* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

របាយការណ៍ UNICEF៖ កុមារប្រមាណ ២០ លាននាក់រងគ្រោះដោយការបំពារបំពានផ្លូវភេទតាមអុីនធឺណិតក្នុងរយៈពេលមួយឆ្នាំ

03-09-2026 13:10

(ហ្សឺណែវ)៖ អង្គការមូលនិធិដើម្បីកុមារនៃអង្គការសហប្រជាជាតិ (UNICEF) បានចេញផ្សាយរបាយការណ៍សិក្សាដ៏ធំមួយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានរកឃើញថា កុមារប្រើប្រាស់អ៊ីនធឺណិតប្រមាណ ២០ លាននាក់ នៅក្នុងប្រទេសចំនួន ២១ ធ្លាប់បានរងគ្រោះដោយការកេងប្រវ័ញ្ច ឬការបំពារបំពានផ្លូវភេទតាមប្រព័ន្ធឌីជីថល ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។

តាមរយៈការអង្កេតលើកុមារចំនួន ២១,០០០ នាក់ (អាយុពី ១២ ដល់ ១៧ ឆ្នាំ) នៅក្នុងតំបន់អាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងអឺរ៉ុបខាងកើត ចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ UNICEF រកឃើញថា កុមារច្រើនជាង ១ នាក់ ក្នុងចំណោម ៥ នាក់ ធ្លាប់បានជួបប្រទះទម្រង់បំពារបំពានផ្លូវភេទតាមអុីនធឺណិតយ៉ាងហោចណាស់មួយលើក។

ប្រមាណ ១៥ លាននាក់ ត្រូវបានគេបង្ខំឱ្យមើល ឬផ្ញើខ្លឹមសារផ្លូវភេទដែលពួកគេមិនចង់បាន។ ប្រមាណ ៩ លាននាក់ ត្រូវបានគេដាក់សម្ពាធឱ្យចូលរួមក្នុងការសន្ទនាផ្លូវភេទ ឬចែករំលែករូបភាពអាសអាភាស។ ប្រមាណ ៤ លាននាក់ ត្រូវគេយកជម្រិត ឬចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រម។ ជិត ៦០% នៃករណីបំពារបំពានបានកើតឡើងនៅលើបណ្តាញសង្គមល្បីៗ រួមមាន Facebook, WhatsApp, Instagram, Snapchat និង TikTok និង ១៤% ទៀតកើតឡើងនៅក្នុងហ្គេមអុីនធឺណិត (Online Gaming)។

ជាង ៥០% នៃករណីបំពារបំពាន គឺជាមនុស្សដែលកុមារស្គាល់ស្រាប់ (ដូចជា មិត្តភក្តិ សាច់ញាតិ ឬគូស្នេហ៍) និង ៣៨% ទៀត គឺជាជនចម្លែកដែលកុមារបានស្គាល់ដំបូងតាមអុីនធឺណិត ហើយតិចជាង ១% នៃករណីបំពារបំពានប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ទៅកាន់អាជ្ញាធរ បុគ្គលិកសង្គមកិច្ច ឬប្រព័ន្ធជំនួយ (Helpline)។

របាយការណ៍នេះក៏បានព្រមានអំពីគ្រោះថ្នាក់ដែលកើនឡើងពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយប៉ាន់ប្រមាណថា មានកុមារប្រមាណ ១.១ លាននាក់ នៅក្នុងប្រទេសចំនួន ៩ បានក្លាយជាជនរងគ្រោះនៃការបង្កើតរូបភាព ឬវីដេអូអាសអាភាសក្លែងក្លាយ (Deepfake AI) ដែលយកទម្រង់មុខរបស់ពួកគេទៅប្រឌិត។

លោកស្រី Catherine Russell នាយិកាប្រតិបត្តិនៃ UNICEF បានគូសបញ្ជាក់ថា៖ «កុមារដែលរងគ្រោះដោយការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធបច្ចេកវិទ្យា មានប្រូបាប៊ីលីតេខ្ពស់ជាងកុមារទូទៅរហូតដល់ ៤ ដង ក្នុងការមានគំនិតចង់សម្លាប់ខ្លួន ឬធ្វើបាបខ្លួនឯង ព្រមទាំងប្រឈមមុខនឹងវិបត្តិផ្លូវចិត្ត និងភាពតានតឹងយ៉ាងធ្ងន់ធ្ងរ»៕