* Messi ដែលទើបលាឈប់ពីជម្រើសជាតិ ព្រមព្រៀងទិញក្លិបក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ទោះស្ថិតនៅលេខរៀងទី២០ ក៏ដោយ
* ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ
* Google បោះទុន ១៥ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI នៅហ្វាំងឡង់ និងចុះកិច្ចសន្យាទិញថាមពលបរមាណូ
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក
* ចំណេះដឹងទូទៅ៖ ១០ហេតុការណ៍ ដែលបំផ្លាញបេតិកភណ្ឌដោយសារសង្គ្រាម និងជម្លោះ

iPhone 18 Pro និង Pro Max ប្រកាសចេញជាមួយបន្ទះឈីប A20 Pro, កាមេរ៉ា Aperture ប្រែប្រួលបាន និងថាមពលថ្មកាន់តែខ្លាំង

10-09-2026 13:40

(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីបំផុតរបស់ខ្លួន គឺ iPhone 18 Pro និង iPhone 18 Pro Max ដែលត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាកម្រិតខ្ពស់ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដ៏ឆ្លាតវៃ និងការកែលម្អសមត្ថភាពខាងក្នុងយ៉ាងសន្ធឹកសន្ធាប់។ ការបង្ហាញខ្លួននៅពេលនេះ ផ្តោតសំខាន់ទៅលើការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់កាន់តែមានឥទ្ធិពលសម្រាប់អ្នកប្រើប្រាស់កម្រិតខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ខាងក្រោមនេះគឺជាចំណុចលេចធ្លោសំខាន់ៗនៃស្មាតហ្វូនទាំងពីរម៉ូដែលនេះ៖

១. ការរចនា និងជម្រើសពណ៌ថ្មី

iPhone 18 Pro និង Pro Max នៅតែរក្សាទំហំអេក្រង់ ៦.៣អ៊ីញ និង ៦.៩អ៊ីញ ប្រភេទ LTPO Super Retina XDR OLED ដែលមានកម្រិតពន្លឺ និងល្បឿន Refresh rate ដូចម៉ូដែលមុនដដែល ប៉ុន្តែត្រូវបានកាត់បន្ថយទំហំ Dynamic Island ឱ្យតូចជាងមុន ដើម្បីអាចដាក់បង្ហាញសកម្មភាពផ្ទាល់ (Live activities) រហូតដល់ទៅបីក្នុងពេលតែមួយ។ ចំណែកឯផ្នែកខាងក្រៅ ក្រុមហ៊ុនបានបន្ថែមជម្រើសពណ៌ថ្មីចំនួនបី រួមមានពណ៌តំណាងថ្មីគឺ Burgundy (ពណ៌ស្វាយលាយក្រហមក្រម៉ៅ) អមដោយពណ៌ Glacier (ខៀវ), ពណ៌ខ្មៅ និងពណ៌ប្រាក់ (Silver)។

២. បន្ទះឈីប Apple A20 Pro និងប្រព័ន្ធត្រជាក់ថ្មី

ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានបំពាក់ដោយបន្ទះឈីប Apple A20 Pro ដែលផលិតលើបច្ចេកវិទ្យាទំហំ ២ណាណូម៉ែត្រ (2nm) ជាមួយចំនួន CPU 6-core (រួមមានស្នូលកម្រិតកុំព្យូទ័រលើតុ ឬ desktop-class ចំនួន ២) និង GPU 7-core ដែលផ្តល់ល្បឿនក្រាហ្វិកលឿនជាងមុនដល់ទៅ ៤០% បើធៀបនឹង A19 Pro ព្រមទាំងមានកម្រិតបញ្ជូនអង្គចងចាំ (Memory bandwidth) កើនឡើង ៥០%។

ដើម្បីទប់ទល់នឹងកម្ដៅ Apple បានបំពាក់នូវប្រព័ន្ធបន្ទប់ចំហាយទឹក (Vapor chamber) ជំនាន់ថ្មី ដែលមានផ្ទៃធំជាងមុនដល់ទៅ ៣ដង ធៀបនឹង iPhone 17 Pro រួមផ្សំជាមួយនឹងការវេចខ្ចប់ ស៊ីលីកុនបែបថ្មី ដើម្បីជួយបញ្ចេញកម្ដៅបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។

៣. កាមេរ៉ាគោល Variable Aperture និងថាមពលថ្មដ៏ខ្លាំងក្លា

នៅលើផ្នែកកាមេរ៉ា ម៉ូដែល Pro ទាំងពីរនៅតែបំពាក់លេន 48MP (មេហ្គាភិចស៊ែល) ចំនួនបី ប៉ុន្តែកាមេរ៉ាគោលឥឡូវនេះមានមុខងារប្តូររន្ធកញ្ចក់ aperture បាន (Variable aperture) ដែលអាចគ្រប់គ្រងដោយដៃរហូតដល់ f/4.0 និងល្បឿន Shutter speed អាចលៃតម្រូវបាន ជួយឱ្យទទួលបានពន្លឺកាន់តែច្រើនជាងមុន ៥០% ក្នុងទីងងឹត ព្រមទាំងបង្កើតវីដេអូបែបស៊ីនេម៉ាទិច (Cinematic)។

ចំពោះថាមពលថ្ម Apple មិនបានបញ្ជាក់ជាតួលេខប៉ុន្មានអំពែម៉ោង «milliamp hours (mAh)» ទេ ប៉ុន្តែបានប្រកាសថា iPhone 18 Pro Max (ប្រើប្រាស់ eSIM-only) ផ្តល់ «ថាមពលថ្មយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ iPhone» ដោយអាចចាក់វីដេអូរយៈពេលរហូតដល់ ៤៥ម៉ោង ខណៈដែល iPhone 18 Pro អាចចាក់បានដល់ ៣៦ម៉ោង។ វាក៏គាំទ្រការសាកថ្មលឿនដោយចំណាយពេលត្រឹម ១៥នាទី អាចសាកបានដល់ ៥០% ផងដែរ។

៤. កម្មវិធី និងតម្លៃដាក់លក់

ទូរសព្ទទាំងពីរដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 27 រួមជាមួយមុខងារ Siri AI និង Apple Intelligence ថ្មី ដែលគាំទ្រការធ្វើការងារជាមួយកម្មវិធីភាគីទីបីជាច្រើន។

ស្មាតហ្វូនទាំងពីរម៉ូដែលនេះផ្តល់នូវជម្រើសទំហំផ្ទុកទិន្នន័យ (Storage) ចាប់ពី 256GB, 512GB, 1TB រហូតដល់ទំហំធំបំផុតថ្មីគឺ 2TB៖

- iPhone 18 Pro (ទំហំ 256GB) មានតម្លៃចាប់ពី ១,១៩៩ដុល្លារ។
- iPhone 18 Pro Max មានតម្លៃចាប់ពី ១,២៩៩ដុល្លារ។
- ការបញ្ជាទិញជាមុន (Pre-orders) នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា និងដាក់លក់ផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ៕