* Barack Obama ជំរុញឱ្យគណបក្សប្រជាធិបតេយ្យរៀបចំផែនការច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
* ចំណេះដឹងទូទៅ៖ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា ប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន
* Tesla បោះជំហានចូលទីផ្សារវៀតណាមជាផ្លូវការ តាមរយៈការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ
* Amazon សម្រេចចិត្តផ្អាកកិច្ចប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ 21 Air បណ្ដោះអាសន្ន ក្រោយហេតុការណ៍ធ្លាក់យន្តហោះសម្លាប់មនុស្ស ៥នាក់
* យល់ដឹងផ្នែកច្បាប់៖ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស

ក្រុមហ៊ុន PPM-Confirel ប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើត PPM និងខួប២៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុនកសិ-ចំណីអាហារ Confirel (Video inside)

14-09-2026 15:28

(ភ្នំពេញ)៖ ក្រុមហ៊ុន PPM-Confirel បានប្រារព្ធពិធីខួបរួមគ្នា នៅទីស្នាក់ការកណ្ដាលរបស់ខ្លួន ស្ថិតក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ គឺជាខួប៣០ឆ្នាំ នៃការបង្កើតគ្រឹះស្ថានផលិត
ឱសថ PPM និងខួប២៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុនកសិ-ចំណីអាហារ Confirel ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ និងឆ្នាំ២០០១ ដោយលោកឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនបងប្អូនទាំងពីរ ដែលធ្វើឱ្យពិធីនេះ មានលក្ខណៈយ៉ាងអធិកអធមបំផុត ជាមួយនឹងវត្តមានរបស់គណៈប្រតិភូដ៏ច្រើន មកពីបណ្តាប្រទេសអាហ្រ្វិក និយាយភាសាបារាំង។ នេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ អំពីវត្តមានយូរអង្វែងនៃកិច្ចសហប្រតិបត្តការ របស់ប៉េប៉េអឹមលើឧបទ្វីបអាហ្រ្វិក។

ការប្រារព្ធខួប៣០ឆ្នាំ ប៉េប៉េអឹម និង២៥ឆ្នាំ ខនហ្វីរេល នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួម ពីបុគ្គលិក និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ, ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមទាំងគណៈប្រតិភូដែលជាអ្នកចែកចាយ និងដៃគូពាណិជ្ជកម្មរបស់ប៉េប៉េអឹម មកពីប្រទេសអាហ្វ្រិកនិយាយភាសាបារាំងចំនួនប្រាំមួយ រួមមាន៖ បេណាំង កូតឌីវ័រ ម៉ាលី ម៉ូរីតានី នីហ្សេ និងសេណេហ្គាល់ ដោយពួកគាត់អមដំណើរដោយលោកស្រី គូបា ឌីយ៉ាឡូ នាយិកាផ្នែកនាំចេញប្រចាំតំបន់អាហ្រ្វិករបស់ប៉េប៉េអឹម។

បច្ចុប្បន្ន PPM បាននាំចេញផលិតផលពាក់កណ្តាលនៃផលិតកម្មរបស់ខ្លួន ទៅកាន់ប្រទេសជាង១៥ ដែលមានតម្រូវការខ្ពស់ជាពិសេសប្រទេសសេណេហ្គាល់ និងម៉ាលី។ ចំណែកឯ Confirel វិញក៏កំពុងពង្រីកការចែកចាយផលិតផលសុខភាព និងសុខុមាលភាពរបស់ខ្លួនតាមរយៈការនាំចេញផលិត ខេម ប្រូបាយអូទិកទៅកាន់ទ្វីបអាហ្រ្វិកផងដែរ។

បេសកកម្មដូចគ្នា៖ ផ្តល់មកវិញនូវឯករាជ្យភាពចំណីអាហារ និងសុខាភាពនៅកម្ពុជា ក្រុមហ៊ុនបងប្អូន PPM និង Confirel ត្រូវបានបង្កើតឡើងមុនក្រោយគ្នា ត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះ តែក្រុមហ៊ុនទាំងពីរ បានសហការគ្នាជាធ្លុងមួយ តាំងពីការចាប់ផ្តើមដំបូងជាមួយនឹងជំនឿយ៉ាងមុតមាំ «ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកលើសមត្ថភាព ផលិតដោយខ្លួនឯង ស្របតាមស្តង់ដារអន្តរជាតិ ដែលប្រជាជនមានតម្រូវការចាំបាច់សម្រាប់ការព្យាបាល និងអាហារគ្រប់គ្រាន់»។

មុននឹង PPM ត្រូវបានបង្កើតឡើង ប្រទេសកម្ពុជានាពេលនោះ កំពុងស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយបន្ទាប់ពីចេញពីរបបខ្មែរក្រហម។ នាពេលនោះ គ្មានឧស្សាហកម្មឱសថណាមួយ បាននៅសេសសល់ឡើយ ហើយប្រទេសទាំងមូលត្រូវពឹងផ្អែកទាំងស្រុងទៅលើឱសថនាំចូលពីបរទេស ដែលភាគច្រើនមានតម្លៃថ្លៃ ឬប្រឈមនឹងផលិតផលក្លែងក្លាយទៀតផង។ ហេតុដូច្នេះហើយ ក្នុងបេសកកម្មរបស់ PPM បានបង្ហាញឲ្យឃើញថា ខ្លួនអាចធ្វើបាន ហើយផលិតចេញនូវផលិតឱសថប្រកបដោយគុណភាព តម្លៃសមរម្យនៅក្នុងស្រុក ស្របតាមស្តង់ដារ GMP ដើម្បីរួមចំណែកដោយផ្ទាល់ដល់ឯករាជ្យភាពផ្នែកឱសថនៅកម្ពុជា។

ដោយឡែក ក្រុមហ៊ុន Confirel ក៏បានឆ្លើយតបទៅនឹងតម្រូវការដូចគ្នានេះផង ដោយផ្តោតលើវិស័យកែច្នៃ ចំណីអាហារ៖ យើងបានរៀបចំខ្សែសង្វាក់ផលិតកម្មស្ករត្នោត និងម្រេចកំពត ដោយធានាដល់ផលិតករ ក្នុងទីជនបទទទួលបាននូវតម្លៃសមរម្យ ផ្តល់ការគាំទ្របច្ចេកទេស ព្រមទាំងបញ្ចូល ប្រាក់ចំណេញ ៥% របស់ខ្លួនទៅសកម្មភាពសង្គមទៀតផង។
ក្រុមហ៊ុនខនហ្វីរេល បានរួមចំណែកកាត់បន្ថយភាពពឹងផ្អែកលើការនាំចូលផលិតផលចំណីអាហាររបស់ប្រទេស និងផ្តល់តម្លៃបន្ថែមដល់ធនធានផលិតផលក្នុងស្រុក ហើយកិច្ចប្រឹងប្រែងនេះទទួលបានការគាំទ្រ ពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ថាជាគំរូនៃការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងថា «យើងចាប់ផ្តើមដោយមិនដឹងច្បាស់ថាត្រូវធ្វើដូចម្តេច ហើយក៏មិនដឹងថា លទ្ធផលនៅខាងមុខនឹងទៅជាយ៉ាងណាដែរ។ លោកតែងតែ រំលឹកអំពីដើមកំណើតរបស់ PPM ថាជាផ្លូវមួយដ៏វែង តែបន្ទាប់ពីសាមសិបឆ្នាំមកវា បានធ្វើឲ្យក្រុមហ៊ុន-សហគ្រាសទាំងពីរនេះ ក្លាយជាតួអង្គដ៏ល្បីល្បាញ ក្នុងវិស័យសុខាភិបាល និងកសិកម្ម-ចំណីអាហារទាំងនៅកម្ពុជា និងនៅបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង»

សូមជម្រាបថា ក្រុមហ៊ុនទាំងពីរ ត្រូវបានបង្កើតឡើងដោយលោកឱសថបណ្ឌិត ហៃ លីអ៊ាង ដែលរោងចក្រផលិតឱសថ PPM- (Pharma Product Manufacturing) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងទទួលបានវិញ្ញាបនបត្រ GMP។ រីឯកក្រុមហ៊ុន Confirel ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ជាក្រុមហ៊ុនកែច្នៃកសិ-អាហារ ហើយក៏ជាអ្នក ត្រួសត្រាយផ្លូវ លើការលើកកម្ពស់ស្កររត្នោត និងម្រេចកំពត ដែលជាផលិតផលកម្ពុជាដំបូងគេទទួលបានវិញ្ញាបនបត្រសរីរាង្គអន្តរជាតិចំនួនបីពី (សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន)។

PPM បាននាំចេញផលិតផលឱសថ ជាពាក់កណ្តាលនៃផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសចំនួន១៥ នៅអាហ្រ្វិកនិយាយភាសាបារាំង និងអាស៊ីអាគ្នេយ៍មួយចំនួនផងដែរ។ រីឯក្រុមហ៊ុន Confirel ក៏រួមចំណែកក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាង២០ នៅទ្វីបចំនួន៤ នៅជុំវិញពិភពលោក៕