Leeds ឡើងឈរលេខ៣ ក្នុងតារាងពិន្ទុ តាមពីក្រោយ Man City និង Arsenal ក្រោយបំបាក់ Newcastle ៤-១
15-09-2026 09:38
(បរទេស)៖ ក្រុម Leeds United បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុលីគ Premier League 2026-27 ជាបណ្តោះអាសន្នវិញ តាមពីក្រោយ Manchester City និងម្ចាស់ការពារតំណែងជើងឯក Arsenal ប៉ុណ្ណោះ ក្រោយយកឈ្នះភ្ញៀវ Newcastle United ៤ទល់នឹង១ យប់មិញ។
Leeds ដែលកំពុងដឹកនាំដោយគ្រូបង្វឹក Daniel Farke បានស្ថិតក្នុងចំណោម ៧ក្រុមដែលឆ្លងកាត់ ៤ប្រកួតមិនទាន់ចាញ់ ដោយរកបាន ៨ពិន្ទុតាមពីក្រោយក្រុមលេខ២ Man City និងក្រុមកំពូលតារាងកាំភ្លើងធំ Arsenal ដែលមាន ១២ពិន្ទុស្មើគ្នា។
វាជាការធ្វើបានយ៉ាងល្អក្នុងកីឡដ្ឋាន Elland Road នៅពេលពើបប្រទះក្រុមគីឡូធ្ងន់សារិកាព្រៃ Newcastle តាមរយៈរកបានគ្រាប់បាល់បើកឆាកត្រឹមចាប់ផ្តើមលេងបានតែ ១៤នាទីប៉ុណ្ណោះ ពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Lewis Miley និងគ្រាប់បាល់បន្តបន្ទាប់ដោយកីឡាករ Jayden Bogle, Calvert-Lewin និង Okafor មុនពេល Toure ធ្វើបានតែ ១គ្រាប់នៅនាទី៩០ សម្រាប់ Newcastle។
ក្រោយពេលសង្រ្គោះបានកៅអី ដើម្បីបន្តឈរជើងនៅលីគកំពូលអង់គ្លេសរដូវកាលនេះ តាមរយៈបញ្ចប់ក្នុងតំណែងលេខ១៤ រដូវកាលមុន នេះវាអាចជាការចាប់ផ្តើមដ៏ល្អនៅដើមរដូវកាល ដូចអ្វីដែលអ្នកគាំទ្រពួកគេស្រមៃ។
ចំណែកឯគូប្រជែង Newcastle ហាក់កំពុងរងទុក្ខធំ ក្រោយការចាកចេញរបស់លោក Eddie Howe និងកីឡាករសំខាន់ៗមានដូចជា Anthony Gordon, Sandro Tonali និង Bruno Guimaraes ជាដើម និងជំនួសមកវិញដោយគ្រូបង្វឹក Matthias Jaissle ដែលសារិកាព្រៃមួយនេះហាក់ជួបភាពត្រដាបត្រដួស ដោយទើបលេងឈ្នះ ១លើកប៉ុណ្ណោះ និងឈរនៅលេខ១២៕



