អតីតកីឡាករជម្រើសជាតិ ឈិន ឈឿន ថា ការប៉ះក្រុមខ្លាំង មិនផ្ដោតត្រឹមលទ្ធផល តែជាមេរៀនដ៏មានតម្លៃ

04-09-2026 11:19

(ភ្នំពេញ)៖ ការប្រកួតតទល់នឹងក្រុមខ្លាំង មិនមែនផ្ដោតតែលើលទ្ធផលឈ្នះ ឬចាញ់នោះទេ ប៉ុន្តែវាគឺជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃបំផុតសម្រាប់កីឡាករ ពិសេសយុវជនក្នុងការអភិវឌ្ឍសមត្ថភាពទៅថ្ងៃអនាគត ដើម្បីសម្រេចក្ដីស្រមៃខ្លួនចង់បាន។ នេះគឺជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោក ឈិន ឈឿន ក្រោយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា រងបរាជ័យដោយលទ្ធផល ៨-០ ក្នុងជំនួបទល់ក្រុមខ្លាំង U20 ជប៉ុន ក្នុងវគ្គជម្រុះពូល G នៃពានរង្វាន់ AFC U20 Asian Cup China 2027 កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។

អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើ បានបង្ហោះសារបង្កប់ដោយអត្ថន័យលើបណ្ដាញសង្គមរបស់ខ្លួនថា ថ្វីដ្បិតលទ្ធផលក្រុមយុវជន U20 កម្ពុជា បានចាញ់ក្នុងចំនួនគ្រាប់បាល់ច្រើនក៏ដោយ ប៉ុន្តែអ្វីដែលលោកមើលឃើញ គឺកីឡាករទាំងអស់គ្នាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងតស៊ូរហូតដល់ចប់ការប្រកួត ដើម្បីប្រទេសជាតិ។ ក្នុងនាមជាអតីតកីឡាករម្នាក់ ដែលធ្លាប់ពាក់អាវក្រុមជម្រើសជាតិកម្ពុជាផ្ទាល់ លោកយល់ច្បាស់ថា ការចូលលេងក្នុងជម្រើសជាតិ និងការឈរនៅលើទីលានតំណាងឲ្យប្រទេសកម្ពុជា គឺជាមោទនភាពដ៏ធំមួយ ប៉ុន្តែក៏ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរផងដែរ។

ឈិន ឈឿន បានសង្កត់ធ្ងន់ថា «យើងត្រូវទទួលស្គាល់ការពិតថា បើនិយាយពីប្រទេសជប៉ុន ភាពរីកចម្រើន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបណ្តុះបណ្តាល ការគ្រប់គ្រង និងការយល់ដឹងអំពីវិស័យបាល់ទាត់របស់ពួកគេ បានដើរមុនយើងឆ្ងាយណាស់។ ប៉ុន្តែការប្រកួតជាមួយក្រុមខ្លាំង មិនមែនមានតម្លៃត្រឹមតែលទ្ធផលលើតារាងពិន្ទុនោះទេ។ វាគឺជាមេរៀនដ៏មានតម្លៃសម្រាប់យើង ដើម្បីដឹងថា យើងនៅឯណា ហើយត្រូវខិតខំប៉ុណ្ណាទៀត ដើម្បីទៅដល់កម្រិតដែលយើងចង់បាន»

ជាមួយគ្នាលោកក៏បានរំឮកពីអតីតកាលរបស់ខ្លួនកាលជាកីឡាករម្នាក់ នៃក្រុមជម្រើសជាតិ U16 កម្ពុជា កាលពីឆ្នាំ២០០៧ ដែលបានលេងវគ្គជម្រុះពានយុវជនអាស៊ី ក្នុងពូល F ទល់នឹងជប៉ុន ឥណ្ឌូនេស៊ី វៀតណាម ហុងកុង និងឡាវ ដោយលើកយកលទ្ធផលការប្រកួតទល់ក្រុម U16 ជប៉ុន ហើយកម្ពុជា បានចាញ់ក្នុងលទ្ធផល ៧-០។

អតីតកីឡាកររហស្សនាម «ឆាលី១២៥» បន្ដថា «ខ្ញុំចាំបានថា បន្ទាប់ពីការប្រកួតនោះ ខ្ញុំបានសួរខ្លួនឯងថា៖ ហេតុអ្វីបានជាគេល្អម្ល៉េះ? ហេតុអ្វីបានជាគេលេងលឿនម្ល៉េះ? ជាការពិត ១៩ឆ្នាំគឺជារយៈពេលដ៏យូរ ប៉ុន្តែបាល់ទាត់មិនអាចកសាងបានក្នុងរយៈពេលខ្លីនោះទេ។ វាត្រូវការការចូលរួមពីគ្រប់ភាគី និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ជាច្រើនឆ្នាំ។ កម្ពុជាយើងក៏អាចធ្វើបានដែរ។ ថ្ងៃណាមួយ កម្ពុជានឹងអាចឈរនៅកម្រិតដែលយើងស្រមៃចង់បាន»

«ដូច្នេះសូមកុំបាក់ទឹកចិត្តចំពោះលទ្ធផលចាញ់នៅថ្ងៃនេះ។ លទ្ធផលអាចបាត់ទៅ ប៉ុន្តែមេរៀននៅតែស្ថិតនៅជាមួយយើង។ សូមប្អូនៗ U20 ទាំងអស់គ្នាបន្តខិតខំ បន្តរៀនសូត្រ បន្តកែលម្អខ្លួនឯង និងកុំបោះបង់ក្តីស្រមៃ។ ខ្ញុំធ្លាប់ឈរនៅកន្លែងដែលប្អូនៗកំពុងឈរនៅថ្ងៃនេះ។ ខ្ញុំដឹងថា ការចាញ់អាចធ្វើឲ្យយើងឈឺចាប់ ប៉ុន្តែវាក៏អាចក្លាយជាកម្លាំងជំរុញឲ្យយើងកាន់តែរឹងមាំ ប្រសិនបើយើងយកវាជាមេរៀន។ ព្រោះអ្នកទាំងអស់គ្នា មិនមែនកំពុងលេងដើម្បីខ្លួនឯងតែម្នាក់ទេ...អ្នកកំពុងលេង ដើម្បីទង់ជាតិ ដើម្បីប្រទេសជាតិ និងដើម្បីក្តីស្រមៃរបស់បាល់ទាត់កម្ពុជា។ បាល់​ទាត់ជាបេះដូងរបស់ខ្ញុំ»។ នេះជាសារលើកទឹកចិត្តដ៏មានន័យពីរាមច្បង ឈិន ឈឿន។

គួរដឹងថា ទោះបីរងបរាជ័យយ៉ាងដំណំទល់ក្រុមខ្លាំងជប៉ុន តែក្រុមគោព្រៃជំទង់កម្ពុជា នៅតែមានឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC U20 Asian Cup China 2027 តាមរយៈការនៅសល់ ១ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមជម្រើសជាតិ U20 កូវ៉ែត នាថ្ងៃទី០៦ ខែកញ្ញាខាងមុខ។ ការប្រកួតបញ្ចប់ពូលនេះ ម្ចាស់ផ្ទះកម្ពុជាត្រូវការជ័យជម្នះ ដើម្បីមានឱកាសប្រជែងលេខ២ ល្អជាងគេ ជាមួយក្រុមលេខ២ នៃបណ្ដាពូលផ្សេងៗ ដ្បិតក្រុមលេខ២ ល្អជាងគេ ៧ក្រុម នឹងទទួលបានសំបុត្រយន្ដហោះទៅលេងជុំផ្ដាច់ព្រ័ត្រនៅចិន នាឆ្នាំ២០២៧ ជាមួយក្រុមកំពូលតារាង។ បច្ចុប្បន្ន U20 កម្ពុជា កំពុងឈរលេខ២ និងមាន ៣ពិន្ទុ ស្មើយេម៉ែន ខណៈក្រុមយុវជនជប៉ុន ឈរកំពូលតារាងរកបាន ៦ពិន្ទុ៕