សាលាអន្តរជាតិ ជីងម៉ីហ័រ ប្រារព្ធពិធីបិទឆ្នាំសិក្សា ២០២៥-២០២៦ យ៉ាងអធិកអធម ដើម្បីអបអរសាទរដល់លទ្ធផលសិក្សារបស់សិស្ស
12-09-2026 18:59
(ភ្នំពេញ)៖ សាលាអន្តរជាតិ ជីងម៉ីហ័រ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបិទឆ្នាំសិក្សា ២០២៥-២០២៦ យ៉ាងអធិកអធម ដើម្បីអបអរសាទរដល់លទ្ធផលសិក្សារបស់សិស្សដែលសម្រេចបានយ៉ាងល្អប្រសើរ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនកុះករ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។
ថ្លែងក្នុងឱកាសនោះ លោក សាន់ រ៉ាម៉ូ អគ្គនាយកនៃសាលាអន្តរជាតិ ជីងម៉ីហ័រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការ និងការគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ក្នុងឆ្នាំសិក្សាកន្លងមក។
លោកបានមានប្រសាសន៍ថា ពិធីបិទឆ្នាំសិក្សានេះ មិនត្រឹមតែជាការថ្លែងអំណរគុណដល់អ្នកអាណាព្យាបាល និងលោកគ្រូុអ្នកគ្រូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យបន្តខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅរកឧត្តមភាពនាពេលអនាគត។
គណៈគ្រប់គ្រងសាលាបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា បុគ្គលិក លោកគ្រូ អ្នកគ្រូ នឹងបន្តខិតខំប្រឹងប្រែងផ្តល់នូវចំណេះដឹងពិតប្រាកដដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
បច្ចុប្បន្ន សាលាអន្តរជាតិ ជីងម៉ីហ័រ កំពុងដំណើរការបង្រៀនថ្នាក់ចំណេះទូទៅចំនួន ៣ ភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ ដោយប្រើប្រាស់កម្មវិធីសិក្សាស្របតាមក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីអន្តរជាតិ។
លោកស្រី ម៉ុង ដានី ដែលបានមកអបអរសាទរកូនក្នុងថ្ងៃបិទឆ្នាំសិក្សានេះ បានសម្តែងនូវក្តីសប្បាយរីករាយចំពោះភាពជោគជ័យរបស់កូនៗ និងបានកោតសរសើរចំពោះគុណភាពអប់រំរបស់សាលាជីងម៉ីហ័រ ដែលមានគ្រូជនជាតិដើមបង្រៀនភាសាចិន និងអង់គ្លេស ព្រមទាំងតម្លៃសិក្សាសមរម្យ និងទីតាំងនៅជិតផ្ទះ។
សាលាអន្តរជាតិ ជីងម៉ីហ័រ បានប្តេជ្ញាចិត្តបន្តពង្រឹងគុណភាពអប់រំ និងផ្តល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព និងប្រសិទ្ធភាព ដើម្បីធានាថា សិស្សានុសិស្សទាំងអស់ទទួលបានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អនាគតដ៏ត្រចះត្រចង់របស់ពួកគេ និងរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ៕
















