* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !
* ចំណេះដឹងទូទៅ៖ តម្លៃប្រេងសាំងថោកជាងគេបំផុតទាំង១០ លើពិភពលោក

CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំនៅអង់គ្លេស៖ «ការខ្វះខាតបន្ទះឈីប ធ្វើឱ្យរាំងស្ទះដល់ AI ក្នុងការស្វែងរកវិធីព្យាបាលជំងឺមហារីក»

08-09-2026 16:27

(បរទេស)៖ លោក Rene Haas នាយកប្រតិបត្តិនៃក្រុមហ៊ុន Arm Holdings ដែលជាក្រុមហ៊ុនរចនាបន្ទះឈីបដ៏ធំបំផុត មានទីស្នាក់ការនៅចក្រភពអង់គ្លេស បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងអាចស្វែងរកវិធីព្យាបាលជំងឺមហារីកជាសះស្បើយដែលមនុស្សយើងមិនអាចធ្វើបាននៅក្នុងជីវិតរស់នៅរបស់យើងឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

លោកបានពន្យល់ថា ទោះបីជាការបង្កើតគំរូស្វែងយល់ពីផលប៉ះពាល់នៃ DNA ដោយសារជំងឺមហារីកនាពេលបច្ចុប្បន្នមានភាព «ស្មុគស្មាញពេក» សម្រាប់មនុស្ស និងកុំព្យូទ័រ AI នាពេលឥឡូវនេះក៏ដោយ ប៉ុន្តែនៅពេលដែលប្រព័ន្ធកុំព្យូទ័រកាន់តែទំនើបទៅៗ AI នឹងអាចដោះស្រាយបញ្ហានេះបាននៅពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ លោក Haas បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនទៀតរួមមាន៖

១៖ ការខ្វះខាតបន្ទះឈីប ការរីកចម្រើនយ៉ាងឆាប់រហ័សនៃ AI កំពុងជួបប្រទះឧបសគ្គ ដោយសារតែការខ្វះខាតបន្ទះឈីប (Chips) សម្រាប់សាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centres)។ លោកក៏បានបង្ហាញការសង្ស័យចំពោះលទ្ធភាពនៃការផលិតបន្ទះឈីបនៅក្នុងប្រទេសអង់គ្លេសផងដែរ ដោយសារតែវាត្រូវចំណាយដើមទុនខ្ពស់ខ្លាំង និងត្រូវការធនធានមនុស្សជំនាញច្រើន។
២៖ មនុស្សយន្ត Humanoid AI នឹងជំរុញឱ្យមានការប្រើប្រាស់ «មនុស្សយន្តដូចមនុស្ស» (Humanoid Robots) យ៉ាងទូលំទូលាយក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ ក្នុងវិស័យផលិតកម្ម សេវាកម្ម សម្អាត សន្តិសុខ និងការជួសជុល។
៣៖ ផលប៉ះពាល់លើការងារ ការព្រួយបារម្ភថាមនុស្សយន្ត ឬ AI នឹងដណ្តើមការងារមនុស្សទាំងស្រុងនោះ គឺជា «ការនិយាយលើសពីការពិត» ព្រោះបច្ចេកវិទ្យានេះនឹងបង្កើតឱកាសការងារថ្មីៗមកវិញ។

យោងតាមទស្សនៈពីអ្នកជំនាញស្រាវជ្រាវជំងឺមហារីក សាស្ត្រាចារ្យ Chris Bakal មកពីវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកទីក្រុងឡុងដ៍ (Institute of Cancer Research) បានបន្ថែមថា សំណួរសំខាន់មិនមែនជាការប្រើប្រាស់ AI ឬកុំព្យូទ័រធំប៉ុណ្ណានោះទេ ប៉ុន្តែគឺ «ទិន្នន័យ» ដែលយើងផ្តល់ឱ្យ AI។ អនាគតនៃ AI ក្នុងវិស័យវេជ្ជសាស្ត្រ គឺផ្អែកលើការទទួលបានទិន្នន័យត្រឹមត្រូវចេញពីគំរូជំងឺរបស់ប្រជាជន ដែលអាចជួយកាត់បន្ថយពេលវេលាក្នុងការអភិវឌ្ឍវិធីព្យាបាលថ្មីៗបានច្រើនឆ្នាំ៕