* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !
* ចំណេះដឹងទូទៅ៖ តម្លៃប្រេងសាំងថោកជាងគេបំផុតទាំង១០ លើពិភពលោក

ជនរងគ្រោះម្នាក់ ចាញ់បោកប្រាក់អស់ជាង ៣០ម៉ឺនដុល្លារ ដោយសារវីដេអូ AI ក្លែងបន្លំជារូបរាងអ្នកល្បីល្បាញ

08-09-2026 09:47

(បរទេស)៖ កងកម្លាំងនគរបាលនៃប្រទេសអៀរឡង់ខាងជើង (PSNI) បានចេញការព្រមានជាបន្ទាន់មួយ បន្ទាប់ពីជនរងគ្រោះម្នាក់បានចាញ់បោកក្រុមជនខិលខូចអស់ប្រាក់រហូតដល់ ២៥០,០០០ ផោន (ប្រមាណជាង ៣២ម៉ឺនដុល្លារអាមេរិក) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជាវីដេអូក្លែងបន្លំជារូបរាងអ្នកល្បីល្បាញក្នុងវិស័យហិរញ្ញវត្ថុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់ពីប៉ូលិស ជនរងគ្រោះបានឃើញផ្ទាំងពាណិជ្ជកម្មមួយ ដែលប្រើប្រាស់វីដេអូ AI របស់បុគ្គលល្បីឈ្មោះម្នាក់ ដើម្បីផ្សព្វផ្សាយពីឱកាសវិនិយោគ ដោយសន្យានឹងផ្តល់ប្រាក់ចំណេញត្រឡប់មកវិញយ៉ាងក្រាស់ក្រៃ។ សមត្ថកិច្ចបានឱ្យដឹងថា ដំបូងឡើយ ជនរងគ្រោះបានសាកល្បងវិនិយោគក្នុងចំនួនទឹកប្រាក់តូចមួយប៉ុណ្ណោះ។ បន្ទាប់មក ក្រុមបោកប្រាស់បានទាក់ទងមកកាន់ជនរងគ្រោះតាមរយៈកម្មវិធី WhatsApp ហើយបានលួងលោមឱ្យវិនិយោគបន្ថែមទៀត។ ក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រយ៉ាងស្មុគស្មាញ និងប៉ិនប្រសប់ដោយ បញ្ចុះបញ្ចូលឱ្យជនរងគ្រោះបង្កើតគណនីអនឡាញជាច្រើន។ សុំសិទ្ធិបញ្ជាកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយ (Remote access) ដោយអះអាងថានឹងជួយសម្រួលដល់ការវិនិយោគ។ ញុះញង់ឱ្យជនរងគ្រោះខ្ចីប្រាក់បន្ថែមទៀតដើម្បីបន្តការវិនិយោគ មុនពេលផ្ទេរប្រាក់ទាំងនោះចូលទៅក្នុងគណនីដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន។ ថ្វីត្បិតតែប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញាណអ្នកល្បីល្បាញដែលត្រូវបាន AI យកទៅបន្លំរូបរាងក៏ដោយ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន BBC News NI ធ្លាប់បានប្រទះឃើញសកម្មភាពបោកប្រាស់តាមអនឡាញដែលប្រើប្រាស់រូបភាពអ្នកជំនាញហិរញ្ញវត្ថុល្បីៗដូចជា លោក Martin Lewis, លោក Peter Jones និងលោក Steven Bartlett ជាដើម។

អ្នកនាំពាក្យនៃកងកម្លាំងនគរបាល PSNI បានគូសបញ្ជាក់ថា ការយកឈ្មោះ ឬរូបរាងអ្នកល្បីល្បាញមកជួយផ្សព្វផ្សាយ មិនមែនជាភស្តុតាងបញ្ជាក់ថាការវិនិយោគនោះជារឿងពិតប្រាកដ ឬស្របច្បាប់នោះឡើយ។ បច្ចុប្បន្ន ជនខិលខូចមានសមត្ថភាពបង្កើតផ្ទាំងពាណិជ្ជកម្ម គេហទំព័រ សំឡេង និងវីដេអូ AI ដូចមនុស្សពិត ដែលអាចបោកប្រាស់ភ្នែកមហាជនបានយ៉ាងងាយ។

លោកស្រី Joanne Gibson ប្រធានអង្គភាព Scamwise Partnership និងជាស្នងការរងនគរបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ៖
១៖ «ផ្អាក និងពិនិត្យ» (Stop and check) ឱ្យបានច្បាស់លាស់មុននឹងធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ។
២៖ ជជែកពិភាក្សា និងចែករំលែកព័ត៌មានអំពីល្បិចបោកប្រាស់ទាំងនេះជាមួយសមាជិកគ្រួសារ និងសាច់ញាតិ។
៣៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកផ្តល់សេវាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងពិនិត្យមើលថាតើពួកគេទទួលបានអាជ្ញាប័ណ្ណផ្លូវការពី អាជ្ញាធរប្រព្រឹត្តិកម្មហិរញ្ញវត្ថុ (Financial Conduct Authority - FCA) ដែរឬទេមុននឹងសម្រេចចិត្តផ្ទេរប្រាក់៕