ប្រទេសចិន ផ្អាកការអនុម័តគម្រោងផលិតអាគុយផ្ទុកថាមពលជាបណ្តោះអាសន្ន
07-09-2026 16:54
(បរទេស)៖ យោងតាមសារព័ត៌មានហិរញ្ញវត្ថុចិន Cailianshe បានរាយការណ៍នាពេលថ្មីៗនេះថា ប្រទេសចិន ដែលជាប្រទេសផលិតអាគុយសម្រាប់ផ្ទុកថាមពល (Battery Energy Storage) ធំជាងគេបង្អស់នៅលើពិភពលោក បានសម្រេចផ្អាកការអនុម័តលើគម្រោងបង្កើតរោងចក្រផលិតអាគុយថ្មីៗជាបណ្តោះអាសន្ន។
ការផ្អាកការអនុម័តនេះ កើតឡើងនៅក្នុងបរិបទដែលអាជ្ញាធរពាក់ព័ន្ធរបស់ចិន កំពុងរៀបចំការពិនិត្យ និងវាយតម្លៃឡើងវិញយ៉ាងល្អិតល្អន់ទៅលើសមត្ថភាពផលិតកម្មនៃប្រព័ន្ធផ្ទុកថាមពលដែលមានស្រាប់ និងគម្រោងដែលបានគ្រោងទុក ទាំងនៅក្នុងកម្រិតកោសិកាអាគុយ (Battery Cells) និងប្រព័ន្ធរួម។ អាជ្ញាធរចិនកំពុងវាយតម្លៃឡើងវិញអំពីសមត្ថភាពផលិតអាគុយផ្ទុកថាមពល ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភអំពីការផលិតលើសតម្រូវការ (Overcapacity) នៅក្នុងឧស្សាហកម្មថាមពលថ្មី។ វិធានការផ្អាកបណ្តោះអាសន្ននេះ ធ្វើឡើងក្នុងគោលបំណងរៀបចំប្រព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មអាគុយឱ្យមានស្ថិរភាព ការពារការប្រកួតប្រជែងតម្លៃហួសហេតុ និងតម្រង់ទិសការវិនិយោគឱ្យចំទិសដៅស្របតាមតម្រូវការទីផ្សារជាក់ស្តែង។
គួរជម្រាបថា ដោយសារប្រទេសចិនជាអ្នកដឹកនាំក្នុងការផលិត និងផ្គត់ផ្គង់អាគុយផ្ទុកថាមពលសកល ការផ្លាស់ប្តូរគោលនយោបាយ និងការបន្ធូរបន្ថយល្បឿននៃការបង្កើតរោងចក្រថ្មីៗនេះ អាចនឹងជួយឱ្យតម្លៃអាគុយក្នុងទីផ្សារអន្តរជាតិមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះតម្លៃយ៉ាងខ្លាំងនាពេលកន្លងមក៕











