Huawei ប្រកាសចេញលក់ទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មី ខណៈដែល Xiaomi និង Apple ត្រៀមដើរតាមពីក្រោយ
08-09-2026 10:36
(បរទេស)៖ ក្រុមហ៊ុន Huawei បានប្រកាសចេញលក់ស្មាតហ្វូនបត់បានលំដាប់ថ្នាក់កំពូលជំនាន់ថ្មី ស្រឡាយ Mate XT2 ដើម្បីការពារតំណែងនាំមុខរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន ស្របពេលដែលគូប្រជែងធំៗដូចជា Xiaomi និង Apple ក៏កំពុងត្រៀមបង្ហាញផលិតផលថ្មីៗរៀងៗខ្លួនផងដែរ។ ទូរស័ព្ទ Mate XT2 ដែលអាចបត់ពន្លាតបានពីរដងទៅជាអេក្រង់ទំហំប៉ុនថេប្លេតនេះ បំពាក់នូវបន្ទះឈីប Kirin 9050 Pro ថ្មី និងមានតម្លៃចាប់ពី ១៩,៩៩៩ យ័ន (ប្រហែល ២,៩៨០ ដុល្លារ) រហូតដល់ ២៤,៩៩៩ យ័ន (ប្រហែល ៣,៧២៥ ដុល្លារ) ដោយគ្រោងចាប់ផ្តើមលក់នៅថ្ងៃទី ១២ ខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
លោក Richard Yu នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្នែក Consumer BG របស់ក្រុមហ៊ុន Huawei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ការកំណត់តម្លៃនាពេលឥឡូវនេះគឺជាការប្រឈមពិតប្រាកដមួយ ដោយសារតែតម្លៃអង្គចងចាំ (Memory) បានកើនឡើងយ៉ាងខ្លាំង។ យើងបានយកបច្ចេកវិទ្យាថ្មីៗជាច្រើនមកប្រើប្រាស់ ហើយសម្ពាធលើដើមទុនមានទំហំធំធេងណាស់»។ ការរចនាបន្ទះឈីបថ្មីដោយប្រើរចនាសម្ព័ន្ធ LogicFolding ក្រោមគោលការណ៍ «Tau Scaling Law» នេះ អនុញ្ញាតឱ្យទូរស័ព្ទផ្តល់កម្លាំងគណនាកាន់តែខ្លាំង ប្រើប្រាស់ថាមពលតិចជាងមុន និងមានប្រសិទ្ធភាពទូទៅល្អជាងមុន ៤២%។
ការប្រកួតប្រជែងក្នុងទីផ្សារកាន់តែឡើងកម្តៅ ខណៈ Xiaomi ត្រៀមប្រកាសចេញទូរស័ព្ទបត់បានរបស់ខ្លួន ហើយ Apple ក៏ត្រូវបានរំពឹងថានឹងបង្ហាញទូរស័ព្ទបត់បានក្នុងស្រឡាយ iPhone ថ្មីនៅថ្ងៃពុធខាងមុខ។ បច្ចុប្បន្ន Huawei គឺជាម៉ាកយីហោធំតែមួយគត់ដែលលក់ទូរស័ព្ទបត់បានបីតង់ (Tri-fold) ទោះបីជាត្រូវហាមឃាត់មិនឱ្យលក់នៅសហរដ្ឋអាមេរិកដោយសារបញ្ហាសន្តិសុខជាតិនោះទេ។ ចំណែកឯ Samsung វិញ បន្ទាប់ពីធ្លាប់ផ្អាកការលក់ម៉ូឌែលបត់បីតង់កាលពីដើមឆ្នាំ ក៏បានពង្រីកជម្រើសទូរស័ព្ទបត់បានបន្ថែមទៀតកាលពីខែកក្កដា។
យោងតាមទិន្នន័យពី IDC និង Smart Analytics Global ក្រុមហ៊ុន Huawei កំពុងឈរនៅកំពូលតារាងនៃទីផ្សារស្មាតហ្វូនប្រទេសចិនជាមួយនឹងភាគហ៊ុន ២២.៦% នៅក្នុងត្រីមាសទីពីរ ឈ្នះលើ Apple (១៨.១%) និង Xiaomi (១២.៤%)។ ដោយឡែកសម្រាប់ទីផ្សារទូរស័ព្ទបត់បានវិញ Huawei ក្តោបក្តាប់ទីផ្សារក្នុងស្រុករហូតដល់ ៦៨% ដែលបង្ហាញពីឥទ្ធិពលយ៉ាងរឹងមាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បើទោះបីជាភាគហ៊ុនរបស់ Xiaomi បានធ្លាក់ចុះ ៣% បន្ទាប់ពីការប្រកាសនេះក៏ដោយ៕














