* លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ
* ចំណេះដឹងទូទៅ៖ រឿងកម្រ! មកដឹងរឿងនៅអង់គ្លេស ករណីបងប្អូនភ្លោះ មានឪពុកផ្សេងគ្នា
* កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦

ប្រធានាធិបតីចិន ស៊ី ជិនពីង ត្រៀមដឹកនាំប្រតិភូ CEO ធំៗទៅកាន់អាមេរិក ដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យា

05-09-2026 13:06

(ប៉េកាំង)៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters បានថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) កំពុងរៀបចំប្រតិភូធុរកិច្ច និងនាយកប្រតិបត្តិក្រុមហ៊ុន (CEO) ធំៗជាច្រើនរូប ឱ្យអមដំណើរលោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

នេះត្រូវបានគេចាត់ទុកថា ជា «ជំហានដ៏កម្រ និងខុសពីទម្លាប់ធម្មតា» របស់មេដឹកនាំចិន ដោយសារកន្លងមក លោក ស៊ី ជិនពីង កម្រនាំថ្នាក់ដឹកនាំក្រុមហ៊ុនឯកជនទៅក្រៅប្រទេសជាមួយណាស់ ជាពិសេសបន្ទាប់ពីអាជ្ញាធរបេកាំងបានបើកយុទ្ធនាការរឹតបន្តឹងផ្នែកច្បាប់
លើវិស័យបច្ចេកវិទ្យា អចលនទ្រព្យ និងអប់រំក្នុងស្រុកចាប់តាំងពីឆ្នាំ២០២០ មក។

ការសម្រេចចិត្តដឹកនាំប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់សហរដ្ឋអាមេរិកនាពេលនេះ មានគោលដៅសំខាន់ៗមួយចំនួន ដូចជា ចិនចង់បញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពលោក និងសហរដ្ឋអាមេរិក ថាបេកាំងនៅតែត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី។ បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីវ៉ាស៊ីនតោន រាប់ចាប់តាំងពីការដំឡើងពន្ធ ១០០% លើរថយន្តអគ្គិសនី (EV) ការរឹតបន្តឹងលើឧបករណ៍បច្ចេកវិទ្យា ដូចជា Drone, Router និង Robot ព្រមទាំងការបន្តដាក់សម្ពាធលើប្រតិបត្តិការរបស់ TikTok នៅអាមេរិក និងការបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាចិនទៅក្នុងបញ្ជីខ្មៅសន្តិសុខជាតិផងដែរ។ ជំនួបកំពូលនេះក៏រំពឹងថា នឹងមានការចរចាលើប្រធានបទក្តៅៗ រួមមាន ការផ្ដល់អាជ្ញាប័ណ្ណនាំចេញរ៉ែកម្រទៅឱ្យក្រុមហ៊ុនអាមេរិក និងការសម្រួលពន្ធលើមុខទំនិញមួយចំនួន។

លើកចុងក្រោយដែលលោក ស៊ី ជិនពីង បាននាំប្រតិភូធុរកិច្ចដ៏ធំមកកាន់សហរដ្ឋអាមេរិក គឺនៅក្នុងឆ្នាំ២០១៥។ កាលនោះ មានវត្តមានស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនជាច្រើនរូប ដូចជាលោក Jack Ma (ស្ថាបនិក Alibaba) និងលោក Pony Ma (ស្ថាបនិក Tencent) ជាដើម។ នៅក្នុងទស្សនកិច្ចកាលណោះ លោក ស៊ី ជិនពីង បានជួបពិភាក្សាផ្ទាល់ជាមួយថ្នាក់ដឹកនាំបច្ចេកវិទ្យាកំពូលៗរបស់អាមេរិក រួមមានលោក Tim Cook (Apple), លោក Mark Zuckerberg (Meta) និងលោក Jeff Bezos (Amazon) ព្រមទាំងបានចុះកិច្ចសន្យាទិញយន្តហោះ Boeing ចំនួន ៣០០គ្រឿង ក្នុងទំហំទឹកប្រាក់ ៣៨ពាន់លានដុល្លារទៀតផង។

អ្នកវិភាគមើលឃើញថា ការប៉ះទង្គិចគ្នារវាងមហាអំណាចទាំងពីរលើវិស័យបច្ចេកវិទ្យាសិប្បនិម្មិត (AI) បន្ទះឈីប និងសន្តិសុខសាយប័រ បានធ្វើឱ្យជំនួបនៅឆ្នាំ២០២៦ នេះកាន់តែមានសារៈសំខាន់ខ្លាំងឡើងសម្រាប់អនាគតសេដ្ឋកិច្ចឌីជីថលសកល៕