* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !
* ចំណេះដឹងទូទៅ៖ តម្លៃប្រេងសាំងថោកជាងគេបំផុតទាំង១០ លើពិភពលោក

ក្រុមហ៊ុនទូរគមនាគមន៍យក្សអឺរ៉ុប ៤ រួមកម្លាំងគ្នាបង្កើតបណ្តាញផ្កាយរណប ដេញជើង Starlink របស់លោក Elon Musk

08-09-2026 15:29

(បរទេស)៖ ក្រុមហ៊ុនទូរស័ព្ទចល័តធំបំផុតនៅអឺរ៉ុបចំនួន ៤ រួមមាន Deutsche Telekom, Orange, Vodafone និង Telefonica កំពុងស្ថិតក្នុងការចរចាដំណាក់កាលដំបូង ដើម្បីបង្កើតជាក្រុមសម្ព័ន្ធ (Consortium) មួយ។ ការរួមដៃគ្នានេះ គឺដើម្បីចូលរួមដេញថ្លៃយកប្រេកង់រលកធាតុអាកាសផ្កាយរណបរបស់សហភាពអឺរ៉ុប (EU) ក្នុងគោលបំណងផ្តល់សេវាអ៊ីនធឺណិត និងការភ្ជាប់ទំនាក់ទំនងពីផ្កាយរណបទៅកាន់ទូរស័ព្ទដៃដោយផ្ទាល់ (Direct-to-mobile)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសកាលពីខែឧសភា អំពីផែនការបែងចែកប្រេកង់រលកធាតុអាកាសផ្កាយរណបភាគច្រើនឱ្យទៅក្រុមហ៊ុនក្នុងតំបន់អឺរ៉ុប និងកាត់បន្ថយចំណែករបស់ក្រុមហ៊ុនអាមេរិក។ យុទ្ធសាស្ត្រនេះមានគោលដៅជំរុញអាជីវកម្មក្នុងស្រុក បង្កើនសមត្ថភាពផ្កាយរណបអធិបតេយ្យភាព និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សបរទេស (Big Tech)។

គណៈកម្មការអឺរ៉ុបបានកំណត់យកប្រភាគ ២ ភាគ ៣ នៃប្រេកង់រលកធាតុអាកាសនៅលើបណ្តាញផ្កាយរណប IRIS² (ដែលមានផ្កាយរណបចំនួន ២៩០ គ្រឿង) សម្រាប់ប្រើប្រាស់ក្នុងពាណិជ្ជកម្ម ដោយចែកស្មើគ្នាវាងប្រតិបត្តិករក្នុង និងក្រៅតំបន់។ បណ្តាញ IRIS² នេះ គឺជាគម្រោងឆ្លើយតបដ៏សំខាន់របស់អឺរ៉ុបទល់នឹងសេវាកម្ម Starlink ហើយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ទាំង ៤ នឹងចូលរួមដេញថ្លៃលើផ្នែកដែលត្រូវបានរក្សាទុកសម្រាប់ប្រតិបត្តិករអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពដែលបានប្រាប់ទៅ Bloomberg News បានឱ្យដឹងថា «មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយលើការបង្កើតសហព័ន្ធ ឬផែនការដេញថ្លៃនៅឡើយទេ»។ ខណៈពេលដែលក្រុមហ៊ុន Vodafone, Orange និង Telefonica បានបដិសេធមិនផ្តល់ប្រភពអត្ថាធិប្បាយ ហើយ Deutsche Telekom ក៏មិនទាន់បានឆ្លើយតបភ្លាមៗជុំវិញរបាយការណ៍នេះដែរ៕