ស្ថាប័នអប់រំ «អេជី» ប្រកាសបើកបវសនកាលថ្មី, ប្រគល់វិញ្ញាបនបត្រដល់សិស្សបញ្ចប់ឆ្នាំសិក្សា និងពានរង្វាន់ មេដាយ ប័ណ្ណសរសើរជយលាភីសិស្សនិទ្ទេស «A»
05-09-2026 13:58
(ភ្នំពេញ)៖ ស្ថាប័នអប់រំ អេជី ដែលមានបុត្រសម្ព័ន្ធដូចជា សាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និងការិយាល័យតំណាង Global Student Cambodia បានប្រារព្ធពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៦-២០២៧ ព្រមទាំងប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្រជាតិ និងអន្តរជាតិ បញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦ ជូនដល់សិស្សានុសិស្សសរុប ៥៤៩ នាក់។ ពិធីដ៏អធិកអធមនេះ ក៏បានផ្តល់ពានរង្វាន់ មេដាយ និងប័ណ្ណសរសើរដល់សិស្សជ័យលាភីនិទ្ទេស A ចំនួន ១១នាក់ និងសិស្សឆ្នើម ២៧នាក់ផ្សេងទៀត ដែលបានប្រឡងជាប់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី និងលោកស្រី ទា ដាវី កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ។
ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអប់រំជា ៧ ទិសដៅសំខាន់ៗ។ ផ្ដោតលើការអប់រំជា ៧ ទិសដៅសំខាន់ៗរួមមាន៖ ១. លើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំ, ២. អភិវឌ្ឍគ្រូបង្រៀន, ៣. ពង្រឹងការអប់រំកុមារតូច និងបឋមសិក្សា, ៤. ពង្រឹងមធ្យមសិក្សា និងជំនាញសតវត្សទី២១, ៥. ពង្រឹង STEM វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិសកម្ម និងគណិតវិទ្យា, ៦. ពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និង៧. លើកកម្ពស់ការសិក្សាពេញមួយជីវិត ដែលមានក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការ ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដោយអនុលោមតាមគោលការណ៍ដឹកនាំ តាមបែបយុទ្ធសាស្ត្រនាសម័យទំនើប ពោលគឺយុវជន Digital របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិត ជា សុខឃាង បានគូសរំលេចថា កម្មវិធីនេះអាចប្រព្រឹត្តិឡើងទៅបាន ស្របតាមយុទ្ធសាស្ត្រចតុកោណពីដំណាក់កាលទី ១ដល់ទី៤ ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចំណុចសំខាន់ស្ថិតនៅក្នុងមុំទី១ ពោលគឺការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលបានដាក់ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាអាទិភាព ដោយមានគោលដៅបង្កើតបរិយាកាសអប់រំ និងបណ្តុះបណ្តាលដែលមានគុណភាព និងជំនាញខ្ពស់លើជំនាញ។
សាលាធានាឱ្យបានការនូវផ្ដល់នូវសេវាអប់រំ ប្រកបដោយគុណភាពខ្ពស់ ដល់សិស្សានុសិស្សចាប់ពីអាយុ ៣ឆ្នាំឡើងទៅ។ សាលាមានឆន្ទៈខ្ពស់ក្នុងការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងរៀននាសតវត្សទី២១។ សិស្សានុសិស្សនៃសាលារៀនអារីហ្សូន ត្រូវបានបណ្ដុះនូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាជាចម្បង។ សាលាធានាឱ្យមានវឌ្ឍនភាពទាំងសេវាអប់រំ និងធនធានហិរញ្ញវត្ថុ។
និយោជិតគ្រប់រូបនឹងទទួលបាននូវកាលានុវត្តភាព ទាំងការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ និងធនធានហិរញ្ញវត្ថុ។
ស្ថាប័នអប់រំ អេជី បានដាក់បញ្ចូលកម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាសិង្ហបុរី ភាសាចិន និងកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស (UK Cambridge GCSE & IGCSE) ប្រកបដោយជោគជ័យ។ ជាមួយនឹងបទពិសោធន៍ជាង ៣០ឆ្នាំ ស្ថាប័ននេះមានចក្ខុវិស័យក្លាយជាសាលាជម្រើសទី១ ដែលផ្តល់កម្មវិធីសិក្សាបីភាសា និងពង្រឹងកម្មវិធី STEM ជាអាទិភាព។ បច្ចុប្បន្នស្ថាប័នអប់រំ អេជី មានសាខាចំនួន ១០កន្លែង និងមានផែនការពង្រីកបន្ថែមទៀត រួមទាំងការបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅចន្លោះឆ្នាំ ២០៣០-២០៣៥។
ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យបន្តខិតខំសិក្សា និងអភិវឌ្ឍខ្លួនជានិច្ច ដោយប្រកាន់ខ្ជាប់នូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីក្លាយជាធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អ្នកអាណាព្យាបាល និងដៃគូសហការទាំងអស់ ដែលបានចូលរួមចំណែកក្នុងការអប់រំ និងអភិវឌ្ឍកូនៗឱ្យសម្រេចបាននូវភាពជោគជ័យ៕


















