ក្រុមវិស្វករប្រើប្រាស់ WhatsApp ដើម្បីតម្រង់ទិសប្រតិបត្តិការសង្គ្រោះជនរងគ្រោះពីទឹកជំនន់នៅនេប៉ាល់
04-09-2026 10:23
(បរទេស)៖ ក្រុមអ្នកជំនាញ និងវិស្វករមួយក្រុមធំបាននិងកំពុងប្រើប្រាស់ក្រុមជែក (Group Chat) លើកម្មវិធី WhatsApp ដើម្បីជួយតម្រង់ទិសដល់ក្រុមសង្គ្រោះក្នុងការស្វែងរកមនុស្ស ដែលអាចនៅរស់រានមានជីវិត នៅក្នុងរូងក្រោមដីនៃរោងចក្រវារីអគ្គិសនីដែលត្រូវបំផ្លិចបំផ្លាញ ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសនេប៉ាល់។
យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាក្រុមជជែក WhatsApp នេះត្រូវបានបង្កើតឡើងដោយក្រុមវិស្វករ តាំងពីមុនពេលមានជំនន់ទឹកភ្លៀង ភក់ និងថ្ម បានបោកបក់កាត់ផ្លូវទឹក Trishuli ក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី ២៦ ខែសីហា មកម៉្លេះ។ មកទល់ពេលនេះ បណ្តាញទំនាក់ទំនងមួយនេះ បានប្រែក្លាយជាឧបករណ៍ដ៏មានតម្លៃបំផុតមួយ រួមជាមួយឧទ្ធម្ភាគចក្រ និងគ្រឿងចក្រធុនធ្ងន់ ក្នុងការប្រញាប់ប្រញាល់ស្វែងរកអ្នករស់រានមានជីវិត។ អាជ្ញាធរនេប៉ាល់បានសម្តែងក្តីសង្ឃឹមថា មនុស្សប្រមាណ ៩០០នាក់ ដែលបានរាយការណ៍ថាបាត់ខ្លួន នៅតាមរោងចក្រវារីអគ្គិសនីចំនួន ៦កន្លែង ប្រហែលជាអាចគេចផុតពីគ្រោះថ្នាក់ ដោយសារតែពួកគេកំពុងធ្វើការ ឬបានរត់ភៀសខ្លួនចូលទៅក្នុងរូងក្រោមដីនៃរោងចក្រទាំងនោះ។
អំឡុងពេលនៃការស្វែងរកដ៏ប្រញាប់ប្រញាល់នេះ មន្ត្រីរដ្ឋាភិបាលបានផ្ញើសារសុំជំនួយតាមរយៈ WhatsApp ដើម្បីសុំប្លង់បច្ចេកទេស និងគំនូរប្លង់ស្ថាបត្យកម្មនៃរោងចក្រ (ដូចជារោងចក្រ Chilime ជាដើម)។ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ សមាជិកក្នុងក្រុម WhatsApp ដែលជាវិស្វករបានផ្ញើប្លង់លម្អិតនៃរូងក្រោមដី និងច្រកចេញចូលភ្លាមៗ ដែលជួយឱ្យកងកម្លាំងសង្គ្រោះអាចកំណត់ទីតាំងច្រកចូលរូងក្រោមដីដែលត្រូវដីបាក់បិទជិតបានយ៉ាងច្បាស់លាស់។ បន្ថែមពីនេះ ក្រុមវិស្វករ និងអ្នកជំនាញក៏បានប្រើប្រាស់បណ្តាញនេះ ដើម្បីចែករំលែកឈ្មោះ និងលេខទូរស័ព្ទរបស់អ្នកធ្វើការដែលបាត់ខ្លួន ទៅកាន់មន្ត្រីរដ្ឋាភិបាល ដើម្បីសម្រួលដល់ការស្វែងរកទីតាំងចុងក្រោយ (Last recorded location) តាមរយៈប្រព័ន្ធទូរគមនាគមន៍ផងដែរ។
គួរបញ្ជាក់ផងដែរថា គ្រោះមហន្តរាយបាក់ដី និងទឹកជំនន់ភ្លាមៗនេះ ត្រូវបានគេជឿថាបណ្តាលមកពីការបាក់ផ្ទាំងទឹកកកនៅលើភ្នំ និងបានសម្លាប់មនុស្សអស់ជាច្រើនរយនាក់ និងបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីរបស់ប្រទេសនេប៉ាល់។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ ដោយមានការចូលរួមពីកងទ័ពនេប៉ាល់ ក្រុមសង្គ្រោះ និងការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសពីប្រទេសជិតខាងដូចជា ចិន និងឥណ្ឌា ផងដែរ៕










