CamEd ប្រគល់សញ្ញាបត្រជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា, ច្បាប់ពន្ធដារកម្ពុជា, ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដល់និស្សិតជ័យលាភី
15-09-2026 10:08
(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានរៀបចំពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃកម្មវិធីសិក្សាសញ្ញាបត្រ ជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការ អញ្ជើញ ចូលរួមពីសំណាក់ លោកនាយក សាស្ត្រាចារ្យ គណៈគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដ និងនិស្សិត ជ័យលាភីប្រមាណ ១៦៥ នាក់។
ក្នុងឱកាសបើកកម្មវិធី លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានថ្លែងសុន្ទរកថាអបអរសាទរ និងបង្ហាញមោទនភាពចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូត ទទួលបាន លទ្ធផលជោគជ័យក្នុងការប្រឡង។ លោកបានបញ្ជាក់ថា សមិទ្ធផលរបស់និស្សិតបានឆ្លុះបញ្ចាំងពី សមត្ថភាព និងជំនាញដែលមានគុណភាពខ្ពស់ លើវិស័យពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និង ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលជាមូលដ្ឋាន សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកនាយកវិទ្យាស្ថានខេមអេដ បានបន្ថែមថា ភាពជោគជ័យនេះ ក៏ជាការចូលរួម គាំទ្រដល់បេសកកម្មរបស់ឯកឧត្តម ប៊ូ ថារិន ក្នុងការលើកកម្ពស់តម្លាភាពនៃការរាយការណ៍ របាយការណ៍ហិរញ្ញវត្ថុ ដែលជាចំណុចសំខាន់សម្រាប់ការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងអន្តរជាតិ។ លោកពិតជាមានមោទនភាពជាខ្លាំង ដែលការប្រឡងលើកនេះ ទទួលបានអត្រាកំណើនជាប់ខ្ពស់ ដែលក្នុងនោះមាន កម្មវិធីច្បាប់ពន្ធដារកម្ពុជា មានអត្រាជាប់ខ្ពស់ជាងគេ ៧៧% ខណៈសញ្ញាបត្រជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា មានអត្រាជាប់ ៦៦% ច្បាប់ពាណិជ្ជកម្មកម្ពុជា មានអត្រាជាប់ ៤៧% និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ មានអត្រាជាប់ ៤៨%។
លោកក៏បានសម្តែងក្តីសង្ឃឹមថា និស្សិតដែលទើបបានចូលរួមប្រឡង ACCA ក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានជោគជ័យក្នុងការប្រឡង។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការសិក្សា អភិវឌ្ឍ ចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។
លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់វិទ្យាស្ថានខេមអេដ ក្នុងការពង្រឹងកម្មវិធីសិក្សា គុណភាពសាស្ត្រាចារ្យ និងការអភិវឌ្ឍធនធាន មនុស្ស ក្នុងវិស័យគណនេយ្យ និងសវនកម្ម។ លោកបានលើកឡើងថាកិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ស្របតាម យុទ្ធសាស្ត្រអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម ឆ្នាំ២០២៥-២០៣៥។ លោកក៏បានសម្តែង ក្តីសង្ឃឹមថា តាមរយៈកិច្ចសហការរវាង CamEd និងអគ្គនាយកដ្ឋានពន្ធដារ (GDT) វិស័យនេះនឹង បន្តរីកចម្រើនក្នុងរយៈពេល ១០ឆ្នាំខាងមុខ ហើយបានសម្តែងក្តីរីករាយ ចំពោះការកើនឡើងនៃអត្រា ប្រឡងជាប់ក្នុងសម័យប្រឡងនាខែមិថុនានេះផងដែរ។
ជាមួយគ្នានេះ លោកបានលើកឡើង ពីឱកាសលើកលែងមុខវិជ្ជា CTAX និង CBL ក្នុងកម្មវិធី ACCA របស់ CamEd និងបានលើកទឹកចិត្តដល់និស្សិតឱ្យបន្តអភិវឌ្ឍចំណេះដឹង ជំនាញ និងប្រកាន់ ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕









