* CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !
* NOCC រំពឹងកីឡាសក្ដានុពលមួយចំនួន មានលទ្ធភាពដណ្ដើមមេដាយ ក្រោយកំណត់ ១៤ប្រភេទកីឡា ទៅប្រកួតកីឡាអាស៊ី នៅជប៉ុន
* Anthropic បង្ក្រាបយុទ្ធនាការលួចប្រើប្រាស់ AI របស់រុស្ស៊ី និងចិន ដែលតម្រង់ទិសដៅលើម៉ូឌែល Claude
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក

វៀតណាម និងបារាំង ប្ដេជ្ញាបន្ដជំរុញការផ្សព្វផ្សាយ «គុនខ្មែរ» លើឆាកអន្តរជាតិ

11-09-2026 16:07

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១១ ខែកញ្ញានេះ បានអនុញ្ញាតឲ្យប្រតិភូសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ដឹកនាំដោយលោក Ho Than Liem ជាប្រធានចូលជួបសម្ដែងការគួរសម មុនបន្ដទទួលជួបប្រតិភូគុនខ្មែរប្រចាំប្រទេសបារាំង ដឹកនាំដោយលោកស្រី Mme Cendy និងលោក Eric នៅថ្ងៃជាមួយគ្នាផងដែរ។

តាមការបញ្ជាក់របស់លោកបណ្ឌិត មៀម រ៉ា ស្ថាបនិក និងជាប្រធានកិតិ្តយសមួយជីវិតនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានឲ្យដឹងថា ក្នុងជំនួបនោះលោក Ho Than Liem បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និង NOCC ដែលបានបញ្ជូនអត្តពលិកគុនខ្មែរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «កីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ី» នៅខេត្ត Can Tho ប្រទេសវៀតណាមនាពេលថ្មីៗនេះ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឆ្លៀតឱកាសនោះដែរ ភាគីវៀតណាមបានស្នើសុំផ្លូវការនូវការជួយជ្រោមជ្រែងពីកម្ពុជា ដោយសុំឱ្យបញ្ជូនគ្រូបង្វឹកគុនខ្មែរជើងចាស់ និងមានសមត្ថភាពឆ្នើមៗ ទៅជួយបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីវៀតណាម ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «គុនខ្មែរជើងឯកពិភពលោក» នៅខេត្ត Can Tho នាពេលខាងមុខ។ ភាគីវៀតណាមបានអះអាងពីជំហរយ៉ាងរឹងមាំក្នុងការគាំទ្រ និងរួមចំណែកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរជារៀងរហូត។

ជាការឆ្លើយតប ទេសរដ្ឋមន្ដ្រី ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ជើងឯកអាស៊ីបានយ៉ាងល្អប្រសើរ ជាពិសេសនៅលើទឹកដីខេត្ត Can Tho ដែលជាតំបន់មានប្រជាជនដើមកំណើតខ្មែររស់នៅច្រើន និងមានការគាំទ្រយ៉ាងផុសផុល។

ក្រៅពីប្រតិភូកីឡាមកពីវៀតណាម នៅថ្ងៃជាមួយគ្នានេះលោកបណ្ឌិត ថោង ខុន ក៏បានទទួលជួបប្រតិភូគុនខ្មែរប្រចាំប្រទេសបារាំង ដែលដឹកនាំដោយលោកស្រី Mme Cendy និងលោក Eric ហើយតំណាងប្រតិភូបារាំងបានលើកឡើងដោយមោទនភាពថា បច្ចុប្បន្នពាក្យថា «គុនខ្មែរ» (Kun Khmer) កំពុងតែទទួលបានការចាប់អារម្មណ៍ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្តាប្រទេសនានាទូទាំងទ្វីបអឺរ៉ុបផងដែរ៕