ក្រុម Lucky Futsal Club របស់កម្ពុជា ចេញទៅប្រកួតពានរង្វាន់អន្ដរជាតិ នៅមីយ៉ាន់ម៉ា
04-09-2026 20:51
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្នុងសាល Lucky Futsal Club របស់កម្ពុជា នៅរាត្រីថ្ងៃសុក្រនេះ បានធ្វើដំណើរទៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិ Fire Dragon International Futsal Cup 2026 ចាប់ពីថ្ងៃទី០៥-១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
តាមការបញ្ជាក់របស់លោក ស៊ាន ចាន់រតនា ប្រធានក្លិបពាក់កណ្ដាលអាជីពខាងលើបានឲ្យដឹងថា នេះជាលើកដំបូង ដែលក្លិបរបស់ខ្លួន ទទួលបានការអញ្ជើញចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ ហើយកាន់តែមានមោទនភាព សម្រាប់បេសកកម្មតំណាងប្រទេសកម្ពុជា នាពេលនេះ។
សម្រាប់ការប្រកួតពានរង្វាន់អន្ដរជាតិ ដែលរៀបចំដោយម្ចាស់ផ្ទះមីយ៉ាន់ម៉ាខាងលើគឺមាន ៨ក្លិបចូលរួម ក្នុងនោះមានក្រុមមីយ៉ាន់ម៉ា ៥ក្រុម គ្រាដែល ៣ក្រុមទៀត ជាក្រុមភ្ញៀវ ដែលត្រូវបានអញ្ជើញ រួមមានក្រុម Lucky Futsal Club របស់កម្ពុជា, ក្រុម Black Steel FC របស់ឥណ្ឌូនេស៊ី និងក្រុមថៃ Black Pearl United។
ក្នុងចំណោមបេក្ខភាពប្រជែងពាន Fire Dragon International Futsal Cup 2026 គឺបែងចែកជា ២ពូល ក្នុងនោះក្រុម Lucky Futsal Club ស្ថិតក្នុងពូលA ជាមួយក្រុម Black Steel FC ព្រមទាំងក្រុម YCDC Dream Team FC និងក្រុម TG United FC របស់មីយ៉ាន់ម៉ា។ រីឯពូលB មាន ៤ក្រុមដូចគ្នា គឺមានក្រុម YRG FC, MIU FC និងក្រុម M2K FC របស់មីយ៉ាន់ម៉ា និងក្រុម Black Pearl United។ ក្រោយបញ្ចប់វគ្គចែកពូល ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕






