Google បោះទុន ១៥ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI នៅហ្វាំងឡង់ និងចុះកិច្ចសន្យាទិញថាមពលបរមាណូ
10-09-2026 11:21
(ហែលស៊ិនគី)៖ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសផែនការវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ១៣ ពាន់លានអឺរ៉ូ (ប្រមាណ ១៥,១ ពាន់លានដុល្លារអាមេរិក) ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រទេសហ្វាំងឡង់។ នេះត្រូវបានចាត់ទុកជា ទំហំទុនវិនិយោគធំបំផុតតែមួយគត់របស់ Google នៅទ្វីបអឺរ៉ុប។
គម្រោងនេះរួមបញ្ចូលទាំងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Center) ថ្មីចំនួន ៣ កន្លែងនៅភាគខាងជើងប្រទេសហ្វាំងឡង់ ដែលជាតំបន់មានអាកាសធាតុត្រជាក់ខ្លាំង ជួយកាត់បន្ថយចំណាយលើការបញ្ចុះកម្ដៅម៉ាស៊ីន Server ដោយ Google បានចុះកិច្ចសន្យារយៈពេល ២២ ឆ្នាំជាមួយក្រុមហ៊ុនថាមពលរដ្ឋ Fortum ដើម្បីទិញថាមពលអគ្គិសនីរហូតដល់ ៥០% ពីរោងចក្រថាមពលបរមាណូ Loviisa។ នេះជាកិច្ចព្រមព្រៀងថាមពលបរមាណូដំបូងបង្អស់របស់ Google នៅក្រៅសហរដ្ឋអាមេរិក។
ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះនឹងជួយពង្រឹងសមត្ថភាពដំណើរការនៃសេវាកម្ម AI និងឌីជីថលសំខាន់ៗដូចជា Gemini, Google Search, Maps និង YouTube ហើយគម្រោងនេះគ្រោងអនុវត្តនៅឆ្នាំ ២០២៧ និង ២០២៨ ដោយរំពឹងថានឹងចូលរួមចំណែកប្រមាណ ៣,៦ ពាន់លានអឺរ៉ូដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ហ្វាំងឡង់ និងបង្កើតការងារប្រហែល ៧,០០០ កន្លែងក្នុងមួយឆ្នាំនៅពេលដំណើរការពេញលេញ៕






