* CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !
* NOCC រំពឹងកីឡាសក្ដានុពលមួយចំនួន មានលទ្ធភាពដណ្ដើមមេដាយ ក្រោយកំណត់ ១៤ប្រភេទកីឡា ទៅប្រកួតកីឡាអាស៊ី នៅជប៉ុន
* Anthropic បង្ក្រាបយុទ្ធនាការលួចប្រើប្រាស់ AI របស់រុស្ស៊ី និងចិន ដែលតម្រង់ទិសដៅលើម៉ូឌែល Claude
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក

បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅកម្ពុជា វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកធំៗចំនួនពីរ !

11-09-2026 09:40

(ភ្នំពេញ)​៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ​ បានប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះមានប្រាក់រង្វាន់សរុបរួមគ្នារហូតដល់ ១.៤៥ លានដុល្លារអាមេរិក។

ពិធីសន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, លោក Mark Aspland នាយកប្រតិបត្តិការ (COO) នៃស្ថាប័ន Legends Tour ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ការប្រកួតទាំងពីរសប្តាហ៍ត្រូវបានបែងចែកជាពីរដំណាក់កាលធំៗ៖

* សប្តាហ៍ទី១ ចាប់ពីថ្ងៃទី២៣–២៩ វិច្ឆិកា ២០២៦​ -Vattanac Legends Championship ៖ ការប្រកួតប្រជែងរវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០ រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ ដុល្លារអាមេរិក។ កីឡាករល្បីៗដែលរំពឹងថានឹងចូលរួមរួមមាន ម្ចាស់ជើងឯក Major Champion កីឡាករ Michael Campbell, អតីតកីឡាករលេខ ១ ពិភពលោក Lee Westwood, David Drysdale (ម្ចាស់ជើងឯកឆ្នាំ២០២៥) និង Darren Fichardt (ម្ចាស់ជើងឯក Legacy Edition ឆ្នាំ២០២៥)។

* សប្តាហ៍ទី២ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា – ០៦ ធ្នូ ២០២៦– Vattanac Tour Championship៖ ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០ រូបដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត ដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា វឌ្ឍនៈ សំអាង បានគូសបញ្ជាក់ថា «ការដែលស្ថាប័ន Legends Tour សម្រេចចិត្តរៀបចំការប្រកួតកម្រិតពិភពលោក ២ សប្តាហ៍ជាប់គ្នានៅក្នុងរីហ៊្សតតែមួយ និងក្នុងប្រទេសតែមួយ គឺជាករណីកម្របំផុត ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំមកលើប្រទេសកម្ពុជា និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត»

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានតម្លៃលើសពីការប្រកួតកីឡាហ្គោល គឺដើម្បីផ្សព្វផ្សាយវប្បធម៌ បេតិកភណ្ឌ បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍-វិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោក ក្រោមចក្ខុវិស័យស្នូល គឺ«នាំយកអ្វីដែលល្អបំផុតមកកាន់ប្រទេសកម្ពុជា បង្កើតអ្វីដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងបង្ហាញអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»។

ក្នុងពិធីនោះដែរ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏សំខាន់ចំនួនពីរគឺ៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងស្ថាប័ន Legends Tour ក្រោមយុទ្ធនាការ «2026 Road to Cambodia» ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។

រួមនឹង​ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ក្នុងកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍កីឡា។

ក្រៅពីការប្រកួតផ្លូវការ កម្មវិធីក៏រួមបញ្ចូលនូវការប្រកួត Pro-Am ផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកបានប្រកួត ជាមួយ កំពូលកីឡាករពិភពលោក, ដំណើរទស្សនកិច្ចប្រាសាទបុរាណ និងការប្រកួត Pro-Am នៅទីលានវាយកូនហ្គោល Angkor Golf Resort ខេត្តសៀមរាប, ព្រមទាំងការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ប្លែកភ្នែក «Tonle Sap Challenge» នៅមាត់ទន្លេចតុមុខ ដែលរួមបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ និងការកម្សាន្ត។

ព្រឹត្តិការណ៍ទាំងពីរនេះ នឹងបើកទ្វារស្វាគមន៍សាធារណជន និងអ្នកគាំទ្រកីឡាជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ដើម្បីចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះស្វាគមន៍ពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា​។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ វឌ្ឍនៈ ហ្គោល រីហ្សត (Vattanac Golf Resort) ទូរស័ព្ទ៖ +855 81 634 006 / +855 96 953 5499៕