សាលាអារីហ្សូនសាខាកំពង់ធំ ដង្ហែក្បួនអបអរសាទរសិស្សនិទ្ទេស A ពីររូប ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២៦
11-09-2026 15:52
(កំពង់ធំ)៖ លោកស្រី លឹម គន្ធា នាយិកាសាលាអារីហ្សូន (Arizon School) សាខាខេត្តកំពង់ធំ បានដឹកនាំរៀបចំក្បួនដង្ហែយ៉ាងអធិកអធម ដើម្បីអបអរសាទរសិស្សានុសិស្សពីររូប ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានគោលបំណងលើកទឹកចិត្ត ផ្ដល់កិត្តិយស និងជាគំរូដ៏ល្អដល់សិស្សានុសិស្សដទៃទៀត ឲ្យខិតខំប្រឹងប្រែងសិក្សាបន្ថែម។
លោកស្រីនាយិកាបានបញ្ជាក់ថា ក្បួនដង្ហែនេះបានធ្វើឡើងតាមដងផ្លូវសំខាន់ៗក្នុងក្រុងស្ទឹងសែន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សជ័យលាភី និងមាតាបិតា។ ក្បួននេះត្រូវបានតុបតែងយ៉ាងស្រស់ស្អាត អមដោយបដាអបអរសាទរ និងការប្រគុំតន្ត្រីយ៉ាងរីករាយ។
លោកស្រី លឹម គន្ធា ក៏បានអំពាវនាវដល់មាតាបិតាទាំងអស់ ឲ្យបន្តជំរុញ និងទំនុកបម្រុងកូនៗឲ្យបានសិក្សារៀនសូត្រខ្ពស់ ព្រោះការវិនិយោគលើធនធានមនុស្ស គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែង។
យុវសិស្ស ស្រី គឹមយូ និងយុវសិស្ស នី សុភ័ក្រ ដែលជាម្ចាស់ជ័យលាភីនិទ្ទេស A បានបង្ហាញក្ដីសប្បាយរីករាយ និងបានចែករំលែកពីកត្តាសំខាន់ៗដែលនាំឲ្យពួកគេទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះ រួមមាន៖ ការខិតខំប្រឹងប្រែងស្វ័យសិក្សាបន្ថែមនៅផ្ទះ ការរំលឹកមេរៀនទៀងទាត់ ការដោះស្រាយលំហាត់ និងវិញ្ញាសាគំរូឲ្យបានច្រើន ការយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់លោកគ្រូ-អ្នកគ្រូ និងការហ៊ានសួរបញ្ជាក់នូវចំណុចមិនយល់។ លើសពីនេះ ការគាំទ្រពីគ្រួសារ និងលោកគ្រូ-អ្នកគ្រូ ក៏ដូចជាការថែរក្សាសុខភាព និងស្មារតីឲ្យបានល្អ ក៏ជាចំណែកដ៏សំខាន់ផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមបេក្ខជនសរុប ៣៥នាក់ (ស្រី ១៣នាក់) របស់សាលាអារីហ្សូនសាខាខេត្តកំពង់ធំ ក្នុងសម័យប្រឡងនេះ មានសិស្សទទួលបាននិទ្ទេស A ចំនួន ២នាក់, និទ្ទេស B ចំនួន ៧នាក់ (ស្រី ៦នាក់), និទ្ទេស C ចំនួន ១០នាក់ (ស្រី ៤នាក់), និទ្ទេស D ចំនួន ១០នាក់ (ស្រី ២នាក់) និងនិទ្ទេស E ចំនួន ៤នាក់ (ស្រី ១នាក់)។ លទ្ធផលនេះបង្ហាញពីគុណភាពអប់រំ និងការខិតខំប្រឹងប្រែងរួមគ្នារវាងសិស្ស លោកគ្រូ-អ្នកគ្រូ និងមាតាបិតា៕

























