បណ្តាញទូទាត់ Bitcoin ប្រកាសផ្អាកប្រតិបត្តិការ ក្រោយរងការ Hack ប្រាក់អស់ប្រមាណ ៣២០ លានដុល្លារ
07-09-2026 14:08
(បរទេស)៖ បណ្តាញទូទាត់ប្រាក់ Liquid Network ដែលដំណើរការលើប្រព័ន្ធ Bitcoin បានជួបប្រទះហេតុការណ៍លួចចូលប្រព័ន្ធ (Hack) យ៉ាងធ្ងន់ធ្ងរ ដោយក្រុម Hacker បានដកថវិកាសរុបប្រហែល ៣២០ លានដុល្លារ ចេញពីកាបូបប្រាក់រួម (Federation Wallet) របស់ខ្លួន។ ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍នេះ បណ្តាញ Liquid Network បានប្រកាសផ្អាករាល់ប្រតិបត្តិការទូទាត់ថ្មីៗទាំងអស់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់បន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសនៅលើបណ្តាញសង្គម X ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមដែលអះអាងខ្លួនជា «Hacker មួកស» (White-hat hackers ឬ Hacker ការពារសុវត្ថិភាព) បានដកប្រាក់អស់ប្រហែល ៤,០០០ Bitcoin ក្នុងចំណោមថវិកាសរុប ៤,២០០ Bitcoin ដែលមាននៅក្នុងកាបូបប្រាក់នោះ។ ក្រុមហ៊ុនបានសម្តែងការសោកស្តាយ និងបានបញ្ជាក់ថា កាបូបប្រាក់របស់អតិថិជននឹងទទួលរងផលប៉ះពាល់ ហើយក្រុមហ៊ុនសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការលំបាកទាំងឡាយដែលបានកើតឡើង។
ក្រុមហ៊ុន Liquid Network បានបន្ថែមថា ថវិកាទាំងនោះត្រូវបានដកចេញតាមរយៈ SideSwap ដែលជាវេទិកាទូទាត់ប្រាក់ផ្លូវការសម្រាប់ដកប្រាក់ចេញពីបណ្តាញមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានអះអាងថា កូនសោសម្ងាត់ (Key) ដែលប្រើប្រាស់ក្នុងដំណើរការទូទាត់នេះ មិនត្រូវបានលួច ឬបែកធ្លាយនោះឡើយ ខណៈពេលដែលក្រុមការងារជំនាញកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីនេះ៕












