* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !
* ចំណេះដឹងទូទៅ៖ តម្លៃប្រេងសាំងថោកជាងគេបំផុតទាំង១០ លើពិភពលោក

ប៊ែលហ្ស៊ិក នៅតែទាមទារឱ្យ FIFA បកស្រាយពីការព្យួរកាតក្រហមកីឡាករអាមេរិក Balogun នៅអំឡុង World Cup 2026

08-09-2026 11:17

(បរទេស)៖ សហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិក FA នៅតែចង់បានចម្លើយ និងការបកស្រាយពី FIFA អំពីការអនុញ្ញាតកីឡាករអាមេរិក Folarin Balogun នៅតែអាចចូលលេងបានធម្មតា ទាំងដែលទទួលការពិន័យកាតក្រហមទៅហើយនោះ នៅអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការសម្រេចព្យួរកាតក្រហមរបស់ខ្សែប្រយុទ្ធ Balogun គឺជារឿងដ៏ចម្រូងចម្រាស់មួយដែលបានកើតឡើងនៅ World Cup ជំនាន់ទី២៣ នៅពេលបិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិក ត្រូវប្រឈមមុខនឹងសហម្ចាស់ផ្ទះអាមេរិក ក្នុងវគ្គ ១៦ក្រុមដោយមានវត្តមាន Balogun ទាំងដែលតាមច្បាប់ត្រូវដកបញ្ឈរជើង ១ប្រកួតយ៉ាងតិច ពីការពិន័យកាតក្រហមភ្លាមៗបែបនេះ (straight red card) ក៏ប៉ុន្តែត្រូវបាន FIFA លើកការពិន័យរហូតដល់ ១ឆ្នាំឯណោះ។

ការសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ នាំឱ្យមានការខាងសម្បារ និងរិះគន់ជាខ្លាំងជុំវិញពិភពលោក ជាពិសេសនៅក្រោយពេលបែកធ្លាយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទូរសព្ទទៅប្រធានសហព័ន្ធ FIFA លោក Gianni Infantino ថែមទៀតនោះ។

គ្រានោះដែរ ទាំងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA រួមទាំងប៊ែលហ្ស៊ិក FA មានការចោទសួរ ចំពោះការសម្រេច និងព្យួរកាតក្រហមមានរយៈពេលដល់ ១ឆ្នាំបែបនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៊ែលហ្ស៊ិក តាមរយៈលោកប្រធាន Pascale van Damme បានគូសបញ្ជាក់ថា «អស់ជាង ២ខែមកហើយដែល World Cup 2026 បានបញ្ចប់។ ពួកយើងនៅតែមិនទាន់បានទទួលចម្លើយដដែល និងនៅតែរក្សាជំហរឱ្យ FIFA បកស្រាយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦»។

កាតក្រហមរបស់ Balogun គឺជាការពិន័យកាតក្រហមលើកទី១៨៩ សរុបនៅ World Cup និងជាលើកទី២ ប៉ុណ្ណោះដែលរួចផុតពីការដកបញ្ឈរជើងភ្លាមៗគិតចាប់តាំងពីកីឡាករ Gammincha របស់ប្រេស៊ីលកាល World Cup 1962៕