Microsoft គ្រោងបង្កើនសមត្ថភាព Data Center ដល់ ៣៨ ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣២ ដើម្បីឆ្លើយតបនឹងតម្រូវការ AI
11-09-2026 11:22
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការពង្រីកបណ្តាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) នៅទូទាំងពិភពលោក ដោយមានគោលដៅបង្កើនសមត្ថភាពថាមពលកុំព្យូទ័ររហូតដល់ ៣៨ ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣២។ តួលេខនេះបង្ហាញពីការកើនឡើងជាង ៣ ដង បើប្រៀបធៀបទៅនឹងសមត្ថភាពបច្ចុប្បន្នដែលមានប្រមាណ ១២ ជីហ្គាវ៉ាត់។
ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយវិបត្តិខ្វះខាតស៊ើវើ និងកាត់បន្ថយសម្ពាធលើសមត្ថភាពដំណើរការ ដែលកន្លងមកបានរឹតត្បិតសមត្ថភាពរបស់ Microsoft ក្នុងការទទួលយកអាជីវកម្ម AI និង Cloud ថ្មីៗ។ ផែនការផ្លូវការនេះរួមបញ្ចូលទាំង Data Center ដែលជាកម្មសិទ្ធិផ្ទាល់របស់ Microsoft និងទីតាំងជួលបន្ថែម ប៉ុន្តែមិនរាប់បញ្ចូលសមត្ថភាពដែលជួលពីក្រុមហ៊ុន Neocloud (ដូចជា CoreWeave) នោះឡើយ។
នៅក្នុងឆ្នាំសារពើពន្ធចុងក្រោយនេះ Microsoft បានចំណាយថវិកាវិនិយោគ (Capital Expenditures) រហូតដល់ ១៤៥ ពាន់លានដុល្លារ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការផ្នែក AI និងសេវាកម្ម Cloud៕






