ជើងខ្លាំងគុនខ្មែរ ៨រូប ឡើងប្រជែងខ្សែក្រវាត់ Cambodia Mas Fight
09-09-2026 11:15
(ភ្នំពេញ)៖ កីឡាករជើងខ្លាំងគុនខ្មែរ ៨រូប ត្រូវបានសម្រិតសម្រាំងចូលរួមការប្រកួតដណ្ដើមខ្សែក្រវាត់ Cambodia Mas Fight ប្រភេទទម្ងន់ ៦០គីឡូក្រាម លើសង្វៀនថោន។ នេះគឺជាកម្មវិធីប្រកួតមួយដ៏ធំ ដោយម្ចាស់ខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១ម៉ឺនដុល្លារ។
លោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយស្ថានីយ៍ទូរទស្សន៍ថោន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្មីៗថា បេក្ខភាពត្រូវប្រជែងខ្សែក្រវាត់កម្រិតខ្ពស់នេះ មាន ៨រូប និងបែងចែកជា ២ពូល ក្នុងនោះពូល A មានកីឡាករ ចិត្រ សុភី, ភក្ដី ដាលីន, ពុយ ឡាយ និង ឌុន បូឡា និងពូល B មានកីឡាករ ឈួន បួន, សឹង ឡេង, នួន ចក់រ៉ាជូ និងកីឡាករ ពេជ្រ សុខឃឹម។
សម្រាប់លក្ខន្ដិកៈនៃការប្រកួត ត្រូវបានកំណត់តាមច្បាប់ Mas Fight ពោលគឺប្រកួតធ្វើឡើងតែមួយទឹកប៉ុណ្ណោះ មានរយៈពេល ៩នាទី តែមិនមានចៅក្រមដាក់ពិន្ទុ មានតែអាជ្ញាកណ្ដាលមួយរូប ដែលជាអ្នកបញ្ជាការប្រកួតនៅលើសង្វៀន។ អ្នកដែលអាចទទួលជ័យជម្នះបាន លុះត្រាតែអាចផ្ដួលដៃគូឲ្យបោះបង់ការប្រកួត មានការបញ្ឈប់ពីអាជ្ញាកណ្ដាល ឬក៏ភាគីម្ខាងទៀតជាអ្នកបោះបង់ការប្រកួត។
អ្វីតែកាន់តែពិសេសនោះ ប្រសិនបើកីឡាករមានពិន្ទុស្មើគ្នា គេនឹងគិតលើលក្ខខណ្ឌមួយទៀតគឺកីឡាករដែលមិនមានការរ៉ាប់ មិនមានការព្រមានជាកាតលឿង ឬកាតក្រហមអំឡុងពេលប្រកួត នឹងក្លាយជាកីឡាករដែលមានអាទិភាពខ្ពស់ជាងតាមលក្ខន្តិកៈនៃការគោរពច្បាប់ប្រកួត។ រាល់សប្ដាហ៍នៃការប្រកួត នឹងមានស្នងការមួយពីសហព័ន្ធ ដើម្បីកត់ត្រាកំហុសកីឡាករកំឡុងការប្រកួតដើម្បីកំណត់កីឡាករអាទិភាពនៅពេលឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រផងដែរ។
ចំពោះរូបមន្ដនៃការប្រកួត ក្រោយបញ្ចប់វគ្គសន្សំពិន្ទុ កីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបន្ដប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាម្ចាស់ខ្សែក្រវាត់តែម្ដង។ ប៉ុន្ដែឈានដល់វគ្គខ្លាំង ប៉ះខ្លាំងនេះក្នុងករណីកីឡាករមានពិន្ទុស្មើគ្នា គណៈកម្មការត្រូវថែម ១ទឹកទៀតមានរយៈពេល ៩នាទី ហើយបើបន្ដស្មើ នឹងប្រកួតថែម១ ទឹកទៀតមានរយៈពេល ៣នាទី គ្រាដែលបើបន្ដស្មើទៀត នឹងត្រូវសម្រេចដោយការចាប់ឆ្នោតរកម្ចាស់ជ័យលាភីតែម្ដង។
ជាមួយការប្រកួតដណ្ដើមខ្សែក្រវាត់ Cambodia Mas Fight រដូវកាលនេះដែរ សម្រាប់កីឡាករដណ្ដើមបានជើងឯក ឬក្លាយជាម្ចាស់ខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ និងខ្សែក្រវាត់មួយ គ្រាដែលជើងឯករង នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥ពាន់ដុល្លារផងដែរ៕












