* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ

05-09-2026 10:10

(ភ្នំពេញ)៖ ក្រោយបញ្ចប់រដូវកាលចាស់ និងសម្រាកជាង ៣ខែ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា (Cambodian Premier League) នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៦/២៧ នៅល្ងាចថ្ងៃទី០៥ ខែកញ្ញានេះ ដោយរក្សាបេក្ខភាព ១១ក្លិបចូលរួម។

រដូវកាលថ្មីនេះត្រូវបានមហាជន មានការរំពឹងខ្ពស់នឹងមានការប្រកួតកាន់តែជក់ចិត្ត ហើយកាន់តែទាក់ទាញ បន្ទាប់ពីក្លិបនីមួយៗ បានពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំងក្លា ពិសេសការផ្លាស់ប្ដូរកីឡាករ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងជើងឯករៀងៗខ្លួន។

ផ្អែកលើការរុះរើ និងរៀបចំក្រុម ក៏ដូចជាការស្ដែងឲ្យឃើញ តាមរយៈការប្រកួតលក្ខណៈមិត្តភាព និងពានរង្វាន់ Pre-Season ផ្សេងៗ មិនថាក្លិបធំ ឬតូច សុទ្ធតែបានបង្ហាញគុណផលគួរឲ្យភ្ញាក់ផ្អើល ក្នុងនោះជំនួបដណ្ដើមពានរង្វាន់បើករដូវកាល Cambodian Super Cup 2026 រវាងព្រះខ័នរាជស្វាយរៀង និងវិសាខា បានផ្ដល់នូវការចាប់អារម្មណ៍ជាខ្លាំង ចំពោះយុទ្ធសាស្ដ្រ និងការប្រកួតប្រជែងរវាងក្រុមខ្លាំងទាំងពីរផងដែរ។

ត្រឡប់មកចាប់អារម្មណ៍កម្មវិធីប្រកួតសប្ដាហ៍ទី១ ពិសេសការប្រកួតដំបូងនៃលីគរដូវកាលថ្មី នៅល្ងាចថ្ងៃសៅរ៍នេះ គឺមាន ២គូ ក្នុងនោះក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ និងក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា។

ចំណែកថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី០៦ ខែកញ្ញា មានការប្រកួតចំនួន ៣គូ រួមមានក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៣៖៤៥នាទីរសៀល ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមវិសាខា នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមបឹងកេត ត្រូវជួបម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន ស្មាត នាវេលាម៉ោង ៦ល្ងាច។

ចំពោះរូបមន្ដប្រកួតលីគរដូវកាលថ្មីនេះ នឹងត្រូវប្រកួត ២ដំណាក់កាល រួមមានដំណាក់កាលទី១ គឺជាការប្រកួតសន្សំពិន្ទុវិលជុំចំនួន ២ជើង ដើម្បីកំណត់បេក្ខភាព ៦ក្រុមខាងលើ (Top-6) និង ៥ក្រុមខាងក្រោម (Bottom-5) សម្រាប់បន្ដការប្រកួតនៅដំណាក់កាលទី២ ចំនួន ២ជុំទៀត មុនកំណត់បានក្រុមជយលាភី ពិសេសក្រុមជើងឯកប្រចាំរដូវកាល៕