Apple អាចប្រឈមមុខនឹងការពន្យារពេលចេញលក់ iPhone Ultra នៅចិន ដោយសារបញ្ហាបច្ចេកវិទ្យា eSIM
09-09-2026 14:36
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវគេរាយការណ៍ថា អាចនឹងជួបប្រទះនូវការពន្យារពេលក្នុងការដាក់លក់ទូរស័ព្ទអេក្រង់បត់ iPhone Ultra នៅក្នុងទីផ្សារប្រទេសចិន បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត ដោយសារតែបញ្ហាប្រឈមផ្នែកបទប្បញ្ញត្តិ និងបច្ចេកវិទ្យា eSIM។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន GSMArena។
យោងតាមប្រភពព័ត៌មានបច្ចេកវិទ្យាអន្តរជាតិ និងការវិភាគពីបណ្តាញសង្គម Weibo ឈ្មោះ Instant Digital បានឱ្យដឹងថា ម៉ូដែល iPhone Ultra អេក្រង់បត់ និង iPhone Air ត្រូវ បានរចនាឡើងយ៉ាងស្តើងខ្លាំង ដែលតម្រូវឱ្យ Apple លុបចោលរន្ធដោតស៊ីមកាតរូបវន្ត (Physical SIM) ដោយជំនួសមកវិញនូវការប្រើប្រាស់បច្ចេកវិទ្យា eSIM សុទ្ធ។
កាលពីមួយឆ្នាំមុន ការដាក់លក់ iPhone Air ដែលប្រើ eSIM សុទ្ធដំបូងគេនៅប្រទេសចិន បានជួបប្រទះឧបសគ្គផ្នែកអនុលោមភាពពីអាជ្ញាធរ ដោយសារនីតិវិធីនៃការបើកដំណើរការ (Activation) ការផ្លាស់ប្តូរ និងការផ្ទេរ eSIM នៅចិននៅតែមានភាពស្មុគស្មាញ និងរឹតបន្តឹងខ្លាំងផ្នែកសន្តិសុខ។ បញ្ហាបច្ចេកវិទ្យានេះហើយដែលត្រូវគេព្យាករណ៍ថា នឹងកើតមានឡើងសារជាថ្មីលើម៉ូដែល iPhone Ultra។
ដោយឡែក សម្រាប់ម៉ូដែល iPhone 18 Pro និង iPhone 18 Pro Max ត្រូវបានរំពឹងថានឹងបន្តរក្សាទម្រង់ប្រើប្រាស់ស៊ីមកាតរូបវន្ត បូករួមជាមួយ eSIM (SIM+eSIM) ដដែល ដែលជាទម្រង់ស្តង់ដារសម្រាប់ទីផ្សារអន្តរជាតិ និងចិន។
បន្ថែមពីលើបញ្ហាស៊ីមកាត នៅមានសេចក្តីរាយការណ៍អំពីកង្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ដោយ Apple អាចនឹងមានសមត្ថភាពផលិត iPhone Ultra គ្រប់គ្រាន់សម្រាប់តែការចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកមុនគេប៉ុណ្ណោះ មុនពេលបន្តពង្រីកទៅកាន់ទីផ្សារសំខាន់ៗផ្សេងទៀត។
គិតត្រឹមពេលនេះ ក្រុមហ៊ុន Apple និងអាជ្ញាធរគ្រប់គ្រងបច្ចេកវិទ្យាចិន មិនទាន់បានចេញសេចក្តីប្រកាសផ្លូវការជុំវិញកាលបរិច្ឆេទនៃការដាក់លក់ iPhone Ultra នៅក្នុងប្រទេសចិននៅឡើយទេ។ ម៉ូដែល iPhone 18 Series និង iPhone Ultra ត្រូវគេរំពឹងថានឹងត្រូវប្រកាសបង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពិសេសរបស់ Apple នាពេលឆាប់ៗនេះ៕













