អ្នកជំនួញគ្រីបតូល្បីឈ្មោះ បរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកចំនួន ៣៦លានផោន ឱ្យគណបក្ស Reform UK ដើម្បីត្រៀមខ្លួនដឹកនាំអង់គ្លេស
12-09-2026 10:30
(បរទេស)៖ លោក Ben Delo សហស្ថាបនិកក្រុមហ៊ុនជួញដូររូបិយប័ណ្ណគ្រីបតូ BitMEX ដែលធ្លាប់ទទួលបានការលើកលែងទោសពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបរិច្ចាគថវិកាមហាសាលចំនួន ៣៦លានផោន (ប្រមាណ ៤៨.៧លានដុល្លារ) ជូនដល់គណបក្ស Reform UK របស់អង់គ្លេស។ នេះគឺជាការបរិច្ចាគផ្នែកនយោបាយធំបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ថវិកានេះ នឹងត្រូវបែងចែកផ្តល់ជូន ១លានផោនក្នុងមួយខែ រហូតដល់ការបោះឆ្នោតជាតិលើកក្រោយ។ លោក Delo បានបញ្ជាក់ក្នុងអត្ថបទសារព័ត៌មាន The Telegraph ថា គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីបង្កើត «ការប្រកួតប្រជែងដោយយុត្តិធម៌» រវាងគណបក្ស Reform ជាមួយគណបក្សកាន់អំណាច Labour និងគណបក្សប្រឆាំង Conservatives។ លោកបានបន្ថែមថា គណបក្ស Reform គួរតែចំណាយពេលតិចជាងមុនលើការរៃអង្គាសប្រាក់ ហើយ «ចំណាយពេលច្រើនជាងមុន ក្នុងការត្រៀមខ្លួនសម្រាប់ដឹកនាំរដ្ឋាភិបាល»។
គួរជម្រាបថា ការបរិច្ចាគនេះ បានវ៉ាដាច់កំណត់ត្រាចាស់របស់អតីតពាណិជ្ជករ John Sainsbury ដែលធ្លាប់បរិច្ចាគ ១០លានផោនឱ្យគណបក្ស Conservatives។ ជាការឆ្លើយតប លោក Nigel Farage មេដឹកនាំគណបក្ស Reform UK បានសម្តែងការសាទរយ៉ាងខ្លាំង ដោយលើកឡើងថា៖ «ខ្ញុំមានកិត្តិយស និងមោទនភាពដែលលោក Ben Delo បានបង្ហាញនូវទំនុកចិត្តយ៉ាងខ្លាំងមកលើគណបក្ស Reform។ លោក Ben Delo ដឹងថា ពួកយើងគឺជាគណបក្សតែមួយគត់ ដែលអាចផ្លាស់ប្តូរទិសដៅប្រទេសជាតិ និងបញ្ច្រាសការធ្លាក់ចុះរបស់ប្រទេសអង់គ្លេសបាន»៕













