* លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ
* ចំណេះដឹងទូទៅ៖ រឿងកម្រ! មកដឹងរឿងនៅអង់គ្លេស ករណីបងប្អូនភ្លោះ មានឪពុកផ្សេងគ្នា
* កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦

អត្តពលិកវ៉ូវីណាម កាន់តែមានកម្លាំងចិត្តត្រៀមប្រជែងមេដាយជើងឯកអាស៊ី ក្រោយទទួលការគាំទ្រពីវិស័យឯកជន

05-09-2026 12:56

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា បានបង្ហាញនូវកម្លាំងចិត្តកាន់តែមុតមាំ សម្រាប់ត្រៀមប្រជែងមេដាយក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី (Asian Vovinam Championship) លើកទី៦ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីទទួលបានការគាំទ្រផុសផុសពីវិស័យឯកជន។

នេះបើតាមការលើកឡើងរបស់កីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា ក្នុងឱកាសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារពីក្រុមហ៊ុន Hyundai Camko សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ Asian Vovinam Championship 2026 នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ ខណៈការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។

ក្នុងនាមអត្តពលិកជម្រើសជាតិ អ្នកទាំងពីរបានសម្ដែងក្ដីរីករាយ ដែលឃើញវិស័យឯកជន បានចាប់អារម្មណ៍ និងចូលរួមគាំទ្រដល់សហព័ន្ធ ក៏ដូចជាក្រុមជម្រើសជាតិ ដែលទាំងអស់នេះ គឺជាថាមពលដ៏សំខាន់ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ហើយពួកគេបានប្ដេជ្ញានឹងខិតខំហ្វឹកហាត់ និងពង្រឹងស្មារតីប្រយុទ្ធទ្វេដង ដើម្បីដណ្ដើមមេដាយជូនជាំតិមាតុភូមិ ក៏ដូចជាបង្ហាញពីភាពខ្លាំងរបស់កីឡាវ៉ូវីណាមកម្ពុជា ក្នុងនាមម្ចាស់ផ្ទះផងដែរ។

ជាមួយគ្នាលោក Lee Sang ho អគ្គនាយកក្រុមហ៊ុនខាងលើបានបង្ហាញមោទនភាព ក្នុងការសម្រេចចិត្តចូលរួមឧបត្ថម្ភដល់សហព័ន្ធ។ លោកសង្ឃឹមថា ការរួមចំណែកមួយនេះ នឹងជួយឲ្យដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូន និងបង្ហាញនូវសក្ដានុពលដ៏អស្ចារ្យរបស់អត្តពលិកកម្ពុជា ក៏ដូចជាការបង្ហាញពីកិត្យានុភាពជាតិរបស់ម្ចាស់ផ្ទះ ហើយលោកក៏បានជូនពរដល់ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រង់ក្នុងព្រឹត្តិការណ៍កម្រិតទ្វីបមួយនេះ។

ឆ្លៀតឱកាសនោះ លោក អ៊ូ រតនា ប្រធានសហព័ន្ធបានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានចូលរួមជាមួយសហព័ន្ធ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី០៦ ដែលទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការត្រៀមរៀបចំនាចុងខែវិច្ឆិកា។ លោកចាត់ទុកការគាំទ្រពីវិស័យឯកជន ពិតជាកម្លាំងចលករដ៏សំខាន់ មិនត្រឹមជួយសម្រាលបន្ទុកនូវការចំណាយផ្សេងៗ តែក៏ជាកម្លាំងចិត្តសម្រាប់អត្តពលិកក្នុងការប្ដេជ្ញាប្រកួតប្រជែងស្វែងរកលទ្ធផលល្អប្រសើរជូនជាតិផងដែរ៕