អូស្ត្រាលីចេញច្បាប់ថ្មី បង្ខំក្រុមហ៊ុនបណ្តាញសង្គមឱ្យអ្នកប្រើប្រាស់មានសិទ្ធិបិទ Algorithm តាមចិត្ត
08-09-2026 14:14
(បរទេស)៖ ប្រទេសអូស្ត្រាលីបានស្នើច្បាប់ថ្មីមួយដែលតម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ក្នុងការកំណត់មាតិកាដែលពួកគេចង់ឃើញនៅលើទំព័របណ្តាញ (feed) របស់ខ្លួន។ ក្រោមគំនិតផ្តួចផ្តើម «My Feed, My Way» អ្នកប្រើប្រាស់អាចជ្រើសរើសមើលមាតិកាដែលណែនាំដោយ Algorithm ឬបិទវាចោល ហើយជ្រើសរើសមើលតែការបង្ហោះចេញពីមិត្តភក្តិ និងអ្នកបង្កើតមាតិកា (creators) ដែលពួកគេបាន follow ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។
វិធានការនេះធ្វើឡើងដើម្បីដោះស្រាយក្តីបារម្ភជុំវិញ Algorithm ដែលត្រូវបានរចនាឡើងដើម្បីអូសទាញ និងបង្កើតទម្លាប់ញៀនដល់អ្នកប្រើប្រាស់។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «នេះគឺជាកំណែទម្រង់បែបសមហេតុផល ការអនុវត្តជាក់ស្តែង និងមានប្រយោជន៍»។ លោកបានបន្ថែមទៀតថា «វាផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ ហើយវានឹងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទទួលខុសត្រូវចំពោះអសកម្មភាពរបស់ពួកគេ ប្រសិនបើពួកគេមិនគោរពតាមច្បាប់របស់យើង»។
ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមិនអនុវត្តតាមច្បាប់នេះទេ ពួកគេអាចប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១០៩.២ លានដុល្លារអូស្ត្រាលី (ប្រមាណ ៧៩ លានដុល្លារ) ហើយអាជ្ញាធរត្រួតពិនិត្យអ៊ីនធឺណិត (eSafety) នឹងទទួលបានអំណាចក្នុងការបង្ខំឱ្យក្រុមហ៊ុនលុបមាតិកាគ្រោះថ្នាក់ និងខុសច្បាប់ចេញជាបន្ទាន់។ ទោះជាមានការព្រមានពីអ្នកការពារសេរីភាពក្នុងការបញ្ចេញមតិអំពីការត្រួតពិនិត្យមាតិកា (censorship) ក៏ដោយ លោក Albanese បានគូសបញ្ជាក់យ៉ាងច្បាស់ថា «វាមិនមែនជាការផ្តល់ការត្រួតពិនិត្យដល់រដ្ឋាភិបាលនោះទេ។ វាគឺអំពីការផ្តល់ការត្រួតពិនិត្យ និងសិទ្ធិអំណាចទៅឱ្យប្រជាជនវិញ»។
គូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីគ្រោងនឹងដាក់សេចក្តីព្រាងច្បាប់នេះជូនសភានៅចុងឆ្នាំនេះ បន្ទាប់ពីទទួលបានមតិយោបល់ត្រឡប់ពីភាគីពាក់ព័ន្ធ និងស្ថាប័នស៊ីវិល។ ការផ្លាស់ប្តូរនេះ បានធ្វើឱ្យអូស្ត្រាលីដើរតាមគន្លងរបស់សហភាពអឺរ៉ុប ក្នុងការបន្តរឹតបន្តឹង និងទាមទារឱ្យក្រុមហ៊ុន Big Tech ទទួលខុសត្រូវខ្ពស់ចំពោះសុវត្ថិភាពរបស់អ្នកប្រើប្រាស់អនឡាញ៕





