* ចំណេះដឹងទូទៅ៖ មេដឹកនាំនយោបាយ ១០រូប ដែលមានប្រាក់បៀវត្សខ្ពស់បំផុតក្នុងពិភពលោក គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦
* CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !

គុនខ្មែរ ចាប់ដៃជាមួយស្ថាប័ន K-1 ដើម្បីពង្រីក និងលើកកម្ពស់កិត្យានុភាពគុនខ្មែរលើឆាកអន្ដរជាតិ

12-09-2026 09:03

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាប់ដៃគូសហការជាមួយស្ថាប័នប្រដាល់ពិភពលោក K-1 របស់ប្រទេសជប៉ុន ដើម្បីពង្រីកវិសាលភាព លើកកម្ពស់កិត្យានុភាព និងនាំយកក្បាច់គុនបុរាណខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិបន្ថែមទៀត។

នេះបើតាមការលើកឡើងរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធ ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន K-1 Japan នៅទីស្នាក់ការកណ្ដាល K-1 នាទីក្រុងតូក្យូ ប្រទេសជប៉ុននាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។

លោកបន្ដថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណង ៥សំខាន់ៗ រួមមាន៖ ១. បង្កើតឱកាសឱ្យកីឡាករគុនខ្មែរចូលរួមប្រកួតក្នុងកម្មវិធី K-1 នៅប្រទេសជប៉ុន និងបណ្ដាប្រទេសនានា។ ២. ជំរុញឱ្យមានការប្រកួតតាមច្បាប់គុនខ្មែរ ក្នុងព្រឹត្តិការណ៍របស់ K-1។ ៣. ផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនកិច្ចសហការលើការបណ្ដុះបណ្ដាលកីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស។ ៤. ចូលរួមផ្សព្វផ្សាយគុនខ្មែរ សិល្បៈ វប្បធម៌ អរិយធម៌ខែ្មរ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និង ៥. សហការបង្កើតព្រឹត្តិការណ៍ K-1 នៅក្នុងប្រទេសកម្ពុជាចំនួន ១០កម្មវិធី ចាប់ផ្តើមពីចុងឆ្នាំ២០២៦ ដល់ចុងឆ្នាំ២០២៧។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដដែល បានសង្កត់ធ្ងន់ទៀតថា «អនុស្សរណៈនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់កិត្យានុភាពគុនខ្មែរឱ្យកាន់តែមានវត្តមានទូលំទូលាយលើឆាកអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កីឡាករគុនខ្មែរបង្ហាញសមត្ថភាពនៅលើសង្វៀនលំដាប់ពិភពលោក»។ ជាមួយគ្នា លោកក៏បានអរគុណថ្នាក់ដឹកនាំស្ថាប័ន K-1 Japan និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះក្លាយជាការពិតផងដែរ៕