ការរីកចម្រើននៃវិស័យយានយន្តអគ្គិសនី រួមចំណែកដល់សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព
05-09-2026 15:53
(ភ្នំពេញ)៖ ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការការពារបរិស្ថាន និងការពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា។ នេះជាការលើកឡើងរបស់ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសម្ពោធជាផ្លូវការរថយន្តអគ្គិសនីម៉ាក រីឡាយ (RELY EV) ដែលនាំចូល និងចែកចាយដោយក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd (RNA) នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានសម្តែងការកោតសរសើរ និងអបអរសាទរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន RNA ជាក្រុមហ៊ុនមានភាគហ៊ុនខ្មែរ ១០០% ដែលបានបោះជំហានយ៉ាងសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការនាំយកបច្ចេកវិទ្យារថយន្ត អគ្គិសនីទំនើបមកបំពេញតម្រូវការទីផ្សារកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ថា៖ «និន្នាការនៃការអភិវឌ្ឍ និងការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងតំបន់ និងសកលលោក កំពុងកើនឡើងយ៉ាងខ្លាំង ដោយសារយានយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម-សេដ្ឋកិច្ច រួមមានការបង្កើតការងារ ការបង្កើនតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ច ការកាត់បន្ថយការបញ្ចេញឧស្ម័នពុល ការការពារបរិស្ថាន និងសុខភាពប្រជាជន ព្រមទាំងការកាត់បន្ថយការពឹងផ្អែក លើការនាំចូលប្រេងឥន្ធនៈពីបរទេស»។
លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងការជំរុញសេដ្ឋកិច្ចបៃតង។ ក្នុងនោះ វិស័យដឹកជញ្ជូន និងឡូជីស្ទិកត្រូវបានចាត់ទុកជាសរសៃឈាមសំខាន់ សម្រាប់ជំរុញលំហូរពាណិជ្ជកម្ម និងភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក។
លោក អូន រចនា អគ្គនាយកក្រុមហ៊ុន RNA បានលើកឡើងថា ការឈានមកដល់ដំណាក់កាលនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រុមហ៊ុន RNA និងជាក្តីប្រាថ្នារបស់លោកក្នុងនាមជាកូនខ្មែរ ដែលចង់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបង្ហាញថា សហគ្រិនខ្មែរមានសមត្ថភាពក្នុងការធ្វើអាជីវកម្ម និងនាំយកបច្ចេកវិទ្យាទំនើបមកបម្រើប្រជាពលរដ្ឋ។ ក្រុមហ៊ុនបានសម្រេចផ្តោតលើរថយន្តអគ្គិសនីសុទ្ធ ដោយសារមូលហេតុសំខាន់ៗជាច្រើន ក្នុងនោះមានការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការដឹកជញ្ជូនបៃតង និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
លោកក៏បានបង្ហាញពីបំណងចង់ឃើញប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងបរិស្ថានដែលមានខ្យល់អាកាសស្អាត និងមានសុខភាពល្អ តាមរយៈការកាត់បន្ថយការបញ្ចេញផ្សែងពុលពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ ចំណុចសំខាន់មួយទៀត គឺការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនសម្រាប់អាជីវកម្ម។
លោកបានលើកឡើងថា តាមការគណនារបស់ក្រុមហ៊ុន ការប្រើប្រាស់រថយន្តអគ្គិសនីអាចជួយកាត់បន្ថយចំណាយលើការធ្វើដំណើរ ឬដឹកជញ្ជូនចម្ងាយ១០០គីឡូម៉ែត្រ ពីប្រមាណ១០ ទៅ១៣ដុល្លារ សម្រាប់រថយន្តប្រើប្រាស់សាំង ឬម៉ាស៊ូត មកនៅត្រឹមប្រមាណ៣ ទៅ៤ដុល្លារ។ ហើយការកាត់បន្ថយថ្លៃដើមប្រតិបត្តិការរបស់អាជីវកម្ម អាចជួយឱ្យម្ចាស់អាជីវកម្មគ្រប់គ្រងការចំណាយបានប្រសើរជាងមុន ហើយអាចចូលរួមផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ តាមរយៈការផ្តល់ទំនិញ និងសេវាកម្មដែលមានគុណភាពក្នុងតម្លៃសមរម្យ។
លោកអគ្គនាយកសង្ឃឹមថា សហគ្រិនខ្មែរនឹងកាន់តែមានលទ្ធភាពបង្កើត និងអភិវឌ្ឍផលិតផលដែលមានគុណភាព ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រអាជីវកម្មដែលមានជនជាតិខ្មែរជាម្ចាស់ ដើម្បីបង្កើនសមត្ថភាពអាជីវកម្មក្នុងស្រុក។
RNA មានការប្តេជ្ញាចិត្តផ្តល់ជូនរថយន្តភីកអាប់អគ្គិសនីសុទ្ធ RELY ដែលមានបច្ចេកវិទ្យាទំនើប សុវត្ថិភាព និងភាពធន់ខ្ពស់ ព្រមទាំងផ្តល់សេវាកម្មក្រោយពេលលក់ប្រកបដោយគុណភាព។ បច្ចុប្បន្ន ក្រុមហ៊ុនមានយានដ្ឋានជួសជុលដែលមានជាងជំនាញ និងមានបទពិសោធន៍ ព្រមទាំងទទួលបានការបណ្តុះបណ្តាលពីរោងចក្រ RELY និងមានការរៀបចំស្តុកគ្រឿងបន្លាស់សម្រាប់បម្រើអតិថិជន។ រាល់រថយន្តដែលអតិថិជនទិញពីក្រុមហ៊ុន ក៏មានការធានាច្បាស់លាស់ពី រោងចក្រផងដែរ។
ចំណែក លោក ស៊ន ភិរម្យ នាយកគ្រប់គ្រងទូទៅនៃរថយន្តអគ្គិសនីសុទ្ធ RELY EV បានលើកឡើងថា ការសម្ពោធរថយន្តភីកអាប់អគ្គិសនីសុទ្ធម៉ាក RELY នៅកម្ពុជា មិនមែនគ្រាន់តែជាការនាំយកផលិតផលយានយន្តថ្មីមកកាន់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការបោះជំហានរបស់កម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធដឹកជញ្ជូនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច លោកនាយកគ្រប់គ្រងទូទៅ ក៏បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍ផ្នែកបរិស្ថាន និងសុខភាពសាធារណៈ ដោយសារយានយន្តអគ្គិសនីមិនបញ្ចេញផ្សែងពីការចំហេះឥន្ធនៈនៅពេលបើកបរ និងអាចរួមចំណែកកាត់បន្ថយការបំពុលខ្យល់។
ហើយការរីកចម្រើននៃវិស័យយានយន្តអគ្គិសនី នឹងបន្តជំរុញឱ្យសហគ្រិនខ្មែរមានឱកាសកាន់តែច្រើនក្នុងការបង្កើត និងអភិវឌ្ឍអាជីវកម្មដែលមានផលិតផល និងសេវាកម្មមានគុណភាព ព្រមទាំងអាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៕























