្នុងការច្នៃប្រឌិត Hardware ដ៏លេចធ្លោ ការយល់ដឹងយ៉ាងស៊ីជម្រៅលើគ្រឹះបន្ទះឈីប Apple Silicon និងសមត្ថភាពក្នុងការភ្ជាប់ទំនាក់ទំនងរវាង Hardware និង Artificial Intelligence លោក Ternus នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រាន Apple ឱ្យបន្តដើរមុខគេក្នុងពិភពបច្ចេកវិទ្យា។ ការផ្លាស់ប្តូរនេះបង្ហាញថា Apple កំពុងត្រឡប់ទៅរក DNA ស្នូលរបស់ខ្លួន នោះគឺការផ្តោតលើការបង្កើត «ផលិតផលដែលផ្លាស់ប្តូរពិភពលោក» ដោយមានភាពស្ងប់ស្ងាត់ និងការសហការគ្នាយ៉ាងរឹងមាំពីផ្ទៃក្នុង។

ខាងក្រោមនេះគឺជាបញ្ជីនាយកប្រតិបត្តិ (CEO) ទាំង ៨ រូបរបស់ Apple៖
- Michael Scott ឆ្នាំ ១៩៧៧ ជា CEO ដំបូងគេ ដែលត្រូវបានជ្រើសរើសដើម្បីផ្តល់រចនាសម្ព័ន្ធគ្រប់គ្រងដល់ Apple កាលនៅក្មេងខ្ចី។
- Mike Markkula ឆ្នាំ ១៩៨១ ជាអ្នកវិនិយោគទុនដំបូង និងជាអ្នកជួយជ្រោមជ្រែង Apple ឲ្យក្លាយជាក្រុមហ៊ុនផ្លូវការ។
- John Sculley ឆ្នាំ ១៩៨៣ ជាអតីតប្រធានក្រុមហ៊ុន PepsiCo ដែលត្រូវបាន Steve Jobs អញ្ជើញមកដឹកនាំ ប៉ុន្តែក្រោយមកមានទំនាស់រហូតដក Jobs ចេញ។
- Michael Spindler ឆ្នាំ ១៩៩៣ ជាអ្នកដឹកនាំក្រុមហ៊ុនក្នុងសម័យកាលប្រកួតប្រជែងខ្លាំងជាមួយ Windows PC និងការធ្លាក់ចុះភាគហ៊ុន។
- Gil Amelio ឆ្នាំ ១៩៩៦ ជាអ្នកកាន់តំណែងរយៈពេលខ្លី ប៉ុន្តែជាអ្នកសម្រេចចិត្តទិញយក NeXT ដែលជាដើមហេតុនាំយក Steve Jobs ត្រឡប់មកវិញ។
- Steve Jobs ឆ្នាំ ១៩៩៧ ជាសហស្ថាបនិកដែលបានត្រឡប់មកស្រោចស្រង់ Apple ឲ្យរស់ឡើងវិញជាមួយ iPhone, iPad, iPod និង Mac ។
- Tim Cook ឆ្នាំ ២០១១ ជាអ្នកជំនាញខាង​បណ្ដាញផ្គត់ផ្គង់ (Supply Chain) ដែលបានប្រែក្លាយ Apple ទៅជាអាណាចក្រដែលមានតម្លៃ ជាង ៤ ទ្រីលានដុល្លារ។
- John Ternus ឆ្នាំ ២០២៦ ជាអតីត Senior VP ផ្នែក Hardware Engineering ដែលឡើងមកដឹកនាំ Apple ក្នុងយុគសម័យ AI និងបច្ចេកវិទ្យាជំនាន់ក្រោយ។