បែកធ្លាយបច្ចេកវិទ្យាកំពូលៗលើ iPhone 18 Pro និងស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Apple មុនថ្ងៃប្រកាសផ្លូវការសប្តាហ៍ក្រោយ
04-09-2026 11:41
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានរំពឹងថានឹងប្រកាសបង្ហាញជាផ្លូវការនូវត្រកូលស្មាតហ្វូនកំពូលជំនាន់ថ្មី iPhone 18 Pro, iPhone 18 Pro Max ព្រមទាំងស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ខ្លួន (អាចមានឈ្មោះថា iPhone Ultra) នៅក្នុងព្រឹត្តិការណ៍រដូវស្លឹកឈើជ្រុះប្រចាំឆ្នាំ នាថ្ងៃពុធ ទី៩ ខែកញ្ញា ខាងមុខនេះ ក្រោមប្រធានបទ «Surprise and shine»។ តាមប្រភពព័ត៌មានលេចធ្លាយបានឱ្យដឹងថា ការបើកទទួលការកក់ទុកមុន (Pre-order) នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន MacRumors នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។
ខាងក្រោមនេះជាបច្ចេកវិទ្យា និងការកែប្រែសំខាន់ៗដែលត្រូវបានរំពឹងថានឹងមាននៅលើ iPhone 18 Pro៖
- រចនាបថ និងអេក្រង់៖ តួខ្លួនខាងក្រោយប្រើប្រាស់បច្ចេកវិទ្យាផ្គុំថ្មី រលូនគ្មានតំណរវាងកញ្ចក់ និងក្របអាលុយមីញ៉ូម។ Dynamic Island មានទំហំតូចជាងមុនដោយសារការបង្កប់ Face ID ក្រោមអេក្រង់ ព្រមទាំងបំពាក់អេក្រង់ LTPO+ ជំនាន់ថ្មីពី Samsung និង LG ដែលជួយសន្សំសំចៃថាមពលបានកាន់តែប្រសើរ។
- កម្លាំងម៉ាស៊ីន និងបណ្តាញ៖ បំពាក់បន្ទះឈីប A20 Pro ទំហំ 2nm ដំបូងគេរបស់ TSMC ដែលផ្តល់ល្បឿនលឿនខ្លាំង និងសន្សំសំចៃថ្ម ប្រើប្រាស់ម៉ូដឹម C2 ផ្ទាល់ខ្លួនរបស់ Apple និងអាចគាំទ្រការភ្ជាប់សេវាអ៊ីនធឺណិត 5G តាមរយៈផ្កាយរណប (5G Satellite Internet) ពេញលេញ។
- សមត្ថភាពកាមេរ៉ាកាន់តែទំនើប៖ បំពាក់សេនស័រកាមេរ៉ា 3-layer stacked ថ្មីពី Samsung ដែលកាត់បន្ថយ Noise និងបង្កើន Dynamic Range។ កាមេរ៉ាម៉ាស៊ីន Fusion ទំហំ 48MP មានមុខងារ Variable Aperture សម្រាប់តម្រូវពន្លឺ និងជម្រៅរូបភាព ព្រមទាំងប៊ូតុង Camera Control ដែលបានសម្រួលរចនាសម្ព័ន្ធឱ្យកាន់តែងាយស្រួល។
- ទំហំថ្ម និងជម្រើសពណ៌ថ្មី៖ ម៉ូឌែល Pro Max មានទំហំថ្មធំជាងមុនដល់ 5,100–5,200 mAh ហើយជម្រើសពណ៌ថ្មីប្រចាំឆ្នាំ រួមមាន ពណ៌ខៀវខ្ចី (Light Blue), ពណ៌ឆេរីក្រហមចាស់ (Dark Cherry), និងពណ៌ប្រាក់ (Silver)។
- ប្រព័ន្ធប្រតិបត្តិការ iOS 27៖ ដំណើរការដោយ iOS 27 ដែលមានការអាប់ដេត Siri AI យ៉ាងពេញលេញ អាចយល់ដឹងពីអ្វីដែលកំពុងបង្ហាញលើអេក្រង់ និងបរិបទប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែលស្តង់ដាររួមមាន iPhone 18, iPhone 18e និង iPhone Air 2 នឹងមិនទាន់មានវត្តមាននៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ២០២៦ នេះទេ ដោយក្រុមហ៊ុន Apple បានកែប្រែយុទ្ធសាស្ត្រ ដោយគ្រោងនឹងប្រកាសចេញលក់នៅដើមឆ្នាំ២០២៧ ជំនួសវិញ៕
















