* យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយ ក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» បានផ្តល់ជូនផ្ទះសរុប ១០០ខ្នង ជូនដល់គ្រួសាររងផលប៉ះពាល់តាមបណ្តោយព្រំដែនកម្ពុជា

07-09-2026 09:36

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រកាសថាគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» នៅក្នុងថ្ងៃនេះ គឺបានឈានដល់សមិទ្ធផលដ៏ធំធេងមួយដោយបានប្រគល់ផ្ទះសរុបចំនួន ១០០ខ្នង ជូនដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់នៅតាមបណ្តោយព្រំដែនកម្ពុជា។ តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ ៥០០ នាក់នៅតាមបណ្តាខេត្តចំនួន ៦ បានទទួលនូវជម្រកមួយប្រកបដោយសុវត្ថិភាព និងស្ថិរភាពដើម្បីចាប់ផ្តើមកសាងអនាគតរបស់ពួកគាត់ឡើងវិញ។

វិសាលភាពនៃគម្រោងនេះមិនមែនត្រឹមតែជាការផ្តល់ជូននូវទីជម្រកប៉ុណ្ណោះទេ ដោយឡែកផ្ទះនីមួយៗដែលបានប្រគល់ជូន គឺតំណាងឲ្យកន្លែងស្នាក់អាស្រ័យមួយដែលផ្តល់ជូនសមាជិកគ្រួសារនូវអារម្មណ៍សុវត្ថិភាព និងស្ថេរភាពដែលអាចអោយគ្រប់គ្នាស្នាក់នៅប្រកបដោយសុខុមាលភាព ឪពុកម្តាយអាចផ្តោតលើការកសាងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ និងគ្រួសារអាចរៀបចំផែនការសម្រាប់អនាគតដោយមានទំនុកចិត្ត និងភាពស្ងប់ចិត្ត។

គម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» ត្រូវបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៥ ដើម្បីឆ្លើយតប និងជួយសម្រួលទុក្ខលំបាកដែលសហគមន៍នៅក្បែរតំបន់ព្រំដែនបានជួបប្រទះ។ គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការប្រគល់ផ្ទះចំនួនពីរខ្នងជូនគ្រួសារដែលរងផលប៉ះពាល់ និងបានផ្លាស់ទីលំនៅមកកាន់ខេត្តសៀមរាប។ ហើយនៅចុងឆ្នាំដដែល គម្រោងនេះក៏បានបន្តវិសាលភាពរបស់ខ្លួន ដើម្បីជួយទៅដល់គ្រួសាររងផលប៉ះពាល់នៅក្នុងខេត្តឧត្តរមានជ័យផងដែរ។

ការអនុវត្តគម្រោងក៏បានបន្តឥតស្រាកស្រាន្តរហូតដល់ឆ្នាំ២០២៦ ដោយបានពង្រីកការគាំទ្រនៅតាមបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដើម្បីប្រគល់ផ្ទះជូនគ្រួសាររងផលប៉ះពាល់ផងដែរ។ លើសពីនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានពង្រីកការគាំទ្របន្ថែមទៅដល់សហគមន៍ជាបន្តបន្ទាប់ទៀតនៅខេត្តឧត្តរមានជ័យ ព្រះវិហារ តាកែវ និងកំពង់ធំ។

គម្រោងនេះអាចសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន ដៃគូអាជីវកម្ម អ្នកផ្គត់ផ្គង់ តំណាងចែកចាយ និងបុគ្គលិករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ រួមគ្នា យើងមានគោលបំណងរួម គឺជួយគ្រួសារដែលរងផលប៉ះពាល់ឱ្យទទួលបានស្ថិរភាពឡើងវិញ និងអាចបន្តដំណើរទៅមុខ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គម្រោងនេះបានសម្រេចនូវសមិទ្ធផលដ៏សំខាន់ ដោយបានប្រគល់ផ្ទះសរុបចំនួន ១០០ ខ្នង ដែលជួយឱ្យគ្រួសារទាំងអស់អាចកសាងអនាគតដ៏រឹងមាំ និងពោរពេញដោយក្តីសង្ឃឹម។

លោក Dat Pham អគ្គនាយក នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលើកឡើងថា «អស់រយៈពេលជាង ៣០ ឆ្នាំមកនេះ ក្រុមហ៊ុនបានរីកចម្រើនជាមួយប្រទេសកម្ពុជា ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច- និងសង្គម ព្រមទាំងបង្កើតផលវិជ្ជមានជាច្រើនលើសពីប្រតិបត្តិការអាជីវកម្មរបស់យើង។ គម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង ក្នុងការបន្តការគាំទ្រដល់ប្រជាជន និងសហគមន៍នៅកម្ពុជា»

ផលវិជ្ជមាននៃគម្រោងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈរឿងរ៉ាវ និងបទពិសោធន៍របស់គ្រួសារអ្នកទទួល ផល។
«មុនពេលទទួលបានផ្ទះនេះ គ្រួសាររបស់ខ្ញុំតែងតែមានការព្រួយបារម្ភនៅពេលមានភ្លៀង ឬអាកាសធាតុមិនល្អ។ ខ្ញុំមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំមានកន្លែងដែលមានសុវត្ថិភាពដែលអាចហៅថាជាផ្ទះរបស់យើងបាន។ កូនៗរបស់ខ្ញុំមានកន្លែងសុវត្ថិភាពសម្រាប់គេង និងសិក្សា ហើយទីបំផុត យើងអាចផ្តោតលើការកសាងជីវិតរបស់យើងឡើងវិញបាន»។ នេះជាការលើកឡើងរបស់លោកស្រី គ្រី សារ៉ាន ដែលជាអ្នកទទួលផ្ទះពីគម្រោង ផ្ទះថ្មី ក្តីសង្ឃឹមថ្មី នៅខេត្តព្រះវិហារ។
នៅពីក្រោយសមិទ្ធផលនេះ គឺជារឿងរ៉ាវផ្ទាល់ខ្លួនរបស់គ្រួសារនីមួយៗ ដែលកំពុងចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់ពួកគេ។

លោកស្រី Sophie Goodall នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលើកឡើងថា៖ «នៅពេលយើងនិយាយអំពីគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» នេះ យើងមិនមែនមើលតែចំនួនផ្ទះ១០០ខ្នងដែលបានសាងសង់ និងប្រគល់ជូនប៉ុណ្ណោះទេ ជាក់ស្តែងគឺយើងមើលទៅលើប្រជាជនប្រមាណជាង ៥០០ នាក់ ដែលការរស់នៅប្រចាំថ្ងៃរបស់ពួកគេបានផ្លាស់ប្តូរដោយវិជ្ជមាន។ នៅពីក្រោយផ្ទះនីមួយៗ គឺជាគ្រួសារមួយដែលអាចរស់នៅដោយមានសុវត្ថិភាព មានភាពកក់ក្តៅ និងអាចសម្លឹងមើលអនាគតដោយក្តីសង្ឃឹម។ នេះហើយជាអត្ថន័យពិតនៃគម្រោងនេះ ដែលមិនអាចវាស់វែងត្រឹមចំនួនផ្ទះដែលបានប្រគល់ជូននោះទេ ប៉ុន្តែតាមរយៈប្រជាជន និងសហគមន៍ដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង»

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជឿជាក់ថា ក្រុមហ៊ុនអាចរីកចម្រើនបាន លុះត្រាតែសហគមន៍នៅជុំវិញខ្លួនអាចរីកចម្រើនទន្ទឹមគ្នា។ តាមរយៈគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» ក្រុមហ៊ុនបានបន្តការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន ជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ធ្វើឲ្យកម្ពុជាកាន់តែប្រសើរ»។ ក្រុមហ៊ុននឹងបន្តធ្វើការជាមួយដៃគូពាក់ព័ន្ធនានា និងសហគមន៍ ដើម្បីបន្តបង្កើតផលវិជ្ជមានប្រកបដោយចីរភាពសម្រាប់ប្រជាជន និងសង្គមកម្ពុជា៕

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជឿជាក់ថា ក្រុមហ៊ុនអាចរីកចម្រើនបាន លុះត្រាតែសហគមន៍នៅជុំវិញខ្លួនអាចរីកចម្រើនទន្ទឹមគ្នា។ តាមរយៈគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» ក្រុមហ៊ុនបានបន្តការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន ជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ធ្វើឲ្យកម្ពុជាកាន់តែប្រសើរ»។ ក្រុមហ៊ុននឹងបន្តធ្វើការជាមួយដៃគូពាក់ព័ន្ធនានា និងសហគមន៍ ដើម្បីបន្តបង្កើតផលវិជ្ជមានប្រកបដោយចីរភាពសម្រាប់ប្រជាជន និងសង្គមកម្ពុជា៕