កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦
04-09-2026 12:14
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិ លើកទី២ នៅកម្ពុជា ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៦ ខាងមុខ។
ក្នុងឱកាសនោះលោកបណ្ឌិត ថោង ខុន បានកោតសរសើរ ចំពោះក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ដែលបានបន្តកិច្ចសហការជាមួយ Legends Tour ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតពិភពលោក ដើម្បីនាំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអាជីពអន្ដរជាតិមកប្រទេសកម្ពុជាជាថ្មី បន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យកាលពីឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ពីការគាំទ្រ និងការត្រៀមបន្តកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីរួមចំណែកធានាឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ ព្រមទាំងលើកកម្ពស់វិស័យកីឡាវាយកូនហ្គោល និងផ្សព្វផ្សាយសក្តានុពលកីឡាទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយការវិលត្រឡប់មកកាន់ទឹកដីអច្ឆរិយនៃព្រឹត្តិការណ៍ពិភពលោកនេះដែរ ត្រូវបានរំពឹងកាន់តែមានទ្រង់ទ្រាយធំ និងទាក់ទាញកីឡាករវាយកូនហ្គោលអាជីពលំដាប់អន្ដរជាតិជាច្រើនមកចូលរួម តាមរយៈកម្មវិធីប្រកួតធំៗចំនួន ២ រួមមានព្រឹត្តិការណ៍ Vattanac Legends Championship ចាប់ពីថ្ងៃទី២៣-២៩ ខែវិច្ឆិកា និងព្រឹត្តិការណ៍ Vattanac Tour Championship ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រចាំរដូវកាលរបស់ Legends Tour ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញតែមួយគត់។
ក្រៅពីព្រឹត្តិការណ៍សំខាន់ៗទាំងពីរ ទីលាន វឌ្ឍនៈ ហ្គោល រីហ្សត ក៏គ្រោងនឹងរៀបចំសកម្មភាពអមជាច្រើនទៀត ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់បទពិសោធកាន់តែប្រសើរដល់កីឡាករ ភ្ញៀវកិត្តិយស និងអ្នកគាំទ្រ ដ្បិតព្រឹត្តិការណ៍នេះ គ្រោងនឹងផ្សព្វផ្សាយទៅកាន់ទស្សនិកជនរាប់រយលាននាក់នៅអាស៊ី អឺរ៉ុប និងអាមេរិក តាមរយៈបណ្ដាញផ្សព្វផ្សាយអន្តរជាតិធំៗ ដូចជា Sky Sports, GOLF Channel, CANAL+, VIASAT SPORT និង SuperSport ជាដើម៕













