Real បាត់បង់ ៣ពិន្ទុលើកដំបូង នៅពេលឱកាសតាមស្មើ Betis ២លើក ត្រូវបានបដិសេធ
05-09-2026 11:50
(បរទេស)៖ អធិរាជស Real Madrid របស់លោក Jose Mourinho បានរងបរាជ័យ ១-០ នៅក្នុងផ្ទះរបស់ Real Betis នាយប់មិញនេះនៃសប្តាហ៍ទី៤ ជើងទី១ ក្នុងលីគ La Liga រដូវកាលថ្មី ២០២៦-២៧ នៅពេលឱកាសតាមស្មើ ដល់ទៅ ២លើកត្រូវបានបដិសេធ។
កីឡាករ Troy Parrott ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី៨១ មុនពេល ៦នាទីបន្ទាប់ Carlos Espi រកបានគ្រាប់ស្មើវិញ ក្រោយទទួលបាល់ពីខ្សែប្រយុទ្ធ Vinicius Jr ប៉ុន្តែត្រូវបានប្រព័ន្ធ VAR បដិសេធ ដោយសារបាល់ប៉ះដៃ មុនពេលមិត្តរួមក្រុម Kylian Mbappe ទាត់ប៉េណាល់ទីត្រូវបានអ្នកចាំទីខាងម្ចាស់ផ្ទះជួយសង្រ្គោះបានទៀត។
កីឡាករអន្តរជាតិសាធារណរដ្ឋអៀរឡង់ Parrott បានចូលលេងក្នុងនាមសមាជិកបម្រុងនៅនាទី៦៨ នៅពេល Thibaut Courtois ចាប់បាល់ក្រឡកពីការតែតរបស់ Nelson Deossa ហើយក៏ត្រូវបាន Parrott រត់ទៅថែមបញ្ចប់ទីតែម្តង។
នៅចាំបានថា លោក Mourinho ក៏បានដឹងថា Parrott លេងល្អ ដែលធ្លាប់ជាកូនក្រុមរបស់លោកដែរកាលនៅដឹកនាំ Tottenham Hotspur ដោយខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះត្រូវបានដាក់ចូលលេង ២ប្រកួតនៅ Premier League នារដូវកាល ២០១៩-២០។
តាមរយៈការបរាជ័យនេះដែរ នាំឱ្យបញ្ចប់ជ័យជម្នះ ៣លើកជាប់ៗគ្នារបស់គ្រូបង្វឹកថ្មី លោក Jose Mourinho ក្នុងការដឹកនាំ Real Madrid ជាលើកទី២ និងឈរនៅលេខ២ ក្នុងតារាងពិន្ទុបណ្តោះអាសន្នដោយមាន ៩ពិន្ទុ គ្រាដែលក្រុមការពារតំណែងជើងឯក FC Barcelona ឈរកំពូលតារាង និងនៅសល់ ១ប្រកួតក្នុងដៃ៕



