ទឹកចិត្តសប្បុរសធម៌ ដើម្បីក្តីសង្ឃឹមកុមារកម្ពុជា! ខ្មែរ ប៊ែវើរីជីស ប្រគល់ថវិកាចំនួន ៨០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ជា រួមចំណែកគាំទ្រការថែទាំសុខភាពកុមារកម្ពុជា
09-09-2026 15:35
(ភ្នំពេញ)៖ កម្លាំងសាមគ្គីពីបងប្អូនខ្មែរគ្រប់រូប តាមរយៈការប្រគំតន្ត្រីសប្បុរសធម៌រយៈពេល ៣ថ្ងៃ បានក្លាយជាជំនួយដ៏មានអត្ថន័យសម្រាប់កុមារកម្ពុជា ដោយលោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមជាមួយផលិតកម្ម Galaxy Navatra បាននាំយកថវិកាចំនួន ៨០លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីចូលរួមចំណែកក្នុងការថែទាំ និងព្យាបាលកុមារនៅកម្ពុជា។
ជាមួយគ្នានេះ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ ក៏បាននាំយកទឹកដោះគោឆៅផ្កាឈូកចំនួន ៣,០០០កេស ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ និងជាង ២,០០០កេស ទៀត ទៅជូនមន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមគាំទ្រផ្នែកអាហារូបត្ថម្ភដល់កុមារ និងទារកដែលកំពុងទទួលការព្យាបាលនៅទីនោះ។ ការផ្តល់ជំនួយនេះ គឺតាមរយៈយុទ្ធនាការសប្បុរសធម៌ចែកទឹកដោះគោជាង ២ម៉ឺនកេស ដែលនឹងបន្តឧបត្ថម្ភទៅកាន់មន្ទីរពេទ្យធំៗទាំងនៅរាជធានី និងបណ្តាខេត្តផ្សេងៗទៀត ព្រមទាំងបងប្អូនដែលកំពុងស្នាក់នៅ «ភូមិរង់ចាំ» ផងដែរ។
ជាក់ស្តែងកន្លងមកទឹកដោះគោផ្កាឈូក ដែលជាផលិតផលរបស់កូនខ្មែរ តែងតែបន្តចូលរួមក្នុងសកម្មភាពសង្គម និងចែករំលែកការគាំទ្រទៅកាន់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការឧបត្ថម្ភដល់មន្ទីរពេទ្យ សាលារៀន និងទីតាំងផ្សេងៗដែលខ្វះខាត។
គួររំលឹកថា ថវិកាចំនួន ៨០លានរៀលនេះ គឺជាផ្នែកមួយនៃថវិកាដែលប្រមូលបានពីការប្រគំតន្រ្តីសប្បុរសធម៌ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ក្រោមការចូលរួមឧបត្ថម្ភផ្តាច់មុខពីទឹកពិសាកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
រួមគ្នាផ្តល់ក្តីសង្ឃឹម ចែករំលែកសេចក្តីស្រឡាញ់សម្រាប់កុមារកម្ពុជា ជាមួយទឹកពិសាកម្ពុជាទាំងអស់គ្នា!៕







