OpenAI នឹងមិនយកក្រុមហ៊ុនចូលផ្សារហ៊ុន (IPO) ក្នុងឆ្នាំ២០២៦ នេះទេ ដោយសារក្តីបារម្ភពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
14-09-2026 12:37
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យាយមួយនេះ នឹងមិនដាក់មូលបត្រលក់ជាសាធារណៈជាលើកដំបូង (IPO) ក្នុងឆ្នាំ២០២៦នេះឡើយ ដោយលើកយកបញ្ហាក្តីបារម្ភជុំវិញសុវត្ថិភាពនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាហេតុផលចម្បង។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីធុរកិច្ច Fortune លោក Sam Altman បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា «ខ្ញុំពិតជាគិតថា បើផ្អែកលើអ្វីៗគ្រប់យ៉ាងដែលកំពុងតែកើតមានទាក់ទងនឹងសុវត្ថិភាព ការយកក្រុមហ៊ុនចូលផ្សារហ៊ុននៅពេលនេះ គឺជាពេលវេលាមិនសសមរម្យទាល់តែសោះ ហើយពួកយើងក៏មិនមានសម្ពាធអ្វីលើរឿងនេះដែរ»។ ការសម្រេចចិត្តពន្យារពេលនេះ កើតឡើងចំពេលមានការព្រមានយ៉ាងខ្លាំងក្លាពីសំណាក់អ្នកស្រាវជ្រាវ និងការកើនឡើងនូវក្តីបារម្ភថា បច្ចេកវិទ្យា AI កំពុងរីកចម្រើនលឿនហួសហេតុ ដែលអាចបង្កជាហានិភ័យដល់អាយុជីវិតមនុស្សជាតិ។ ថ្មីៗនេះ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Anthropic ដែលជាដៃគូប្រជែងរបស់ OpenAI ធ្លាប់បានលាលែងពីតំណែង ដោយព្រមានថាមានឱកាស ១០% ដែល AI អាចបំផ្លិចបំផ្លាញមនុស្សជាតិទាំងអស់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ។
ទោះបីជាកន្លងមក ពោលកាលពីខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន OpenAI បានដាក់ឯកសារស្នើសុំលក់ភាគហ៊ុនជាសាធារណៈ (IPO) យ៉ាងសម្ងាត់ជូនគណៈកម្មការមូលបត្រអាមេរិក (SEC) ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារភាគហ៊ុនក៏ដោយ ប៉ុន្តែលោក Altman បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៦ នេះ មិនមែនជាពេលត្រឹមត្រូវនោះទេ ដោយសារក្រុមហ៊ុននៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ជាពិសេសគឺការធានាផ្នែកសុវត្ថិភាព ការតម្រង់ទិសដាប់ (Alignment) និងការសហការគ្នារវាងឧស្សាហកម្មនេះជាមួយរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោក Sam Altman ក៏បានបង្ហាញការគាំទ្រផងដែរចំពោះសំណើរបស់លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthropic ដែលបានអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ AI ទាំងអស់បន្ថយល្បឿននៃការបង្កើនសមត្ថភាពម៉ូដែល AI បន្តិចសិន ដើម្បីទុកពេលគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យសុវត្ថិភាពឱ្យបានហ្មត់ចត់ពីសំណាក់ភាគីទីបីឯករាជ្យ។
ការសម្រេចចិត្តរបស់ OpenAI ក្នុងការផ្អាកគម្រោង IPO នេះ បានបង្ហាញឱ្យឃើញពីការផ្ដោតសំខាន់ទៅលើការគ្រប់គ្រងហានិភ័យ និងការទទួលខុសត្រូវខ្ពស់ ចំពោះមុខការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន៕










