* លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ
* ចំណេះដឹងទូទៅ៖ រឿងកម្រ! មកដឹងរឿងនៅអង់គ្លេស ករណីបងប្អូនភ្លោះ មានឪពុកផ្សេងគ្នា
* កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦

ទឹកចិត្តមនុស្សធម៌នៃសប្បុរសជនជាង ១,០០០នាក់ ចូលរួមយ៉ាងកុះករក្នុងកម្មវិធីផ្ដល់ឈាម KNN GROUP «១,០០០ឈាម ១,០០០ សង្ឃឹម»

05-09-2026 14:41

(ភ្នំពេញ)៖ កម្មវិធីផ្ដល់ឈាម KNN GROUP «១,០០០ ឈាម ១,០០០ សង្ឃឹម» មានន័យថា ផ្ដល់ឈាម ,០០០នាក់ ត្រូវបានរៀបចំឡើងដោយជោគជ័យ និងបញ្ចប់ទៅយ៉ាងរលូនដោយមានអ្នកចូលរួមជាង ,០០០នាក់ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងគម្រោង «មេគង្គ ស៊ីធី» នៃ បុរី មេគង្គ លែន ដែលស្ថិតលើផ្លូវជាតិ ៦A។

កម្មវិធីសប្បុរសធម៌នេះ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើម និងការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KNN GROUP និង លោកស្រី ហេង ចិន្តា ក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សុខមាលភាព របស់ប្រជាជនកម្ពុជាព្រមទាំងជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការ ឈាមជាចាំបាច់ជាពិសេសកុមារដែលកំពុងប្រឈមនឹងជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់សប្បុរសជន បុគ្គលិក KNN GROUP, ដៃគូអាជីវកម្ម និងអតិថិជនយ៉ាងច្រើនកុះករ បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តទំនួលខុសត្រូវសង្គម ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីចែករំលែក និងក្ដីស្រលាញ់ចំពោះសហគមន៍។ ការចូលរួមនេះមិនត្រឹមតែជាការរួមចំណែកដល់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាក្នុងការបង្កើត ផលវិជ្ជមានសម្រាប់សហគមន៍ និងសង្គមជាតិផងដែរ។

អ្នកឧកញ៉ា ជាម ឃុនណាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្រុមគ្រូពេទ្យ និងជាពិសេសបងប្អូនសប្បុរសជនទាំងអស់ដែលបានចំណាយពេលវេលា និងបរិច្ចាគឈាមផ្ទាល់ខ្លួន រាល់ដំណក់ឈាមដែលបងប្អូនបានបរិច្ចាគក្នុងថ្ងៃនេះ មិនត្រឹមតែជាក្តីសង្ឃឹមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសង្គ្រោះជីវិតប្រជាជនកម្ពុជាយើងដោយផ្ទាល់។ ក្រុមហ៊ុន KNN GROUP ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃការផ្តល់ឱកាស និងសេចក្តីសង្ឃឹមថ្មីដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។

ក្រុមហ៊ុន KNN GROUP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្តងទៀតចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនទាំងអស់ ដែលបានធ្វើឱ្យយុទ្ធនាការ «១,០០០ ឈាម ១,០០០ សង្ឃឹម» ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

យើងទាំងអស់គ្នាមានមោទនភាព និងសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងសកម្មភាពដ៏មានអត្ថន័យនេះ ដើម្បីផ្តល់ក្តីសង្ឃឹម ក្តីស្រលាញ់ និងរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរ៕