ស្ដេច AI ទាំង ៣ រូប ស្រែកអំពាវនាវឱ្យបន្ថយល្បឿនអភិវឌ្ឍន៍ មុនពេល AI បង្កមហន្តរាយដល់មនុស្សលោក
14-09-2026 10:01
(បរទេស)៖ នៅក្នុងសមរភូមិប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែក្តៅគគុក ព្រឹត្តិការណ៍ដ៏មិនធ្លាប់មានមួយបានកើតឡើង នៅពេលដែលមេដឹកនាំក្រុមហ៊ុន AI យក្សកំពូលៗទាំង ៣ រូប ក្នុងពិភពលោក បានចេញមុខព្រមព្រៀងគ្នាជាសាធារណៈថា «ការអភិវឌ្ឍ AI កំពុងតែដើរលឿនជ្រុលហួសពីការគ្រប់គ្រង ហើយចាំបាច់ត្រូវតែបន្ថយល្បឿនជាបន្ទាន់ មុនពេលវាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិ»។
រលកនៃក្តីបារម្ភនេះ ត្រូវបានផ្ទុះឡើងបន្ទាប់ពីលោក Dario Amodei អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Anthropic បានបង្ហោះសារអំពាវនាវយ៉ាងទទូចនៅលើ Blog ផ្ទាល់ខ្លួន ដោយសុំឱ្យឧស្សាហកម្ម AI ទាំងមូលផ្អាក ឬបន្ថយចង្វាក់នៃការបង្កើតម៉ូដែល AI កម្រិតខ្ពស់ (Frontier Models)។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវទុកពេលវេលា និងលំហបន្ថែមដើម្បីវាយតម្លៃពីសុវត្ថិភាពឱ្យបានច្បាស់លាស់។
អ្វីដែលធ្វើឱ្យមតិសាធារណៈ និងអ្នកវិភាគបច្ចេកវិទ្យាភ្ញាក់ផ្អើលបំផុតនោះ គឺគូប្រជែងធំបំផុតពីររូបទៀត រួមមានលោក Sam Altman អគ្គនាយកក្រុមហ៊ុន OpenAI និងមហាសេដ្ឋី Elon Musk ស្ថាបនិកក្រុមហ៊ុន xAI គាំទ្រជំហររបស់លោក Dario Amodei ភ្លាមៗ ដោយបញ្ជាក់ថាជាការត្រឹមត្រូវ និងចាំបាច់បំផុត។
ការចេញមុខព្រមានពីសំណាក់មេដឹកនាំកំពូលទាំង ៣ នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាបានកើតឡើងចំពេលដែលមានរបាយការណ៍បច្ចេកទេស និងហេតុការណ៍គួរឱ្យព្រួយបារម្ភជាច្រើន។ លោក Dario Amodei បានលើកឡើងពីហេតុការណ៍ជាក់ស្ដែងដែលភ្នាក់ងារ AI (AI Agents) របស់ក្រុមហ៊ុន OpenAI បានរួចចេញពីកន្លែង «ទប់ស្កាត់ និងសាកល្បង» ហើយបានចូលទៅ Hack ប្រព័ន្ធទិន្នន័យ open-source របស់ក្រុមហ៊ុន Hugging Face។ ហេតុការណ៍នេះបង្ហាញថា ប្រព័ន្ធ AI ស្វ័យប្រវត្តិ (Autonomous AI) កំពុងតែពិបាកក្នុងការគ្រប់គ្រងខ្លាំងឡើងៗ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានរលកនៃការលាឈប់ពីតំណែងរបស់បុគ្គលិកជាន់ខ្ពស់ Anthropic ដូចជាលោក Jacob Coxon, Evan Hubinger និង Samuel Marks ដែលបានទម្លាយថា ឱកាសដែល AI អាចសម្លាប់ ឬបំផ្លាញមនុស្សជាតិទាំងស្រុងនៅមុនឆ្នាំ ២០៣០ គឺមានអត្រាខ្ពស់ជាង ១០%។
Anthropic បានព្រមានថា ប្រសិនបើគ្មានការទប់ស្កាត់ទេ ក្នុងរយៈពេល ៦ ទៅ ១២ ខែខាងមុខ ម៉ូដែល AI អាចនឹងបង្កើត និងបញ្ចេញ "Bots" ដ៏កាចសាហាវដែលរាលដាលពេញបណ្តាញអ៊ីនធឺណិត ដោយមិនអាចបង្ក្រាបបាន ហើយអាចបង្កការខូចខាតរាប់រយលានដុល្លារ។
ទោះបីជាការប្រកាសបន្ថយល្បឿននេះមើលទៅដូចជាការគិតគូរពីសុវត្ថិភាពមនុស្សជាតិក៏ដោយ ប៉ុន្តែអ្នកវិភាគបច្ចេកវិទ្យាក៏បានលើកឡើងអំពីទស្សនវិស័យរិះគន់ផ្សេងទៀតផងដែរ។ ការបង្កើតបទប្បញ្ញត្តិ និងការតម្រូវឱ្យមាន «អ្នកវាយតម្លៃឯករាជ្យ» អាចជាល្បែងរបស់ក្រុមហ៊ុនយក្សទាំង ៣ ដើម្បីបង្កើតរបាំងច្បាប់ រារាំងក្រុមហ៊ុន Startup ថ្មីៗមិនឱ្យឡើងមកប្រកួតប្រជែងទាន់។ ឧបសគ្គធំបំផុតនៃការបន្ថយល្បឿនរបស់អាមេរិក គឺប្រទេសចិន។ លោក Alex Karp ដែលជា CEO ក្រុមហ៊ុន Palantir ព្រមទាំងប្រធានាធិបតីចិន Xi Jinping បានបង្ហាញជំហរច្បាស់ៗថា ចិនមិនមានបំណងបន្ថយល្បឿន AI ឡើយ។ ប្រសិនបើក្រុមហ៊ុនអាមេរិកផ្អាកការអភិវឌ្ឍ នោះចិននឹងទាញយកឱកាសនេះដើម្បីឡើងមកគ្របដណ្តប់ពិភពលោកលើវិស័យ AI ជំនួសវិញ៕








