ក្រុមហ៊ុន Amazon រងបណ្តឹងធំពីបទរើសអើងបុគ្គលិកមានផ្ទៃពោះជាប្រព័ន្ធ និងដេញចេញខុសច្បាប់
09-09-2026 15:28
(បរទេស)៖ ក្រុមហ៊ុនលក់រាយយក្ស Amazon កំពុងប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់ ដ៏ធំមួយនៅតុលាការសហព័ន្ធអាមេរិក ក្រោមការចោទប្រកាន់ថា បានរើសអើងជាប្រព័ន្ធលើបុគ្គលិកមានផ្ទៃពោះរាប់ពាន់នាក់ រួមទាំងការបដិសេធមិនផ្តល់ការសម្រួលជាមូលដ្ឋាន ដូចជា កៅអីអង្គុយ ការសម្រាកបរិភោគទឹក ទៅបន្ទប់ទឹក និងការឈប់សម្រាកពិនិត្យសុខភាពផ្ទៃពោះ។ ពាក្យបណ្តឹងដែលដាក់ដោយអតីតបុគ្គលិកឃ្លាំង ៤ រូប និងអង្គការសិទ្ធិពលករ A Better Balance បានគូសបញ្ជាក់ថា៖ «Amazon គឺជាសហគ្រាសជួលពលករធំបំផុតមួយនៅក្នុងប្រទេសនេះ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលបុគ្គលិកជាច្រើនរបស់ខ្លួនមានផ្ទៃពោះ។ ប៉ុន្តែ Amazon បានបំពានច្បាប់នៅគ្រប់ជំហាន»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។
ដើមចោទម្នាក់ឈ្មោះ Willamina Barclay បានរៀបរាប់ថា នាងត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារត្រឹមតែ ៥ ថ្ងៃ បន្ទាប់ពីនាងត្រូវបានដឹកតាមរទេះរុញចេញពីឃ្លាំងទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារការឈឺពោះធ្ងន់ធ្ងរពីការលើកទំនិញធ្ងន់។ ខាង Amazon បានអះអាងថា ការទៅមន្ទីរពេទ្យរបស់នាងធ្វើឱ្យឈប់សម្រាកលើសកម្រិតកំណត់។ ករណីនេះបានស្តែងឱ្យឃើញពីការចោទប្រកាន់ថា Amazon តែងតែគំរាមកំហែង បង្ខំសុំឯកសារវេជ្ជសាស្ត្រដោយខុសច្បាប់ និងបញ្ឈប់បុគ្គលិកមានផ្ទៃពោះជាហូរហែ ដែលការណ៍នេះបំពានលើច្បាប់សហព័ន្ធស្តីពីសមភាពកម្មករមានផ្ទៃពោះ (Pregnant Workers Fairness Act) និងច្បាប់ពលកម្មរដ្ឋញូវយ៉ក។
ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុន Amazon លោកស្រី Kelly Nantel បានទាត់ចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ការរៀបរាប់របស់ដើមចោទ «មានព័ត៌មានមិនត្រឹមត្រូវ និងបានរំលងព័ត៌មានលម្អិតសំខាន់ៗ»។ លោកស្រីបានគូសបញ្ជាក់ថា៖ «ការធានាសុខភាព និងសុខុមាលភាពរបស់បុគ្គលិកយើង គឺជាការទទួលខុសត្រូវដ៏ធំបំផុតមួយរបស់យើង» ដោយក្រុមហ៊ុនបានផ្តល់ការសម្រួលដល់បុគ្គលិកមានផ្ទៃពោះរាប់ម៉ឺននាក់ និងបានអនុម័តសំណើច្រើនជាង ៩៩,៩% ក្នុងឆ្នាំកន្លងទៅ។
គួរបញ្ជាក់ថា Amazon គឺជាក្រុមហ៊ុនឯកជនធំបំផុតទី២ នៅអាមេរិកដែលមានបុគ្គលិករហូតដល់ ១,៥៨ លាននាក់។ បណ្តឹងថ្មីនេះបានបន្ថែមសម្ពាធផ្លូវច្បាប់កាន់តែខ្លាំងលើក្រុមហ៊ុន ខណៈដែល Amazon កំពុងប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់ស្រដៀងគ្នានេះពីរដ្ឋ New Jersey និងរដ្ឋ New York រួចទៅហើយ ជុំវិញការរើសអើងលើបុគ្គលិកឃ្លាំងដែលមានពិការភាព ឬមានផ្ទៃពោះ៕












