* យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ

គោព្រៃជំទង់កម្ពុជា របូតឱកាសឡើងវគ្គបន្ដ ក្រោយចាញ់ U20 កូវ៉ែត ក្នុងជំនួបបញ្ចប់វគ្គ AFC U20 Asian Cup 2027

06-09-2026 21:14

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានបាត់បង់ឱកាសឡើងទៅលេងក្នុងវគ្គបន្តនៃពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី (AFC U20 Asian Cup China) ឆ្នាំ២០២៧ ក្រោយបន្ដបរាជ័យក្នុងជំនួបបញ្ចប់វគ្គជម្រុះពូល G ទល់នឹងក្រុមជម្រើសជាតិ U20 កូវ៉ែត ដោយលទ្ធផល ៥-០ នៅរាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។

ជាមួយការប្រកួតដែលត្រូវការត្រឹមស្មើ ដើម្បីមានឱកាសអ៊ុតកៅអីវគ្គបន្ដ តែក្រុមគោព្រៃជំទង់កម្ពុជា បែរជាធ្វើមិនបានល្អ ហើយភ្លាត់បរាជ័យជាច្រើនគ្រាប់ ទល់នឹងក្រុម U20 កូវ៉ែត ដែលនាំឲ្យធ្លាក់មកឈរលេខ៤ និងរុញឲ្យក្រុមយុវជនកូវ៉ែត ឡើងទៅឈរលេខ២ ដើម្បីអ៊ុតឱកាសប្រជែងក្រុមលេខ២ ល្អជាងគេជំនួសវិញ ក្រោយស្គាល់ជ័យជម្នះលើកដំបូងក្នុងយុទ្ធនាការនេះ។

គួរដឹងថា វគ្គជម្រុះពានរង្វាន់យុវជន U20 ទ្វីបអាស៊ី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ គឺមាន ៤ក្រុមចូលរួម ក្នុងនោះក្រុមយុវជន U20 ជប៉ុន បានឈរកំពូលតារាង ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា រកបាន ៩ពិន្ទុពេញ គ្រាដែលក្រុមយុវជនកូវ៉ែត យេម៉ែន និងកម្ពុជា រកបាន ៣ពិន្ទុស្មើគ្នា។ តែផ្អែកលើលក្ខខណ្ឌ និងរូបមន្ដប្រកួត ក្រុម U20 កូវ៉ែត បានឈរលេខ២ តែពុំមានពិន្ទុ ឬគ្រាប់បាល់ចំណេញសម្រាប់យកទៅប្រជែងតំណែងក្រុមលេខ២ ល្អទល់ក្រុមលេខ២ នៃពូលផ្សេងៗឡើយ៕