* ស្លូវេនី បើកភ្លើងខៀវឱ្យប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD របស់ Tesla មុនការបោះឆ្នោតសម្រេចទូទាំងអឺរ៉ុប
* CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំនៅអង់គ្លេស៖ «ការខ្វះខាតបន្ទះឈីប ធ្វើឱ្យរាំងស្ទះដល់ AI ក្នុងការស្វែងរកវិធីព្យាបាលជំងឺមហារីក»
* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !

ស្លូវេនី បើកភ្លើងខៀវឱ្យប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD របស់ Tesla មុនការបោះឆ្នោតសម្រេចទូទាំងអឺរ៉ុប

09-09-2026 10:03

(បរទេស)៖ ប្រទេសស្លូវេនី បានប្រកាសអនុម័តផ្លូវការឱ្យប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ FSD (Full Self-Driving) របស់ក្រុមហ៊ុន Tesla នៅលើផ្លូវថ្នល់របស់ខ្លួន ដោយធ្វើឱ្យប្រទេសមួយនេះក្លាយជាសមាជិកទី ៦ នៅក្នុងតំបន់អឺរ៉ុប ដែលបានផ្តល់ការអនុញ្ញាត មុនពេលមានការបោះឆ្នោតសម្រេចទូទាំងសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្រុមហ៊ុន Tesla បានប្រកាសនៅលើបណ្តាញសង្គម X ដែលត្រូវបានចែករំលែកបន្តដោយលោក Elon Musk ថា៖ «ប្រព័ន្ធ FSD (Supervised) ឥឡូវនេះត្រូវបានអនុម័តនៅក្នុងប្រទេសស្លូវេនីហើយ ហើយការដាក់ឱ្យប្រើប្រាស់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ»។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងថាមពល និងហេដ្ឋារចនាសម្ព័ន្ធស្លូវេនី លោក Jernej Vrtovec ក៏បានសម្តែងការគាំទ្រចំពោះបច្ចេកវិទ្យានេះ ក្រោមសារថា «ការអភិវឌ្ឍប្រទេសស្លូវេនី»

ការសម្រេចចិត្តរបស់ស្លូវេនី បានដើរតាមគំរូរបស់ប្រទេសហូឡង់ ដែលជាប្រទេសដំបូងគេក្នុងសហភាពអឺរ៉ុបដែលបានផ្តល់ការអនុញ្ញាតជាបណ្តោះអាសន្នកាលពីខែមេសា ក៏ដូចជាប្រទេសអឺរ៉ុបចំនួន ៤ ផ្សេងទៀត ខណៈដែលហ្វាំងឡង់ និងក្រិកកំពុងស្ថិតក្នុងការពិចារណា។ ដោយឡែក ប្រទេសបារាំង ដែលធ្លាប់បានលើកឡើងពីក្តីបារម្ភផ្នែកសុវត្ថិភាព ក៏បានចាប់ផ្តើមធ្វើការសាកល្បងរថយន្តបំពាក់ប្រព័ន្ធ FSD ចំនួនពីរគ្រឿងផងដែរ បន្ទាប់ពីមាន «ការផ្លាស់ប្តូរមតិប្រកបដោយការស្ថាបនា» រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង និងលោក Elon Musk។

សូមបញ្ជាក់ថា ប្រព័ន្ធ FSD របស់ Tesla គឺជាបច្ចេកវិទ្យាជំនួយការបើកបរដែលអាចបញ្ជារថយន្តបានដោយស្វ័យប្រវត្តិ ប៉ុន្តែនៅតែតម្រូវឱ្យអ្នកបើកបររក្សាការយកចិត្តទុកដាក់ខ្ពស់។ ការបើកផ្លូវជាបន្តបន្ទាប់ពីប្រទេសក្នុងតំបន់អឺរ៉ុបនេះ កើតឡើងចំពេលដែល Tesla ទើបតែបានទម្លាយទិន្នន័យសាកល្បងរបស់ខ្លួនជាសាធារណៈ ដោយរំពឹងថាសហភាពអឺរ៉ុបអាចនឹងរៀបចំការបោះឆ្នោតអនុម័តប្រព័ន្ធនេះសម្រាប់ប្រើប្រាស់ទូទៅ យ៉ាងឆាប់នៅថ្ងៃទី០៦ ខែតុលា ខាងមុខនេះ៕