* ស្លូវេនី បើកភ្លើងខៀវឱ្យប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD របស់ Tesla មុនការបោះឆ្នោតសម្រេចទូទាំងអឺរ៉ុប
* CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំនៅអង់គ្លេស៖ «ការខ្វះខាតបន្ទះឈីប ធ្វើឱ្យរាំងស្ទះដល់ AI ក្នុងការស្វែងរកវិធីព្យាបាលជំងឺមហារីក»
* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !

CEO ថ្មីរបស់ Apple លោក John Ternus ប្រឈមមុខនឹងការសាកល្បង AI ខណៈ iPhone អេក្រង់បត់ ត្រៀមខ្លួនបង្ហាញវត្តមាន

09-09-2026 11:37

(បរទេស)៖ លោក John Ternus នាយកប្រតិបត្តិ (CEO) ថ្មីរបស់ក្រុមហ៊ុន Apple នឹងត្រូវប្រឈមការសាកល្បងសមត្ថភាពដ៏សំខាន់ជាលើកដំបូង ខណៈទីផ្សារភាគហ៊ុន Wall Street រំពឹងថាលោកនឹងបង្ហាញពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏ទំនើប និងការអភិវឌ្ឍកម្មវិធីជំនួយការនិម្មិត Siri ឱ្យមានសមត្ថភាពប្រកួតប្រជែងក្នុងប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
អ្នកវិភាគរំពឹងថា Apple នឹងប្រកាសចេញផ្សាយទូរស័ព្ទ iPhone ម៉ូដែលថ្មីដែលអាចបត់បានដូចសៀវភៅលិខិតឆ្លងដែន នៅឯការិយាល័យកណ្តាលក្នុងក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា។ ពួកគេបានលើកឡើងថា ទោះបីជាមានតម្លៃរំពឹងទុកលើសពី ២,៥០០ ដុល្លារ ហើយកាមេរ៉ា និងបន្ទះឈីបប្រូសេសស័រ (Processor) ប្រហែលជាមិនមែនជាកំពូលនៅលើទីផ្សារក៏ដោយ ក៏វាអាចក្លាយជាអ្នកដឹកនាំក្នុងទីផ្សារទូរស័ព្ទបត់បានយ៉ាងឆាប់រហ័ស។ ទោះជាមានតម្លៃខ្ពស់ ក៏អ្នកវិភាគរំពឹងថានឹងអាចបង្កើតចំណូលបានរហូតដល់ ៤៥ ពាន់លានដុល្លារត្រឹមចុងឆ្នាំមុខ ដោយសារតែភាពពេញនិយម និងភាពស៊ីវីល័យនៃម៉ាកសញ្ញា Apple។

Apple បានកែសម្រួលប្រព័ន្ធ Siri ឡើងវិញដោយប្រើប្រាស់បច្ចេកវិទ្យា AI របស់ Google នៅពីក្រោយខ្នង។ ការដំឡើងកម្រិត Siri លើកនេះជាឱកាសមាសសម្រាប់ Apple ក្នុងការដេញទាន់គូប្រជែងដូចជា Google Gemini និង OpenAI បន្ទាប់ពីពន្យារពេលជាច្រើនឆ្នាំ។ Siri ជំនាន់ថ្មីនេះ អាចនឹងប្រឈមមុខនឹងច្បាប់បទប្បញ្ញត្តិដ៏តឹងរ៉ឹង ដោយអាចត្រូវចំណាយពេលរហូតដល់ឆ្នាំ២០២៨ ទម្រាំទទួលបានការអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសចិន ហើយក៏មិនទាន់មានភ្លាមៗនៅក្នុងតំបន់អឺរ៉ុបដែរ។ Apple នឹងធ្វើបច្ចុប្បន្នភាពលើម៉ូដែល iPhone Pro និង Pro Max ប៉ុន្តែបានពន្យារពេលការកែលម្អលើម៉ូដែល iPhone Air និងម៉ូដែលធម្មតារហូតដល់រដូវផ្កាឈីកខាងមុខ ដើម្បីទុកឱកាសឱ្យ iPhone បត់បានក្លាយជាតួឯកសំខាន់។

ងាកមក បញ្ហាប្រឈមចម្បងរបស់លោក Ternus គឺការបញ្ចុះបញ្ចូលអតិថិជនឱ្យទទួលយក Siri ថ្មី និងការបង្កើតទំនុកចិត្តដល់អ្នកអភិវឌ្ឍន៍កម្មវិធីថា Apple អាចដើរទាន់គូប្រជែងដូចជា OpenAI ដែលតែងតែចេញផ្សាយការអភិវឌ្ឍធំៗរៀងរាល់ពីរសប្តាហ៍ម្តង ខណៈដែល Apple ជាទូទៅដើរយឺតជាង។ អ្នកវិភាគនិយាយថា លោក Ternus ដែលធ្លាប់កាន់តំណែងជាប្រធានផ្នែកវិស្វកម្ម Hardware ដោយស្ងៀមស្ងាត់អស់រយៈពេល ៥ឆ្នាំ ទំនងជានឹងផ្តោតលើការផ្តល់ជូនឧបករណ៍ដែលមានកម្លាំងខ្លាំង ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការពង្រីក AI លើឧបករណ៍ផ្ទាល់ (On-device AI)៕