* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !
* ចំណេះដឹងទូទៅ៖ តម្លៃប្រេងសាំងថោកជាងគេបំផុតទាំង១០ លើពិភពលោក

តើថ្ម Solid-State កម្លាំង 381Wh/kg របស់ ProLogium ពិសេសយ៉ាងណា? ទោះស្ថិតក្នុងឧបសគ្គតែក្រុមហ៊ុនធំៗឈររង់ចាំ

08-09-2026 13:40

(បរទេស)៖ ក្រុមហ៊ុន ProLogium បានចាប់ផ្តើមផលិតកោសិកាថ្ម Solid-State ដែលមានកម្រិតដង់ស៊ីតេថាមពលខ្ពស់រហូតដល់ 381Wh/kg តែទោះបីជាយ៉ាងណា ការកកស្ទះនៅក្នុងដំណើរការផលិត និងសមត្ថភាពរោងចក្រ កំពុងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងឈររង់ចាំមើលការអភិវឌ្ឍបន្ថែមនេះ។ នេះបើតាម Car News China ឱ្យដឹងនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

ProLogium គឺជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មដែលទទួលបានការគាំទ្រពី Mercedes-Benz ហើយកំពុងផ្តោតលើការអភិវឌ្ឍថ្ម Solid-State សម្រាប់រថយន្តអគ្គិសនី (EV) ហើយថ្មប្រភេទនេះត្រូវបានគេចាត់ទុកថា ជាបច្ចេកវិទ្យាជំនាន់ថ្មី ដែលអាចផ្តល់ ដង់ស៊ីតេថាមពលខ្ពស់ជាងថ្ម Lithium-ion ប្រភេទប្រើអេឡិចត្រូលីតរាវ (Liquid Electrolyte Battery) និងមានសុវត្ថិភាពខ្ពស់ជាងក្នុងស្ថានភាពមួយចំនួន។

កម្រិតដង់ស៊ីតេថាមពល 381 Wh/kg គឺជាតួលេខសំខាន់ ព្រោះដង់ស៊ីតេថាមពលកាន់តែខ្ពស់មានន័យថា ថ្មអាចផ្ទុកថាមពលបានច្រើនក្នុងទម្ងន់ដូចគ្នា ហើយសម្រាប់រថយន្ត EV គឺអាចជួយបង្កើនចម្ងាយបើកបរបានក្នុងមួយការសាកម្តង ឬក៏កាត់បន្ថយទម្ងន់កញ្ចប់ថ្ម។

ទោះជាយ៉ាងណា បញ្ហាធំមួយនៅពេលនេះគឺ ការផលិតក្នុងទ្រង់ទ្រាយធំការផលិតថ្ម Solid-State មិនមែនគ្រាន់តែអាចផលិតបាននៅកម្រិតក្នុងមន្ទីរពិសោធន៍ ឬខ្សែសាកល្បងនោះទេ ប៉ុន្តែត្រូវការឱ្យរោងចក្រអាចផលិតបានក្នុងបរិមាណច្រើន មានគុណភាពស្មើគ្នា និងមានថ្លៃដើមសមរម្យ ដែលធ្វើឱ្យក្រុមហ៊ុនជាច្រើនកំពុងរង់ចាំ។

នេះជាមូលហេតុដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន មិនទាន់ប្រញាប់ដាក់ថ្ម Solid-State ទៅក្នុងរថយន្ត ដោយទោះបីបច្ចេកវិទ្យានេះមានសក្តានុពលខ្ពស់ក៏ដោយ។

តើ Solid-State ខុសពីថ្ម EV ធម្មតាយ៉ាងដូចម្តេច? រថយន្តអគ្គិសនីភាគច្រើននាពេលបច្ចុប្បន្នប្រើថ្ម Lithium-ion ដែលមានទម្រង់អេឡិចត្រូលីតរាវ ដើម្បីជួយឱ្យអ៊ីយ៉ុង Lithium ផ្លាស់ទីរវាងអេឡិចត្រូត។
ជាកត់សម្គោលផងថា All-Solid-State Battery គឺប្រើអេឡិចត្រូលីតក្នុងទម្រង់រឹង ហើយបច្ចេកវិទ្យានេះមានសក្តានុពលក្នុងការបង្កើនដង់ស៊ីតេថាមពល កាត់បន្ថយទម្ងន់ និងបង្កើនសមត្ថភាពសាកថ្ម និងការបើកបររបស់រថយន្ត EV។

ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ទោះបី ProLogium បានឈានដល់ការផលិតទ្រង់ទ្រាយធំក៏ដោយ ការពង្រីកការផលិតឱ្យមានបរិមាណខ្ពស់ គុណភាពស្មើគ្នា និងថ្លៃដើមសមរម្យ នៅតែជាបញ្ហាសំខាន់សម្រាប់ឧស្សាហកម្ម Solid-State Battery។ ខណៈ
ធ្លាប់អះអាងថា បានដឹកជញ្ជូនកោសិកាថ្មលើវេទិកា Lithium Ceramic Battery ជាង 2.4 លានកោសិកា ចាប់តាំងពីការផលិតដែលចាប់ផ្តើមក្នុងឆ្នាំ២០១៣ ។

ដូចនេះ ប្រសិនបើបច្ចេកវិទ្យានេះអាចពង្រីកការផលិតបានជោគជ័យ នោះនឹងអាចក្លាយជាជំហានសំខាន់មួយសម្រាប់រថយន្ត EV ជំនាន់ក្រោយ ដែលត្រូវការថ្មស្រាលជាងមុន ប៉ុន្តែផ្ទុកថាមពលបានច្រើនជាងមុន៕