យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ
06-09-2026 21:02
(ភ្នំពេញ)៖ ក្នុងពេលបច្ចុប្បន្ន ការរីកចម្រើននៃទំនាក់ទំនងអន្តរជាតិ មានលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជាតិ និងបុគ្គលដែលប្រើប្រាស់ភាសាខុសៗគ្នា បានធ្វើឱ្យវិជ្ជាជីវៈអ្នកបកប្រែ ចូលរួមយ៉ាងសកម្ម ជាពិសេសនៅក្នុងវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌។ អ្នកបកប្រែបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងដំណើរការនីតិវិធីតុលាការ សម្រាប់ជនបរទេសដែលមិនចេះភាសាខ្មែរ ព្រមទាំងមានឯកសារមួយចំនួនជាភស្តុតាងប្រើប្រាស់ជាភាសាបរទេស ដែលតម្រូវឱ្យមានការបកប្រែជាខេមរភាសា។ ដោយសារតែសារៈសំខាន់នៃតួនាទីអ្នកបកប្រែ និងដើម្បីធានាថាការបកប្រែត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ និងផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើស «បទសូកប៉ាន់អ្នកបកប្រែ»។
តើសកម្មភាពណាខ្លះដែលច្បាប់ចាត់ទុកថាជា បទសូកប៉ាន់អ្នកបកប្រែ? ហើយថាតើបុគ្គលដែលប្រព្រឹត្តបទល្មើសនេះត្រូវប្រឈមមុខនឹងទោសទណ្ឌកម្រិតណា?
ដើម្បីបកស្រាយនូវចម្ងល់ខាងលើ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទសូកប៉ាន់អ្នកបកប្រែ» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នា ដូចខាងក្រោម៖
យោងតាមមាត្រា ៥៥៤ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រាល់បុគ្គលណា ដែលប្រគល់ឱ្យអ្នកបកប្រែដោយផ្ទាល់ ឬដោយប្រយោលនូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បីក្លែងខ្លឹមសារនៃភាសា ឬឯកសារដែលបកប្រែ»។ សូមបញ្ជាក់ថា «បទសូកប៉ាន់អ្នកបកប្រែ» កើតឡើងចំពោះ បុគ្គលទាំងឡាយណាដែលទៅសូកប៉ាន់អ្នកបកប្រែ ចំណែកឯអ្នកបកប្រែ ដែលទទួលយកសំណូកនោះ ក៏នឹងត្រូវផ្ដន្ទាទោសតាមបទល្មើសមួយទៀតគឺ «បទស៊ីសំណូករបស់អ្នកបកប្រែ» ស្របតាមបញ្ញត្តិមាត្រា ៥៥៣ នៃក្រមព្រហ្មទណ្ឌ ផងដែរ។ ទន្ទឹមនឹងនេះ យោងតាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក៏បានបញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្នុងនោះរួមមាន បទសូកប៉ាន់អ្នកបកប្រែ ក៏ត្រូវចាត់ទុកជាបទល្មើសពុករលួយដែលត្រូវអនុវត្តតាមច្បាប់នេះ។ យ៉ាងណាមិញចំពោះការផ្តន្ទាទោស គឺត្រូវផ្អែកលើបទបញ្ញត្តិដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។
ឧទាហរណ៍៖ លោក ក មានសំណុំរឿងនៅតុលាការ ហើយត្រូវការអ្នកបកប្រែដើម្បីបកប្រែឯកសារពី ភាសាទ្បាវ មកជាភាសាខ្មែរ។ លោក ក បានផ្តល់ប្រាក់ចំនួន ៣០០ ដុល្លារអាមេរិក ជូនដល់អ្នកបកប្រែជាថ្នូរឱ្យអ្នកបកប្រែនោះ បកប្រែពាក្យមួយចំនួនឱ្យមានន័យខុសពីខ្លឹមសារដើម ដើម្បីធ្វើឱ្យលោក ក ទទួលបានអត្ថប្រយោជន៍ក្នុងសំណុំរឿងនោះ ដែលសកម្មភាពនេះ គឺជាបទល្មើស បទសូកប៉ាន់អ្នកបកប្រែ។ ការសូកប៉ាន់អ្នកបកប្រែមិនត្រឹមតែជាអំពើល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្កនូវផលប៉ះពាល់ និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើវិជ្ជាជីវៈអ្នកបកប្រែ។ ប្រសិនបើអ្នកបកប្រែមិនរក្សាភាពស្មោះត្រង់ មិនគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ នៅពេលការបកប្រែត្រូវបានប្រើប្រាស់ក្នុងនីតិវិធីតុលាការ អាចធ្វើឱ្យភាគីម្ខាងបាត់បង់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរ។
សរុបមក អ្នកបកប្រែបានដើរតួនាទីយ៉ាងសំខាន់ក្នុងជិវិតរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងដំណើរការនីតិវិធីនៅក្នុងតុលាការ ដើម្បីផ្តល់ភាពយុត្តិធម៌ និងស្វែងរកការពិត។ ហេតុនេះហើយទើប បទសូកប៉ាន់អ្នកបកប្រែ ត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ព្រោះអំពើនេះបានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងសង្គម។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ឡេង ពុទ្ធិសក្តា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕



